មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ជួបពិភាក្សាជាមួយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសជប៉ុន លើគម្រោងប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីក
15-01-2026 11:40
(ភ្នំពេញ)៖ លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលទី១៤ ខែមករា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យក្រុមជំនាញការនៃក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសជប៉ុន របស់គម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់ និងក្រុមជំនាញការទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដឹកនាំដោយលោក KOICHI MIYAKE ប្រធានវិទ្យាស្ថានអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រក្រៅ ប្រទេសនៃប្រទេសជប៉ុន (OCDI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យនិងពិភាក្សាលើការរៀបចំរបាយការណ៍បឋម និងផែនការសកម្មភាព (Workplan) សម្រាប់ការផ្តើមអនុវត្តគម្រោងរៀបចំផែនការមេ ការកំណត់នូវសមាសភាពស្ថាប័នពាក់ព័ន្ធក្នុងការបង្កើតក្រុមការងារជំនាញ (Working Group) ការងារត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួមលើកទី១ (1st JCC) និងការរៀបចំសិក្ខាសាលាពិគ្រោះយោបល់សម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់។
នាឱកាសនោះលោកស្រីរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណចំពោះសមាជិកអង្គប្រជុំ និងភាគីជប៉ុន ដែលបានមកធ្វើបទបង្ហាញពីការរៀបចំផែនការការងារគម្រោង និងការចុះទៅជួបប្រជុំផ្ទាល់ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូលនូវធាតុចូលបន្ថែមក្នុងការរៀបចំផែនការមេ និងណែនាំឱ្យក្រុមជំនាញការនៃក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស គួរពិនិត្យបន្ថែមលើការកំណត់វិសាលភាពនៃការរៀបចំផែនការមេនេះ, ការរៀបចំបង្កើត Working Group, ការកំណត់នូវរបៀបវារៈនៃកិច្ចប្រជុំ JCC និងកាលបរិច្ឆេទនៃការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ក្នុងខែកុម្ភៈ ខាងមុខ។
តាមរយៈកិច្ចប្រជុំនេះផងដែរលោកស្រី កុយ សុដានី ក៏បានបញ្ជាក់ដល់ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស អំពីការត្រៀមលក្ខណៈជានិច្ចរបស់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការផ្តល់កិច្ចសហការបន្ថែមទៀត ធ្វើយ៉ាងណាជំរុញឱ្យការសិក្សាផែនការលម្អិតរបស់គម្រោងនេះមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស សំដៅឱ្យការសិក្សាទទួលបានលទ្ធផលផ្លែផ្កាស្របតាមផែនការដែលបានគ្រោងទុក៕

















