FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហភាពវិជ្ជាជីវៈគ្រូបង្រៀនជាតិម៉ាឡេស៊ី (NUTP) ដែលមានសមាជិកជាង៤៣ម៉ឺននាក់ នឹងជួយពង្រឹងសមត្ថភាពគ្រូ ចែករំលែកនូវបទពិសោធន៍ល្អៗ ដល់គ្រូបង្រៀនកម្ពុជា និងគ្រូបង្រៀនខ្មែរឥស្លាមកម្ពុជា

15-01-2026 10:36

(ម៉ាឡេស៊ី)៖ ក្នុងដំណើរទស្សនកិច្ចការងារនៅប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូបង្រៀនខ្មែរឥស្លាម (CAMTA) បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Sdr. Aminuddin Bin Awang ប្រធានសហភាពវិជ្ជាជីវៈគ្រូបង្រៀនជាតិម៉ាឡេស៊ី (NUTP) នៅសា្នក់ការកណ្តាលសហភាពវិជ្ជាជីវៈគ្រូបង្រៀនជាតិម៉ាឡេស៊ី ក្នុងទីក្រុងកូឡាឡាំពួរ។

ជំនួបនេះមានគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំជាតិ និងវិស័យសាសនាឥស្លាម និងបានផ្សាភ្ជាប់ទំនាក់ទំនងរវាងសមាគមគ្រូបង្រៀនខ្មែរឥស្លាម (CAMTA) ការផ្លាស់ប្តូរបទពិសោធន៍ កិច្ចសហការជាយុទ្ធសាស្ត្រ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនខ្មែរឥស្លាម ការអភិវឌ្ឍទំនើបកម្មជំនាញ វិជ្ជាជីវៈជាដើម។

ជាកិច្ចចាប់ផ្តើមនៃជំនួប លោក Sdr. Aminuddin Bin Awang ប្រធានសហភាពវិជ្ជាជីវៈគ្រូបង្រៀនជាតិម៉ាឡេស៊ី បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះលោកទេសរដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលអញ្ជើញមកជួបពិភាក្សាការងារមួយចំនួន។ ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ លើកឡើងពីវឌ្ឍនភាពរបស់កម្ពុជា និងការអភិវឌ្ឍក្នុងសហគមន៍ឥស្លាម ព្រមទាំគោលនយោបាយសុខដុមនីយកម្មជាតិសាសន៍ និងសាសនាជូនប្រតិភូសហភាពវិជ្ជាជីវៈគ្រូបង្រៀនជាតិម៉ាឡេស៊ី។

លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានបន្តថា នៅប្រទេសកម្ពុជា មានសមាជិកសមាគមបុគ្គលិកសិក្សាខ្មែរ ទូទាំងប្រទេសចំនួន១៣៣,៨៩៩នាក់ នៅក្នុងនោះក៏មានគ្រូបង្រៀនខ្មែរឥស្លាមជាង ១ពាន់នាក់ ហើយដើម្បីផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រងគ្រូបង្រៀនខ្មែរឥស្លាម និងជួយដល់កិច្ចការងារផ្សេងៗ របស់គ្រូបង្រៀនខ្មែរឥស្លាម សហគមន៍ឥស្លាមកម្ពុជា បានបង្កើតសមាគមមួយឈ្មោះថា សមាគមគ្រូបង្រៀនខ្មែរឥស្លាមហៅកាត់ថា CAMTA។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា ក្នុងឆ្នាំ២០១៥ រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងបន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្ដល់ក្របខណ្ឌគ្រូបង្រៀនខ្មែរឥស្លាម១,៥០០នាក់ និងគ្រូជាប់កិច្ចសន្យាចំនួន១៧៨នាក់ ក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ដើម្បីទទួលបានប្រាក់បៀវត្សដូចគ្រូទូទៅ ដែលជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសហគមន៍ឥស្លាម។

ជាការឆ្លើយតប ប្រធានសហភាពវិជ្ជាជីវៈគ្រូបង្រៀនជាតិម៉ាឡេស៊ី (NUPT) បានបង្ហាញការសប្បាយរីករាយក្នុងការសហការជាមួយសមាគម CAMTA ដើម្បីបង្កើន និងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងវិស័យអប់រំ និងផ្លាស់ប្តូរបទពិសោធន៍។

លោកបានបន្តថា សហភាពវិជ្ជាជីវៈគ្រូបង្រៀនជាតិម៉ាឡេស៊ី នឹងរួមចែករំលែកនូវបទពិសោធន៍ល្អៗ ដល់គ្រូបង្រៀនកម្ពុជា និងគ្រូបង្រៀនខ្មែរឥស្លាមកម្ពុជា ស្របតាមសម័យកាល បច្ចុប្បន្នដែលមានការប្រែប្រួលឥតឈប់ឈរ។ ក្នុងឱកាសនោះ ភាគី NUTP ក៏បានលើកទឹកចិត្តឲ្យសមាគម CAMTA មានការធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសឥស្លាមមួយចំនួន។

បន្ទាប់ពីពិភាក្សាគ្នា ភាគីទាំងពីរ គឺសមាគមគ្រូបង្រៀនខ្មែរឥស្លាម និងសហភាពវិជ្ជាជីវៈគ្រូបង្រៀនជាតិម៉ាឡេស៊ី បានឯកភាពនឹងរៀបចំចុះអនុស្សារណយោគយល់ MoU រវាងគ្នា ដើម្បីផ្សាភ្ជាប់កិច្ចសហប្រតិបត្តិការរវាងគ្នា លើវិស័យអប់រំ និងវិស័យផ្សេងៗទៀត។ សូមជម្រាបថា NUTP មានសមាជិក ទាំងគ្រូបង្រៀនជាតិ និងសាសនាជាង ៤៣ម៉ឺននាក់ នៅទូទាំងប្រទេសម៉ាឡេស៊ី៕