អាកាសចរណ៍ជាតិកម្ពុជា សម្ពោធស្លាកសញ្ញា និងរចនាលើតួយន្ដហោះថ្មី, រដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ ថា ស្លាកសញ្ញាថ្មីនេះ ឆ្លុះបញ្ចាំងនូវភាពរីកចម្រើន នៃវិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជា
15-01-2026 09:16
(ភ្នំពេញ)៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា និងជារដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធស្លាកសញ្ញា និងរចនាលើតួយន្ដហោះថ្មី (New Logo and Aircraft Livery) របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) នៅអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI)។
លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានថ្លែងថា «ស្លាកសញ្ញាថ្មី របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ ដែលបានទទួលការសម្រេច ពីរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបញ្ជាក់នូវតួនាទី កាន់តែសំខាន់ថែមទៀត របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ លើការបង្ហាញអត្តសញ្ញាណជាតិខ្មែរ ទៅកាន់ពិភពលោកទាំងមូល ព្រមបានទាំងឆ្លុះបញ្ចាំង នូវភាពរីកចម្រើន នៃវិស័យអាកាសចរណ៍ស៊ីវិល ទេសចរណ៍ ពាណិជ្ជកម្ម និងការដោះដូរវប្បធម៌ និងប្រជាជន នៅកម្ពុជា តាមរយៈការដឹកជញ្ជូនតាមផ្លូវអាកាស»។
លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានឲ្យដឹងទៀតថា នៅក្នុងការរចនាស្លាកសញ្ញាថ្មីនេះ គឺបានយកអត្តសញ្ញាណសត្វត្រយ៉ងជាស្នូល ដែលជាសត្វស្លាបតំណាងជាតិកម្ពុជា មានលក្ខណៈការពាររឹងមាំ និងទទួលខុសត្រូវ។ ទន្ទឹមនឹងនេះ នៅពេលមានការធ្វើដំណើរហោះហើររបស់សត្វត្រយ៉ង ស្លាបរបស់សត្វត្រយ៉ង ត្រូវបានរចនាចេញជាម៉ាស៊ីនអាកាសយាន ដោយមានមុខរណារបឺតខ្យល់ចំនួន១៨ ដែលតំណាងឱ្យបច្ចេកវិទ្យា រក្សាលំនឹង និងការរីកចម្រើន។
ចំណែកអត្តសញ្ញាណពណ៌ ត្រូវបានជ្រើសរើសមានបីពណ៌ជាមូលដ្ឋាន គឺពណ៌ខៀវ ក្រហម និងស ដែលតំណាងឱ្យទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ការបង្ហាញរចនាថ្មីនេះ ធ្វើឡើងនៅលើតួយន្តហោះ ATR72-600 គ្រឿងទី៣ របស់ក្រុមហ៊ុន ដែលជាសញ្ញានៃការចាប់ផ្តើមថ្មី ដ៏មានអត្ថន័យ បង្ហាញពីមហិច្ឆតាថ្មី ដែលផ្សារភ្ជាប់អត្តសញ្ញាណជាតិ ជាមួយនឹងការហោះហើរតភ្ជាប់ កាន់តែទូលំទូលាយ នាពេលអនាគត។
ស្លាកសញ្ញាថ្មី ដែលជាសសរស្ដម្ភសំខាន់នៃអត្តសញ្ញាណនេះ បានទទួលការបំផុសគំនិតយ៉ាងជ្រាលជ្រៅពីបក្សីជាតិរបស់កម្ពុជា គឺត្រយ៉ង (Giant Ibis) ដែលមានន័យស្រដៀង នឹងឥន្ទ្រីសេឡេសស្ទៀល។ ការបំផុសគំនិត នៃការការពារភាពរឹងមាំ និងការការពារ ត្រូវបានរចនាជាមួយនឹងស្លាបទាំង១៨ ដែលមានរូបរាងស្រដៀងនឹងស្លាបកង្ហារ របស់ម៉ាស៊ីនយន្តហោះ។ ការរចនានៃការបង្វិល៤៥ដឺក្រេ នៅក្នុងរង្វង់បង្ហាញពីថាមពលស្មារតី នៃការចាប់ផ្តើមថ្មីរបស់កម្ពុជានាយុគសម័យថ្មី។
ជាមួយគ្នានេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ក៏បានឲ្យដឹងផងដែរថា ទោះបីស្ថិតនៅក្នុងកាលៈទេសៈដ៏ប្រឈម និងលំបាកនេះក្តី រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅតែជាដៃគូយុទ្ធសាស្ត្រ ជាមួយវិស័យឯកជនទាំងអស់ ក្នុងការបន្តខិតខំជំរុញឱ្យមានកំណើនការដឹកជញ្ជូនអ្នកធ្វើដំណើរ និងទំនិញតាមផ្លូវអាកាស ធានាឱ្យបាននូវសន្តិសុខ និងសុវត្ថិភាពអាកាសចរណ៍ និងការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធអាកាសចរណ៍ ដើម្បីចូលរួមចំណែកក្នុងការ អនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ចំពោះលទ្ធផល នៃការដឹកជញ្ជូនតាមផ្លូវអាកាស នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ព្រះរាជាណាចក្រកម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣៦ ដែលបានតភ្ជាប់ជើងហោះហើរក្នុងតំបន់ និងសកលលោក ទៅកាន់៥២ទីក្រុង និង១៨ប្រទេស នឹងតំបន់រដ្ឋបាលពិសេស ហើយទទួលបានអ្នកធ្វើដំណើរតាមផ្លូវអាកាស ចំនួន៧លាននាក់ កើនឡើង១២% ធៀបឆ្នាំ២០២៤។
សូមជម្រាបផងដែរថា ជាមួយនឹងការផ្លាស់ប្តូរស្លាកសញ្ញាថ្មី ការអភិវឌ្ឍការបង្កើនចំនួនយន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា បានទទួលយន្តហោះ ATR72-600 ថ្មីចំនួន៣គ្រឿង ក្នុងឆ្នាំ២០២៥ ហើយក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទិញយន្តហោះ Boeing 737 Max 8 ចំនួន២០គ្រឿង និងយន្តហោះ COMAC C909 ចំនួន ២០ គ្រឿងផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុនបានបង្កើនចំណូលជាបន្តបន្ទាប់ ក្នុងរយៈពេល៣ឆ្នាំ ចាប់តាំងពីឆ្នាំ២០២៣៕























