អភិបាលខេត្តពោធិ៍សាត់ ចូលរួមពិធីបុណ្យសពលោក កាក់ លាង ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកកណ្តៀង ដែលបានទទួលមរណភាព ដោយរោគាពាធ
14-01-2026 21:05
(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមពិធីបុណ្យសព លោក កាក់ លាង ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកកណ្តៀង ដែលបានទទួលមរណភាព នាវេលាម៉ោង១ និង៥៥នាទីរំលងអធ្រាត ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ក្នុងជន្មាយុ៥៦ឆ្នាំ ដោយរោគាពាធ។
សពលោក កាក់ លាង ត្រូវបានតម្កល់ធ្វើឡើងបុណ្យនៅគេហដ្ឋាននៃសព ដែលស្ថិតក្នុងភូមិបឹងក្រាញ់ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ (ខាងលើផ្សារកណ្តៀង ប្រមាណ២០ម៉ែត្រ)។
លោក ខូយ រីដា បានសម្តែងនូវក្តីក្រៀមក្រំ ក្តុកក្តួលរំជួលចិត្ត សោកស្តាយក្រៃលែង ចំពោះការបាត់បង់ លោក កាក់ លាង ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
លោកបានចាត់ទុកថា មរណភាពរបស់លោក កាក់ លាង គឺជាការបាត់បង់មន្ត្រីដ៏ល្អមួយរូប ដែលបានបម្រើប្រជាពលរដ្ឋ ប្រកបដោយសទ្ធាជ្រះថ្លាជ្រាលជ្រៅ ក្នុងការងារមនុស្សធម៌ និងការងារព្រះពុទ្ធសាសនា ព្រមទាំងជាការបាត់បង់ស្វាមី ឳពុក ឳពុកក្មេង ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាទីស្រលាញ់ ដែលបានបីបាច់ថ្នាក់ថ្នមថែរក្សា និងផ្គត់ផ្គង់គ្រប់បែបយ៉ាង ដល់ក្រុមគ្រួសារ និងបានអប់រំ ណែនាំ ផ្តល់ដំបូន្មានល្អៗ ធ្វើឱ្យកូនចៅបានក្លាយជាពលរដ្ឋល្អ។
ស្ថិតក្នុងស្ថានភាពដ៏ក្រៀមក្រំនេះ លោកអភិបាលខេត្ត សូមចូលរួមរំលែកនូវមរណទុក្ខ និងសេចក្តីសោកស្តាយ អាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព ដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទឹសបួងសួង ដល់វិញ្ញាណក្ខន្ធរបស់លោក កាក់ លាង បានសោយសុខក្នុងសុគតិភព កុំបីឃ្លាងឃ្លាតឡើយ៕














