FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ១៦រូប ចាប់ផ្តើមចេញដំណើរទៅចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩ ឆ្នាំ២០២៦

15-01-2026 11:55

(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចំនួន១៦រូប តំណាងកម្ពុជា បានចេញដំណើរទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ហៅកាត់ថា SSEAYP លើកទី៤៩ ឆ្នាំ២០២៦ បន្ទាប់ពីឆ្លងកាត់កម្មវិធីបណ្តុះបណ្តាលមុនចេញដំណើរអស់រយៈពេល៩៥ថ្ងៃ។

កញ្ញា អ៊ឹម រចនា ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា អាណត្តិទី១០ សាទរចំពោះប្រតិភូយុវជនទាំង១៦រូប ដែលបានឆ្លងកាត់ការជ្រើសរើសប្រកបដោយតម្លាភាព សុក្រឹត្យភាព និងយុត្តិធម៌ រហូតទទួលបានសេចក្តីសម្រេចពីអគ្គនាយកដ្ឋានយុវជន ដឹកនាំដោយ លោកស្រី ស្រូយ សុជាតិ ជ្រើសរើសជា «យុវជនតំណាងកម្ពុជា» ចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩ ឆ្នាំ២០២៦។

ជាមួយគ្នានេះ កញ្ញា អ៊ឹម រចនា មានប្រសាសន៍បន្ថែមថា ក្នុងរយៈពេល៩៥ថ្ងៃ ពីថ្ងៃចាប់ផ្តើម ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ រហួតដល់ថ្ងៃបិទបញ្ចប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ គណៈកម្មការដឹកនាំវគ្គបណ្តុះបណ្តាល បានស្ម័គ្រចិត្តចំណាយអស់ហើយ ទាំងពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ហាត់ពត់ លត់ដំ និងដុះខាត់ប្អូនៗ ក្នុងគោលដៅធ្វើយ៉ាងណាឱ្យប្អូនៗប្រតិភូយុវជនមានចំណេះដឹង និងបទពិសោធន៍ ជាពិសេសជំនាញទន់ ដែលត្រូវការជាចាំបាច់សម្រាប់ប្រាស្រ័យទាក់ទង និងចូលរួមសកម្មភាពលើកប៉ាល់ និយាយដោយឡែក និងនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ និយាយជារួម។

ប្រធានសមាគមដដែល សូមថ្លែងអំណរគុណដល់គណៈកម្មការដឹកនាំវគ្គបណ្តុះបណ្តាលមុនចេញដំណើរ ដែលបានដឹកនាំ និងអនុវត្តការងាររបស់ខ្លួនប្រកបដោយឆន្ទៈមុះមុត និងការលះបង់ខ្ពស់បំផុត បើទោះជាការងារបណ្តុះបណ្តាលប្អូនៗនេះ ជាការងារស្ម័គ្រចិត្ត ពុំទទួលបានប្រាក់កម្រៃ និងនឿយហត់ខ្លាំងក៏ដោយ។

ទន្ទឹមគ្នានេះ កញ្ញា ក៏សូមថ្លែងអំណរគុណដល់ លោកស្រី ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជនកម្ពុជា ដែលបានចូលរួមនៅក្នុងដំណើរការជ្រើសរើសប្រតិភូយុវជនសម្រាប់កម្មវិធី SSEAYP លើកទី៤៩ តាំងពីដើមរហូតមក ហើយនិងអរគុណចំពោះអតីតប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាគ្រប់ជំនាន់ ដែលតែងតែផ្តល់ការគាំទ្រ ការស្វាគមន៍ និងការឆ្លើយតបយ៉ាងកក់ក្តៅចំពោះសំណើរនានាពីសមាគម។

ជាទីបញ្ចប់ កញ្ញាប្រធានសមាគម សង្ឃឹមយ៉ាងមុតមាំថា ប្អូនៗប្រតិភូទាំង១៦រូប ដែលដឹកនាំដោយប្រធានប្រតិភូ លោក អ៊ួន បឋម ហៅ សាយ នឹងបង្ហាញទៅកាន់យុវជនមកពីប្រទេសសមាជិកអាស៊ាន និងប្រទេសជប៉ុន ឱ្យដឹងថាប្រតិភូយុវជនកម្ពុជា មានសមត្ថភាព និងសក្ដានុពល និងជាពិសេស មានសុជីវធម៌ សីលធម៌ គុណធម៌ មិនចាញ់យុវជនមកពីបណ្ដាប្រទេសផ្សេងៗឡើយ។

សូមជម្រាបថា ប្រតិភូយុវជនកម្ពុជាទាំង ១៦រូប ដឹកនាំដោយប្រធានប្រតិភូ ១រូប នឹងចាប់ផ្ដើមចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នៅប្រទេសជប៉ុន និងបន្តដំណើរតាមកប៉ាល់ចេញពីប្រទេសជប៉ុនទៅកាន់ប្រទេសសិង្ហបុរី មុននឹងធ្វើមាតុភូមិនិវត្តន៍វិញ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦៕