ករណីមន្ដ្រីយោធាម្នាក់ដែលទាមទារផ្ទះនៅក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា ត្រូវដោះស្រាយបញ្ចប់ហើយ
14-01-2026 19:13
(ភ្នំពេញ)៖ ជម្លោះរបស់មន្ដ្រីយោធា ជាមួយនឹងគម្រោងបុរីរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលត្រូវបានប្រជាពលរដ្ឋចែកចាយ ពេញបណ្ដាញសង្គមនោះ ត្រូវដោះស្រាយបញ្ចប់ហើយ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ ក្រោមការសម្របសម្រួលរបស់ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
តាមរយៈបណ្ដាញសង្គមរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសរសេរថា «ក្រោមការសម្របសម្រួល របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ សូមគោរពអរគុណបងប្រុស ដែលបានយោគយល់ព្រម ទទួលយកដំណោះស្រាយ ឈរលើគោលការណ៍ដោះស្រាយបញ្ចប់បញ្ហាជារួម ក្នុងកាលៈទេសៈដ៏លំបាកនេះ»។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្ដថា «យោងលើកំណត់ហេតុប្រជុំ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង និងតាមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដី។ សូមជូនដំណឹងបន្ថែមដល់ពុកម៉ែបងប្អូន ឲ្យបានជ្រាបថា ក្នុងខែមករា ឆ្នាំ២០២៦នេះ ក្រុមការងារបុរី បានរៀបចំបន្តការសាងសង់តាមស្មារតីអង្គប្រជុំ»៕

