មន្ទីរវប្បធម៌៖ សិស្សសាលាបឋមសិក្សាគំរូក្រុងខេត្តកំពង់ឆ្នាំង ទស្សនកិច្ចសិក្សានៅសារមន្ទីរខេត្តកំពង់ឆ្នាំង គឺជាបទពិសោធន៍ដ៏ល្អមួយ
15-01-2026 11:19
(កំពង់ឆ្នាំង)៖ ដំណើរទស្សនកិច្ចសិក្សាទៅកាន់សារមន្ទីរខេត្តកំពង់ឆ្នាំង របស់សាលាបឋមសិក្សាគំរូក្រុងខេត្តកំពង់ឆ្នាំង ចំនួន៤៦នាក់ បន្ថែមទៀត នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ គឺជាបទពិសោធន៍ដ៏ល្អមួយសម្រាប់សិស្សនៅថ្នាក់ទី៦។
បើតាមមន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំង សិស្សានុសិស្សទាំងអស់ពោរពេញដោយស្នាមញញឹម នៅពេលបានទស្សនានូវវត្ថុបុរាណដ៏សម្បូរបែប ដែលវត្ថុបុរាណទាំងនោះ មានប្រវត្តិសាស្រ្តដ៏យូរលុងណាស់មកហើយ។ ទាំងនេះគឺជាស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរយើងបានបន្សល់ទុកមករហូតដល់បច្ចុប្បន្ន។
តាមរយៈការធ្វើទស្សនកិច្ចនេះ ក៏បានលើកទឹកចិត្តដល់កុមារកម្ពុជាឱ្យចូលមកទស្សនា ដើម្បីសិក្សានិងស្វែងយល់ពីវត្ថុបុរាណទាំងនេះ ក៏ដូចជាការលើកកម្ពស់ក្នុងការចូលរួមអភិរក្សនូវសម្បត្តិវប្បធម៌របស់ជាតិផងដែរ។
សារមន្ទីរខេត្តកំពង់ឆ្នាំង គឺជាកន្លែងទេសចរណ៍ដែលចាំបាច់មួយក្នុងការទស្សនាសម្រាប់អ្នកដែលចាប់អារម្មណ៍លើវប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរ។ សារមន្ទីរនេះ ជាកន្លែងប្រមូលផ្តុំវត្ថុបុរាណនិងស្នាដៃសិល្បៈដ៏គួរឱ្យចាប់អារម្មណ៍ពី សម័យកាលផ្សេងៗគ្នានៃអតីតកាលដ៏សម្បូរបែបរបស់ជាតិយើង។
សូមជម្រាបថា សាលាបឋមសិក្សាគំរូក្រុងខេត្តកំពង់ឆ្នាំង ចំនួន៥០នាក់ ក៏បានទស្សនកិច្ចសិក្សានៅសារមន្ទីរខេត្តកំពង់ឆ្នាំងផងដែរ កាលព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥៕










