FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យក្រសួងវប្បធម៌៖ ឆាប់ៗនេះ UNESCO នឹងមកវាយតម្លៃផលប៉ះពាល់ប្រាសាទព្រះវិហារ ដែលបំផ្លាញដោយយោធាថៃ

14-01-2026 22:30

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ស៊ុំ ម៉ាប់ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា ឆាប់ៗនេះ ក្រុមការងារ UNESCO នឹងមកវាយតម្លៃផលប៉ៈពាល់លើប្រាសាទព្រះវិហារ ដែលបំផ្លាញដោយយោធាថៃ នាពេលកន្លងមក។

លោក ស៊ុំ ម៉ាប់បានប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា«របាយការណ៍ពិនិត្យផ្ទាល់ដោយអ្នកជំនាញអង្គការ UNESCO ស្តីពីការខូចខាត គឺជាការងារចាំបាច់ដែលត្រូវចុះមកពិនិត្យ។ហើយយើងក៏អត់ទាន់ដឹងកាលបរិច្ឆេទនៃការមកដល់ដែរ ប្រហែលជាពេលឆាប់ៗនេះ ខ្ញុំក៏អត់អាចបញ្ជាក់បានថាពេលណាដែរ។ របាយការណ៍នៃការខូចខាតនេះ គឺជាជំហានមួយដ៏ចាំបាច់ ដើម្បីបន្តទៅជំហានផ្សេងៗទៀត ដើម្បីថែរក្សាការពារ និងដាក់ចេញនូវវិធានការទាំងឡាយដើម្បីអភិរក្សជួសជុលប្រាសាទ ចាត់វិធានការពារកុំឱ្យមានការបំផ្លិចបំផ្លាញតទៅទៀត ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកំពុងបន្តធ្វើការ។»

លោកលើកឡើងបែបនេះ បន្ទាប់ពីក្រសួងវប្បធម៌ បានចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញពីស្ថានភាពខូចខាតនៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ដោយសារការបាញ់ប្រហាររបស់យោធាថៃ កាលពីថ្ងៃទី២៤-២៨ ខែកក្កដាឆ្នាំ២០២៥ និងពីថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥៕