FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ដ្រី នេត សាវឿន, ឧបការីរដ្ឋមន្ដ្រីក្រសួងសន្ដិសុខចិន អរគុណកម្ពុជាចំពោះកិច្ចសហការបង្ក្រាបមេក្លោងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ និងគាំទ្រវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា

14-01-2026 20:48

(ភ្នំពេញ)៖ តាមរយៈជំនួបជាមួយលោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ លោក LIU Zhongyi ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការបង្ក្រាបមេក្លោងឧក្រិដ្ឋកម្មអនឡាញ លោក ចេន ហ្ស៊ី (Chen Zhi) និងគាំទ្រដល់វិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។

ក្នុងជំនួបនោះ លោកសន្ដិបណ្ឌិត នេត សាវឿន បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់លោក LIU Zhongyi ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ និងចាត់ទុកថា វត្តមាននៃការបំពេញទស្សនកិច្ចនៅកម្ពុជានៅពេលនេះ គឺជាផ្នែកមួយសំខាន់ក្នុងការបន្ដពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយបន្ថែមទៀត ទាំងផ្នែករាជរដ្ឋាភិបាល បក្ស និងប្រជាជនប្រទេសទាំងពីរ ពិសេសគឺការអនុវត្តច្បាប់។

លោកសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី បានជម្រាបជូនឧបការីរដ្ឋមន្ដ្រីក្រសួងសន្ដិសុខចិន អំពីស្ថានភាពជាក់ស្ដែង និងពិតប្រាកដរបស់កម្ពុជា ពោលកម្ពុជាក៏ជាប្រទេសមួយរងគ្រោះ ដោយសារបទល្មើសឆបោកនេះ ដោយហេតុថា ជនល្មើសទាំងអស់បានយកទីតាំងប្រទេសកម្ពុជា ដើម្បីធ្វើសកម្មភាពល្មើសច្បាប់ ដូច្នេះហើយទាមទារឲ្យកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នអនុវត្តច្បាប់ប្រទេសទាំងពីរ កាន់តែស្អិតរមួតបន្ថែមទៀត។

លោកសន្ដិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ថា វត្តមានរបស់មិត្តចិនដែលមកបំពេញទស្សនកិច្ចនៅពេលនេះ ក៏ស្របពេលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី កំពុងតែប្រើប្រាស់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ជាទីបំផុត ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញគ្រប់ទម្រង់ទាំងអស់។ លោកសង្ឃឹមថា ភាគីចិន-កម្ពុជា នឹងបន្ដពង្រឹងលើការងារប្រឆាំងឧក្រិដ្ឋកម្មអនឡាញនេះបន្ថែមទៀត។

ជាការឆ្លើយតប លោក LIU Zhongyi ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងអំណរគុណចំពោះលោកសន្តិបណ្ឌិត ផ្ដល់ឱកាសឲ្យលោកចូលរួមសម្ដែងការគួរសម និងពិភាក្សាការងារនៅពេលនេះ ព្រមទាំងបាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិនផងដែរ។ លោកគូសបញ្ជាក់ថា លោកសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី គឺជាស្ថានិកមួយរូបនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់របស់ចិន និងកម្ពុជា ពោលតាំងពីលោកនៅជាអគ្គស្នងការនគរបាលជាតិ។

លោកឧបការីរដ្ឋមន្ដ្រីក្រសួងសន្ដិសុខសាធារណៈ បានឯកភាព និងយល់ស្របចំពោះការលើកឡើងរបស់លោកសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រីថា បទល្មើសឆបោកតាមអនឡាញ ជាបទល្មើសមួយមានភាពស្មុគស្មាញ ដែលទាមទារឲ្យបណ្ដាប្រទេសនានា ត្រូវបង្កើន និងបន្ដកិច្ចសហប្រតិបត្តិការឲ្យបានកាន់តែខ្លាំងក្លាបន្ថែមទៀត សំដៅបោសសម្អាតបទល្មើសមួយនេះចេញពីសង្គមជាតិទាំងមូល។

ទន្ទឹមនឹងនេះ លោកក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហការក្នុងការចាប់ខ្លួនមេខ្លោងបទល្មើសឧក្រិដ្ឋកម្មអនឡាញ លោក ចេន ហ្ស៊ី (Chen Zhi) ដែលនេះគឺជាការរួមចំណែកយ៉ាងធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា មកកាន់ប្រទេសចិន។

លោកក៏បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញវិធានការដ៏មុតស្រួច ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ ដូចជាការបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM), អនុក្រឹត្យស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ និងការបង្ហោះសារនៅលើគេហទំព័រហ្វេសប៊ុករបស់សម្តេចធិបតី អំពាវនាវឲ្យជនរួមជាតិរួមគ្នាជាមួយរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងបទល្មើសអនឡាញជាដើម។

បន្ថែមពីនេះ លោកសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគាំទ្រចំពោះការលើកឡើងរបស់ភាគីចិន និងបង្ហាញពីឆន្ទៈច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា និងបក្សក្នុងការបោសសម្អាតបទល្មើសឆបោកអនឡាញ ហើយកម្ពុជាប្ដេជ្ញាស្ដារកិត្តិយស កេរ្តិ៍ឈ្មោះមកវិញ តាមរយៈការបោសសម្អាតបទល្មើសឆបោកតាមអនឡាញនេះ។

ចុងបញ្ចប់នៃជំនួបនេះ ទាំងឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងលោកឧបការីរដ្ឋមន្ដ្រីក្រសួងសន្ដិសុខសាធារណៈ នៃសាធារណៈប្រជាមានិតចិន បានឯកភាពគ្នាក្នុងការបន្ដបោសសម្អាតឧក្រិដ្ឋកម្មអនឡាញ និងបន្ដស្វែងរកអ្នកដែលពាក់ព័ន្ធ ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុត៕