វិភាគអន្តរជាតិ៖ បើអាមេរិកវាយអ៉ីរ៉ង់ តើចិននឹងធ្វើអន្តរាគមន៍ឬ?
14-01-2026 20:43
(ប៉េកាំង)៖ ចិនទំនងជាមើលឃើញថាបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅអ៉ីរ៉ង់ជាស្ថានការណ៍បន្ទាន់ ហើយដឹងច្បាស់ថាខ្លួនអាចនឹងខាតបង់ច្រើន ធៀបទៅនឹងវ៉េណេស៊ុយអេឡា ប្រសិនបើរបបដឹកនាំតេហេរ៉ង់ សព្វថ្ងៃដួលរលំ។ ប៉ុន្តែក្រុមអ្នកវិភាគរំពឹងថាចិននឹងចៀសវាងការធ្វើអន្តរាគមន៍ដោយផ្ទាល់។ អ៉ីរ៉ង់កំពុងប្រឈមនឹងរលកនៃបាតុកម្មប្រឆាំងរដ្ឋាភិបាលយ៉ាងសម្បើមមួយបង្កឡើងដោយវិបត្តិសេដ្ឋកិច្ច ដែល ក្នុងនោះមានមនុស្សយ៉ាងហោច ២០០០នាក់ត្រូវបានសម្លាប់។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថារូបលោកកំពុងពិចារណាលើការចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ហើយនៅក្នុងសប្ដាហ៍នេះលោកថែមទាំងគំរាមយកពន្ធគយ ២៥ភាគរយ ពីប្រទេសទាំងឡាយណាដែលបន្តធ្វើពាណិជ្ជកម្មជាមួយអ៉ីរ៉ង់ទៀតផង។ ក្រុមមន្ត្រីអាមេរិកវិញបានប្រាប់កាសែត Wall Street Journal ថាទីក្រុងវ៉ាស៊ីនតោនកំពុងពិចារណាលើជម្រើសជាច្រើន មានចាប់ពីការវាយប្រហារតាមផ្លូវអាកាស រហូតដល់ការប្រើប្រាស់អាវុធសាយប័រ និងការដាក់ទណ្ឌកម្មបន្ថែម។ អ៉ីរ៉ង់ជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់របស់ចិនក្នុងតំបន់មជ្ឈិមបូព៌ា ពោលគឺសំខាន់ជាង វ៉េណេស៊ុយអេឡានៅក្នុងតំបន់អាមេរិកឡាទីន។ ដូច្នេះការធ្វើអន្តរាគមន៍ណាមួយរបស់សហរដ្ឋអាមេរិកអាចនឹងបង្កផលវិបាកដល់ផលប្រយោជន៍សេដ្ឋកិច្ច និងបន្សាបឥទ្ធិពលចិនក្នុងតំបន់មជ្ឈិមបូព៌ា។
លោក Jean-Loup Samaan ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ម្នាក់មកពីវិទ្យាស្ថានសិក្សាពីមជ្ឈិមបូព៌ានៃសាកលវិទ្យាល័យ National University of Singapore បាននិយាយថាទីក្រុងប៉េកាំងអាចនឹង សម្លឹងឃើញថាស្ថានការណ៍ដែលកំពុងកើតឡើងនៅអ៉ីរ៉ង់មានភាពបន្ទាន់ជាងនៅវ៉េណេស៊ុយអេឡា តែចិនទំនងជានឹងមិនលូកដៃ ឬធ្វើអន្តរាគមន៍ដោយផ្ទាល់នោះទេ ហើយនឹងបន្តអំពាវនាវក៏ដូចជាបង្ហាញ ការប្រឆាំងជំទាស់ទៅនឹងការលូកដៃជ្រៀតជ្រែកពីបរទេសចូលក្នុងវិបត្តិក្នុងស្រុករបស់អ៉ីរ៉ង់។ តាមអ្នកជំនាញរូបនេះ ចិនមិនមានសម្ព័ន្ធភាពផ្លូវការជាមួយអ៉ីរ៉ង់ ឬវ៉េណេស៊ុយអេឡាឡើយ។ នេះបានន័យថា ភាពជាដៃគូមិនតម្រូវ ឬចាប់បង្ខំឱ្យចិនត្រូវធ្វើអន្តរាគមន៍នោះទេ ហើយវាក៏មិនទំនងនោះដែរដែលចិននឹងលូកដៃចូលក្នុងជម្លោះមួយ ប្រសិនបើសហរដ្ឋអាមេរិក ឬអ៉ីស្រាអែលធ្វើអន្តរាគមន៍យោធានៅអ៉ីរ៉ង់។
