កម្ពុជា-កាណាដា ជំរុញកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ និងរៀបចំព្រឹត្តិការណ៍អម ក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ នៅខេត្តសៀមរាប
15-01-2026 09:56
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោក Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគី និងការរៀបចំព្រឹត្តិការណ៍អមក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ នៅខេត្តសៀមរាប។
ក្នុងឱកាស នៃជំនួបពិភាក្សាប្រកបដោយផ្លែផ្កានេះ លោកឯកអគ្គរដ្ឋទូត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនលើគ្រប់វិស័យ និងកត្តាសុខសុវត្ថិភាពដ៏ល្អប្រសើរ ដែលកម្ពុជាសម្រេចបាននាពេលបច្ចុប្បន្ន។
លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ជូន រដ្ឋមន្ដ្រី ហួត ហាក់ ពីកិច្ចសហប្រតិបត្តិការដ៏ល្អ លើគ្រប់វិស័យជាមួយកម្ពុជាកន្លងមក និងការវិនិយោគធំៗ គួរជាទីមោទនៈរបស់វិនិយោគិនកាណាដានៅកម្ពុជា ដូចជាធនាគារវឌ្ឍនៈអាស៊ី ឬស្គាល់ជាទូទៅថា ABA ដែលបានសម្រេចបណ្តាក់ទុនវិនិយោគ ផ្អែកលើសក្តានុពលវិនិយោគ និងទេសចរណ៍ ក៏ដូចជាថាមវន្តនៃប្រជាជនកម្ពុជា។
លោកទូតបានបញ្ជាក់ពីជំហរគាំទ្រ ដល់ក្រសួងទេសចរណ៍ ក្នុងការរៀបចំ «ភូមិហ្រ្វង់កូហ្វូន-Village Francophone» ដែលជាព្រឹត្តិការណ៍អមដ៏សំខាន់ ក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ នៅខេត្តសៀមរាប។
ជាការឆ្លើយតប រដ្ឋមន្ដ្រី ហួត ហាក់ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកាណាដា ដែលជានិច្ចជាកាលតែងតែជួយឧបត្ថម្ភគាំទ្រកម្ពុជាលើគ្រប់វិស័យ ជាពិសេសលើវិស័យទេសចរណ៍ ស្តែងតាមរយៈកំណើនភ្ញៀវទេសចរកាណាដា មកទស្សនាកម្ពុជាដែលចេះតែកើនឡើងជារៀងរាល់ឆ្នាំ រួមទាំងការបណ្តាក់ទុនដោយផ្ទាល់របស់ធនាគារជាតិកាណាដា (National Bank of Canada) នៅកម្ពុជា ដែលបានផ្តល់ភាពងាយស្រួលក្នុងការផ្តល់សេវាកម្មទូទាត់ ដល់ភ្ញៀវទេសចរ និងពាណិជ្ជករកាណាដា ធ្វើដំណើរមកកម្សាន្តនៅកម្ពុជា។
រដ្ឋមន្រ្តី ហួត ហាក់ បានបញ្ជាក់ជូនលោកឯកអគ្គរដ្ឋទូត ពីការត្រៀមលក្ខណៈជាស្រេចរបស់ក្រសួងទេសចរណ៍ ស្ថាប័នមានសមត្ថកិច្ច និងវិស័យឯកជនរបស់កម្ពុជា ដើម្បីទាក់ទាញ និងឆ្លើយតបនឹងកំណើនភ្ញៀវទេសចរកាណាដា ដែលរំពឹងនឹងកើនឡើងបន្ថែមទៀតនៅឆ្នាំ២០២៦ បន្ទាប់ពីសម្រេចបានជិត៤៥,០០០នាក់ នៅឆ្នាំ២០២៥ កន្លងទៅ។
លោកបន្តថា តាមរយៈការពង្រឹងកិច្ចសហការជាមួយស្ថានទូត លើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងវិនិយោគរបស់កម្ពុជា ឱ្យកាន់តែទូលំទូលាយ កត្តាសុខសុវត្ថិភាព និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ឱ្យកាន់តែមានល្អប្រសើរ ព្រមទាំងការរៀបចំព្រឹត្តិការណ៍ជំរុញទេសចរណ៍ និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច៕














