Fresh Exclusive: សាររបស់សម្តេចបវរធិបតី បញ្ជាក់ស្នូលប្រាំមួយជ្រុង នៃការដឹកនាំជាតិ៖ តើទិសដៅកម្ពុជាពេលនេះ ត្រូវតម្រង់ទៅកាន់ទីណា?
14-01-2026 17:55
(ភ្នំពេញ)៖ នៅក្នុងគ្រាដែលអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសមួយ កំពុងត្រូវរងដោយអំពើឈ្លានពានពាក្យសម្តីពីប្រមុខរាជរដ្ឋាភិបាល មិនមែនជាការនិយាយធម្មតាទៀតឡើយ។ ពាក្យមួយម៉ាត់ៗ ក្លាយជាគន្លឹះសម្រាប់កំណត់សេចក្តីពិត ជាជំហរសម្រាប់ឆ្លើយតបនឹងស្ថានការណ៍ និងជាការគូសខ្សែទិសដៅសម្រាប់ជាតិទាំងមូល។ សេចក្តីថ្លែងការណ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម នៅយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ មិនត្រឹមតែបង្ហាញពីដំណាក់កាលប្រឈមមុខនៃស្ថានការណ៍ជាតិបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណត់យ៉ាងច្បាស់នូវទិសដៅអនាគតរបស់ព្រះរាជាណាចក្រកម្ពុជា នៅក្នុងបរិបទនៃការរងការរំលោភបំពានលើទឹកដី។
សេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី បានរំលេចយ៉ាងច្បាស់នូវសារស្នូល និងអាទិភាពធំៗចំនួនប្រាំមួយ ដែលភ្ជាប់គ្នាជាស៊ុមយុទ្ធសាស្ត្រតែមួយពីជាតិ នយោបាយ សង្គម សន្តិសុខ រហូតដល់រូបភាពអន្តរជាតិ។ សារទាំងនេះ មិនមែនជាប្រធានបទដាច់ដោយឡែក ឬការឆ្លើយតបបណ្តោះអាសន្ននោះទេ ប៉ុន្តែជាផែនទីសម្រាប់ “របៀបរស់” និង “របៀបឈរ” របស់ប្រទេសមួយ នៅពេលកំពុងរងនូវអំពើរំលោភបំពានលើទឹកដី ពីសំណាក់ប្រទេសជិតខាង។ វាជាសារដែលបញ្ជាក់ថា កម្ពុជា មិនត្រឹមតែប្រឈមមុខនឹងវិបត្តិបច្ចុប្បន្នទេ ប៉ុន្តែកំពុងរៀបចំខ្លួនដើម្បីការពារ អភិរក្ស និងពង្រឹងអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនក្នុងរយៈពេលវែង។
* សាមគ្គីភាពជាតិ ក្នុងគ្រាវិបត្តិ
សម្តេចបវរធិបតី បានរំលេចយ៉ាងច្បាស់ពីស្មារតីសាមគ្គីខ្មែរនិងខ្មែរ ដែលលេចឡើងនៅពេលប្រទេសជាតិរងការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដី។ សារនេះមានអត្ថន័យជ្រាលជ្រៅជាងការអំពាវនាវធម្មតា ព្រោះវាបញ្ជាក់ថា វិបត្តិមិនត្រឹមតែបង្កការឈឺចាប់ និងការភ័យខ្លាចទេ ប៉ុន្តែអាចក្លាយជា កម្លាំងបំផុសស្នេហាជាតិ និងភាពប្តេជ្ញាចិត្តរួម បើសង្គមអាចរក្សាសេចក្តីពិត និងមិនអនុញ្ញាតឲ្យការឈឺចាប់នោះ ត្រូវបានបំភ័ន្ត បំប្លែង ឬបំបែកដោយការបកស្រាយគ្មានភស្តុតាង។