ក្រសួងការបរទេសចិនបាននិយាយខ្លួនប្រឆាំងទៅនឹងការជ្រៀតជ្រែកពីបរទេសខាងក្រៅនៅអ៉ីរ៉ង់ ហើយស្ថានទូតចិននៅវ៉ាស៊ីនតោនបានរិះគន់សហរដ្ឋអាមេរិកចំៗជុំវិញការសម្លុតគំរាមអ៉ីរ៉ង់។ ទីក្រុងប៉េកាំង ក៏បានបង្ហាញការប្រឆាំងជំទាស់ទៅនឹងរាល់ការដាក់ទណ្ឌកម្មខុសច្បាប់ ដោយសន្យាថានឹងចាត់វិធានការឆ្លើយតបដើម្បីការពារសិទ្ធិស្របច្បាប់ និងផលប្រយោជន៍របស់ខ្លួន។ តែទោះជាបែបនេះក្ដី ការចាប់ខ្លួនអតីតប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានបង្កើតជាចម្ងល់អំពីឆន្ទៈ និងសមត្ថភាពរបស់ចិនក្នុងការការពារប្រទេសជាដៃគូរបស់ខ្លួន។
លោក Wen Shaobiao ជាអ្នកជំនាញខាងកិច្ចការតំបន់មជ្ឈិមបូព៌ានៃសាកលវិទ្យាល័យ Shanghai International Studies យល់ថាការព្រួយបារម្ភធំរបស់ចិន នោះគឺខ្លាចថាវិបត្តិនៅអ៉ីរ៉ង់ រាលដាលទៅជាវិបត្តិក្នុងតំបន់ទាំងមូល។ ពោលគឺប្រសិនបើបាតុកម្មតវ៉ាឈានទៅដល់ការផ្លាស់ប្ដូររបបដឹកនាំនៅអ៉ីរ៉ង់ ហើយបង្កទៅជាចលាចលសង្គម សង្រ្គាមស៊ីវិល ឬការបែកបាក់ នោះវាអាចនឹងបង្កើត ជាបញ្ហាប្រឈមដល់សន្តិភាព វិបុលភាពនៅមជ្ឈិមបូព៌ា និងវិបត្តិជនភៀសខ្លួនដែលអាចនឹងក្លាយជាការដាក់សម្ពាធលើប្រទេសជិតខាង ឬនៅក្បែរអ៉ីរ៉ង់។ តាមលោក Wen បើបញ្ហាទាំងអស់នេះកើតឡើង ពិតមែន វាអាចនឹងបំផ្លាញដល់ពាណិជ្ជកម្ម និងការវិនិយោគរបស់ចិននៅមជ្ឈិមបូព៌ាដែលនេះជាសេណារីយ៉ូមួយចិនមិនចង់ឃើញនោះទេ។ យ៉ាងណាក៏ដោយ លោក Wen បានព្យាករថាប៉េកាំង នឹងព្យាយាមចៀសវាងការធ្វើអន្តរាគមន៍ដោយផ្ទាល់នៅអ៉ីរ៉ង់។ លោក Wen បានពន្យល់ថា «ដូចសព្វដង ចិននឹងចៀសវាងពីការធ្វើអន្តរាគមន៍ក្នុងកិច្ចការផ្ទៃក្នុងរបស់បណ្ដាប្រទេសដទៃ ហើយប៉េកាំងអាច នឹងបន្តតាមដានយ៉ាងស្ងៀមស្ងាត់ និងនៅឱ្យឆ្ងាយពីកាលៈទេសៈដែលអាចអូសចិនឱ្យចូលរួមពាក់ព័ន្ធ»។
គួរជម្រាបថា លោក ត្រាំ បានគំរាមថាបណ្ដាប្រទេសទាំងឡាយរួមមានទាំងចិនអាចនឹងត្រូវប្រឈមនឹងការយកពន្ធគយ ២៥ភាគរយពីសហរដ្ឋអាមេរិក បើនៅតែបន្តទំនាក់ទំនងពាណិជ្ជកម្មជាមួយអ៉ីរ៉ង់។ នៅត្រង់ចំណុចនេះ លោក Yan Wei ជានាយករងនៃវិទ្យាស្ថានសិក្សាពីតំបន់មជ្ឈិមបូព៌ានៃសាកលវិទ្យាល័យ China’s Northwest University បាននិយាយថាទោះជាអ៉ីរ៉ង់មានសារៈសំខាន់ ខាងយុទ្ធសាស្ត្រសម្រាប់ចិនក៏ដោយ តែប៉េកាំងទំនងជាបន្តរក្សាគោលនយោបាយមិនជ្រៀតជ្រែក ឬមិនធ្វើអន្តរាគមន៍ រីឯការគាំទ្ររបស់ចិនអាចនឹងធ្វើឡើងដោយផ្ដោតលើសេដ្ឋកិច្ច និងវិស័យថាមពល ក៏ដូចជាបន្តរក្សាបណ្ដាញការទូត។ «យើងអាចពង្រីកការគាំទ្រខាងសកម្មភាពនយោបាយ និងការទូតចំពោះអ៉ីរ៉ង់ ដូចគ្នានឹងវ៉េណេស៊ុយអេឡា ដើម្បីជួយពួកគេតតាំងនឹងការសម្លុតគំរាមពីខាងក្រៅ... ប៉ុន្តែ បើនិយាយពីការធ្វើអន្តរាគមន៍ដោយផ្ទាល់ ខ្ញុំគិតថាវាមិនអាចទៅរួចទេ ជាពិសេសផ្អែកលើការទូតជាប្រពៃណីរបស់យើង»។ នេះជាការលើកឡើងរបស់លោក Yan Wei។
