រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំបូកសរុបការងារត្រៀមរៀបចំសន្និបាតប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន
14-01-2026 18:26
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារត្រៀមរៀបចំសន្និបាតប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំព្រះវិហារ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងអគ្គនាយិកា ព្រមទាំងមន្ត្រីជំនាញចំណុះឱ្យក្រសួងព័ត៌មាន ជាច្រើនរូបទៀត។ សម្រាប់សន្និបាតរបស់ក្រសួងព័ត៌មាន នឹងប្រព្រឹត្តធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មាន នឹងត្រៀមរៀបចំសន្និបាតបូកសរុបការងាររបស់ខ្លួនដែលបានខិតខំបំពេញក្នុងរយៈពេលពេញ ១ឆ្នាំ២០២៥នេះ ហើយលើកទិសដៅអនុវត្តន៍បន្តនៅឆ្នាំ២០២៦។ ការរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងព័ត៌មាន គឺដើម្បីពិនិត្យ និងវាយតម្លៃលើសមិទ្ធផលនានា ដែលសម្រេចបាននាពេលកន្លងមក និងចូលរួមពិភាក្សាផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធល្អៗ ក្នុងរិះរកដំណោះស្រាយសមស្រប ចំពោះបញ្ហាប្រឈមនានា ហើយដាក់ចេញនូវទិសដៅការងារសម្រាប់ការអនុវត្តបន្តសំដៅលើកកម្ពស់វិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមទៀតក្នុងឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។ សន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងព័ត៌មាន ធ្វើឡើងដើម្បីចូលរួមក្នុងគោលនយោបាយកំណែទម្រង់សុីជម្រៅនៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ អាណត្តិទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា។
គួរបញ្ជាក់ដែរថា នៅក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចបវរធិបតី នាយកដ្ឋមន្ត្រី ហ៊ុន ម៉ាណែត, ក្រសួងព័ត៌មាន ដែលមានលោក នេត្រ ភក្ត្រា ជារដ្ឋមន្ត្រី បានដឹកនាំរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររបស់ខ្លួនបានចំនួន ២លើករួចមកហើយ ដោយបានបង្ហាញពីសមិទ្ធផលថ្មីៗគួរជាទីមោទនៈ លើវិស័យព័ត៌មាន និងសោតទស្សន៍ នៅកម្ពុជា៕































