FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា រៀបចំវគ្គបណ្តុះបណ្តាលសំខាន់ចំនួន២ ដើម្បីចែករំលែកចំណេះដឹងដល់ព្រះមន្ត្រីសង្ឃ មន្ត្រីរាជការ បុគ្គលិក សាស្ត្រាចារ្យ

15-01-2026 11:30

(ភ្នំពេញ)៖ លោកបណ្ឌិត ជួន ជីវិន រដ្ឋលេខាធិការតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ងួន ស្តេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជាព្រះរាជតំណាងសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញជាសហអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «គោលការណ៍គ្រឹះនៃមុខងារសាធារណៈ និងគុណសម្បត្តិនៃឥរិយាបថរបស់មន្ត្រីរាជការ» និង «សុក្រឹតការគរុកោសល្យ និងវិធីសាស្ត្របង្រៀន» ដល់ព្រះមន្ត្រីសង្ឃ មន្ត្រីរាជការ បុគ្គលិក សាស្ត្រាចារ្យ នាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។

ថ្លែងក្នុងពិធីនេះលោក ងួន ស្តេចភក្តី បានបញ្ជាក់ឱ្យដឹងថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលស្ថិតក្រោមព្រះរាជកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាសង្ឃរាជ ជាអម្ចាស់ តែងតែយកចិត្តទុកដាក់លើការរួមបញ្ចូលគ្នារវាងចំណេះដឹងវិទ្យាសាស្ត្រទំនើប និងគុណធម៌ព្រះពុទ្ធសាសនា។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងឈ្លាសវៃបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១- ដែលក្នុងនោះ «ការអភិវឌ្ឍមូលធនមនុស្ស គឺជាអាទិភាពទីមួយក្នុងចំណោមអាទិភាព គន្លឹះទាំងប្រាំ»

ការបណ្តុះបណ្តាលនាពេលនេះ គឺជាការដើរស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកសាង រដ្ឋបាលសាធារណៈឱ្យមានសមត្ថភាពខ្ពស់ ខ្លាំង ឆ្លាត និងស្អាតស្អំ។ ក្នុងយុគសម័យនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងការរីកចម្រើនយ៉ាងរហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បរិបទនេះ ស្ថាប័នអប់រំមិនអាចនៅដាច់ ដោយឡែកពីការផ្លាស់ប្តូរនេះបានឡើយ។

លោកបណ្ឌិត ជួន ជីវិន ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងនូវការគោរពកោតសរសើរដោយ ស្មោះបំផុតចំពោះសម្តេចជាអម្ចាស់ ដែលទ្រង់បានយកព្រះទ័យទុកដាក់ និងដាក់ចេញនូវទស្សនវិស័យអប់រំដ៏ វែងឆ្ងាយ គឺការផ្សារភ្ជាប់រវាង «ចំណេះវិជ្ជា” និង “គុណធម៌»។ ការពង្រឹងសមត្ថភាពមន្ត្រីរាជការ និងសាស្ត្រាចារ្យ គឺជាការដើរ តាមគន្លងព្រះតម្រិះដ៏ខ្ពង់ខ្ពស់របស់ទ្រង់ ក្នុងការធ្វើឱ្យពុទ្ធិកឧត្តមសិក្សានៅកម្ពុជា មានសមត្ថភាពស្មើមុខស្មើមាត់ ជាមួយបណ្តាប្រទេសក្នុងតំបន់ និងសកលលោក។

ដោយឡែកមន្ត្រីរាជការនៅក្នុង គ្រឹះស្ថានសិក្សាគឺជា «អ្នកបម្រើសេវាអប់រំ» ហើយការជ្រើសរើសយកប្រធានបទ «គោលការណ៍គ្រឹះនៃមុខងារសាធារណៈ និងគុណសម្បត្តិនៃឥរិយាបថ របស់មន្ត្រីរាជការ» មកដាក់បញ្ចូលក្នុងវគ្គបណ្តុះបណ្តាលនេះ គឺជាជម្រើសដ៏វៃឆ្លាត និងទាន់ពេលវេលាបំផុត។ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាការងារអាទិភាព។ មន្ត្រីរាជការនៅក្នុង គ្រឹះស្ថានសិក្សា គឺជា «អ្នកបម្រើសេវាអប់រំ»

លោកបានបញ្ជាក់ថា ឥរិយាបថ និងរបៀបរបបធ្វើការរបស់មន្ត្រីរដ្ឋបាល គឺជាកត្តាកំណត់នូវបរិយាកាសសិក្សារបស់និស្សិត ត្រូវយល់ច្បាស់អំពីច្បាប់សហលក្ខន្តិកៈ សីលធម៌វិជ្ជាជីវៈខ្ពស់ និងមានអាកប្បកិរិយាទន់ភ្លន់ នោះការផ្តល់សេវារដ្ឋបាលអប់រំនឹងមានភាពរលូន និងមានប្រសិទ្ធភាព ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបង្កើនគុណភាពនៃគ្រឹះស្ថានសិក្សាទាំងមូល៕