លោកបន្ថែមថាចិនអាចនឹងបន្តរក្សាទំនាក់ទំនងពាណិជ្ជកម្មជាមួយអ៉ីរ៉ង់ បើទោះជាមានការគំរាមពីលោក ត្រាំក៏ដោយ។ តាមលោក Yan Wei ការដោះដៃជាយុទ្ធសាស្ត្ររបស់រុស្ស៉ីចេញពីតំបន់មជ្ឈិមបូព៌ា កំពុងលេចចេញជារូបរាងកាន់តែច្បាស់។ គួរឱ្យកត់សម្គាល់ រុស្ស៉ីបានបរាជ័យក្នុងការចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ទៅនឹងការដួលរលំនៃរបបដឹកនាំរបស់អតីតប្រធានាធិបតីស៊ីរី លោក Bashar al-Assad ហើយក៏មិនបានបញ្ចេញប្រតិកម្មខ្លាំងអ្វីៗដែរទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលលើរោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់។ លោកយល់ថាសមត្ថភាពយុទ្ធសាស្ត្ររបស់រុស្ស៉ីកំពុងធ្លាក់ចុះ យ៉ាងឆាប់រហ័សទៅជាមួយឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយ ដែលនេះនឹងធ្វើឱ្យទីក្រុងមូស្គូស្ថិតក្នុងស្ថានភាពមួយដែលមានឆន្ទៈចង់ជួយអ៉ីរ៉ង់ដែរ តែមិនមានសមត្ថភាពឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក ឡើយ។
លោក Ni Lexiong ជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយម្នាក់មកពីសាកលវិទ្យាល័យ Shanghai University of Political Science and Law ក៏បានលើកឡើងដែរថាយុទ្ធសាស្ត្ររបស់ចិន ចំពោះវិបត្តិអ៉ីរ៉ង់ នោះគឺចៀសវាងពាក់ព័ន្ធនឹងការធ្វើអន្តរាគមន៍យោធា ដោយជំនួសមកវិញចិននឹងអំពាវនាវឱ្យមានកិច្ចសន្ទនា និងការផ្សះផ្សា។ លោកបន្តថាប៉េកាំងមិនមានកង្វល់ពីសន្តិសុខដោយផ្ទាល់នៅ អ៉ីរ៉ង់ទេ ហើយក៏មិនចង់ធ្វើការជ្រើសរើសឈរនៅខាងភាគីណាមួយនោះដែរ។ ចំណែក លោក Cui Shoujun ជាសាស្ត្រាចារ្យម្នាក់មកពីសាកលវិទ្យាល័យ Renmin University យល់ថាចិននឹងមិន បន្ធូរបន្ថយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ខ្លួនជាមួយអ៉ីរ៉ង់ ដោយគ្រាន់តែរងការសម្លុតគំរាមពីលោក ត្រាំ ឡើយ។ តែលោកបានបញ្ជាក់ថាស្ថានការណ៍កំពុងធ្លាក់ចូលក្នុងដំណាក់កាលដ៏គ្រោះថ្នាក់ ដ្បិត ស្ថិរភាពនៅអ៉ីរ៉ង់មានសារៈសំខាន់មិនមែនត្រឹមតែសម្រាប់ស្ថិរភាពក្នុងតំបន់មជ្ឈិមបូព៌ា និងតំបន់ឈូងសមុទ្រពែក្សប៉ុណ្ណោះទេ តែក៏មានសារៈសំខាន់ចំពោះស្ថិរភាពនៃសន្តិសុខ និងការផ្គត់ផ្គង់ថាមពលសកល ផងដែរ៕







