FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តឧត្ដរមានជ័យ ចាត់ទុកមន្ត្រីស៊ីម៉ាក់គឺជា«វីរជន ស្វែងរកកន្លែងសុវត្ថិភាពជូនពលរដ្ឋ»

14-01-2026 21:58

(ឧត្តរមានជ័យ)៖ ក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយមន្ត្រីកងឯកភាពកំចាត់មីនទី១ (ស៊ីម៉ាក់) ដែលកំពុងបំពេញបេសកកម្មយ៉ាងសកម្មក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានចាត់ទុកមន្ត្រីស៊ីម៉ាក់គឺជា «វីរជន ស្វែងរកកន្លែងសុវត្ថិភាពជូនពលរដ្ឋ» ដោយបានពលិកម្មដ៏ធំធេងក្នុងការបម្រើជាតិមាតុភូមិ។

នៅក្នុងឱកាសនោះលោក នេត រដ្ឋា ប្រធានកងឯកភាពកំចាត់មីនកម្ពុជា (CMAC) ប្រចាំខេត្តឧត្ដរមានជ័យ បានថ្លែងបង្ហាញពីលទ្ធផលស្រាវជ្រាវនិងដាក់ស្លាកសញ្ញា តាមភូមិគោលដៅរងផលប៉ះពាល់ដោយសារសង្គ្រាមរបស់សៀមចំនួន ១៤៥ភូមិ។ ក្នុងនោះបាន៖

-រកឃើញទីតាំងនិងដាក់ស្លាកសញ្ញាបានចំនួន៨២៤ទីតាំង
-រកឃើញគ្រាប់លើដីនិងដាក់ស្លាកសញ្ញាបានចំនួន៥៧ទីតាំង
-រកឃើញគ្រាប់ក្នុងដីនិងដាក់ស្លាកសញ្ញាបានចំនួន៦៤ទីតាំង
-រកឃើញរណ្តៅគ្រាប់ផ្ទុះនិងដាក់ស្លាកសញ្ញាបានចំនួន៧០៣ទីតាំង។

លោក មាន ចាន់យ៉ា អភិបាលខេត្តឧត្តរមានជ័យ បានថ្លែងលើកឡើងថា ការងារបោសសម្អាតមីនមិនមែនគ្រាន់តែជាការងារបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែគឺជាការលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបំប្លែង ដីដែលបង្កហានិភ័យ ឱ្យទៅជាតំបន់សេដ្ឋកិច្ច ការដាំដុះ និងការតាំងទីលំនៅថ្មី ដែលឆ្លើយតបយ៉ាងប្រសើរទៅនឹងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។

លោកបន្តថា មន្ត្រីស៊ីម៉ាក់ គឺជាវីរជនដែលហ៊ានប្រឈមមុខនឹងគ្រោះថ្នាក់គ្រប់វិនាទី ដើម្បីដកយកគ្រាប់រំសេវដែលបង្កប់ក្នុងដី ចេញពីជីវិតរបស់ប្រជាជន។ បើគ្មានពួកគាត់ទេ យើងក៏មិនអាចមានដីដែលមានសុវត្ថិភាពសម្រាប់សាងសង់លំនៅឋាន សាលារៀន ឬអភិវឌ្ឍន៍វិស័យកសិកម្មបានដូចសព្វថ្ងៃនេះដែរ។

លោកអភិបាលខេត្តឧត្តរមានជ័យ ក៏បានថ្លែងផ្ដាំផ្ញើឱ្យមន្ត្រីស៊ីម៉ាក់ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់លើសុខភាព និងត្រូវគោរពតាមបទដ្ឋានបច្ចេកទេសឱ្យបានខ្ជាប់ខ្ជួនបំផុត ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួនក្នុងពេលបំពេញបេសកកម្មផងដែរ៕