ក្នុងសេចក្តីថ្លែងការណ៍សម្តេចបវរធិបតី បានសរសេរយ៉ាងច្បាស់ថា៖ «ការលំបាករបស់ជាតិ នាពេលនេះ គឺជាការលំបាករបស់ខ្មែរគ្រប់រូប ប៉ុន្តែ គន្លឹះសំខាន់របស់ជាតិយើងនាពេលនេះ គឺយើងត្រូវប្រែក្លាយការលំបាករបស់ជាតិ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ខ្មែរគ្រប់រូប ឱ្យក្លាយទៅជាកម្លាំងតស៊ូដ៏រឹងមាំរបស់ជាតិ និងគោលដៅដ៏ពិសិដ្ឋរបស់ជាតិ»។
ឃ្លានេះបង្ហាញថា សាមគ្គីភាពដែលសម្តេចបវរធិបតីកំពុងអំពាវនាវ មិនមែនជាសាមគ្គីភាពផ្អែកលើអារម្មណ៍ឆាប់ផ្លាស់ប្តូរ ឬពាក្យស្លោកនយោបាយបណ្តោះអាសន្នទេ ប៉ុន្តែជាសាមគ្គីភាព ផ្អែកលើការយល់ស្របលើសេចក្តីពិតជារួម និងការទទួលខុសត្រូវរួមចំពោះជោគវាសនាជាតិ។ នៅពេលដែលសង្គមយល់ច្បាស់ថា «អ្វីកំពុងតែកើតឡើង» និង «អ្វីត្រូវតែការពារ» សាមគ្គីភាពនោះ ទើបមានឫសគល់ និងអាចឈរបានជាយូរអង្វែង។
សម្តីអំពាវនាវឱ្យប្រែក្លាយការលំបាក ទៅជាសាមគ្គីភាពជាធ្លុងមួយក្នុងគ្រានេះ វាមិនមែនជាវោហាសាស្ត្រធម្មតាទេ ប៉ុន្តែជាយុទ្ធសាស្ត្រពិតប្រាកដក្នុងការការពារជាតិ។ វាជាសារប្រាប់យ៉ាងច្បាស់ថា នៅពេលជាតិរងសម្ពាធ ព្រះរាជាណាចក្រកម្ពុជា មិនមានជម្រើសច្រើនឡើយគឺជាតិត្រូវរួមគ្នា ដើម្បីទប់ទល់នឹងវិបត្តិ ឬមិនដូច្នោះទេ នឹងក្លាយជាជាតិដែលងាយរងនឹងការបំពាន។ ក្នុងន័យនេះ សាមគ្គីភាព មិនមែនជាជម្រើសនយោបាយមួយក្នុងចំណោមជម្រើសផ្សេងៗទេ ប៉ុន្តែជាលក្ខខណ្ឌគ្រឹះ សម្រាប់ការរក្សាអធិបតេយ្យភាព បូរណភាពទឹកដី និងកិត្តិយសជាតិ។
* បំប្លែង «ការលំបាក» ទៅជា «កម្លាំងជាតិ»
សេចក្តីថ្លែងការណ៍នេះ មានទស្សនៈយុទ្ធសាស្ត្រត្រង់ៗថា ការលំបាកជាតិ គឺការលំបាករបស់ខ្មែរគ្រប់រូប។ ប៉ុន្តែគន្លឹះ មិនមែននៅត្រង់ភាពត្អូញត្អែរអំពីការលំបាកទេ គន្លឹះរបស់វានៅត្រង់នេះ គឺសមត្ថភាពក្នុងការចេះបំប្លែងវាទៅជាភាពធន់ ឬកម្លាំងដែលមានឥទ្ធិពល។ នេះមានន័យថា បំប្លែងការឈឺចាប់ទៅជាកម្លាំងជាតិដ៏រឹងមាំ បំប្លែងវិបត្តិទៅជាសក្តានុពល និងបំប្លែងសម្ពាធ ទៅជាមេរៀនសម្រាប់កសាងជាតិឱ្យរឹងមាំជាងមុន។
ក្នុងទ្រឹស្តីនេះ សម្តេចបវរធិបតីកំពុងបញ្ជាក់យ៉ាងច្បាស់ថា ជ័យជម្នះក្នុងការតស៊ូជាតិនៅសម័យទំនើប មិនអាចធានាដោយមធ្យោបាយយោធាតែមួយឡើយ។ ផ្ទុយទៅវិញ វាត្រូវបានកំណត់ដោយសមត្ថភាពជាតិដ៏ទូលំទូលាយចាប់ពី ភាពធន់ផ្នែកសេដ្ឋកិច្ច ការរួបរួមសង្គម វិន័យ និងសមត្ថភាពស្ថាប័ន រហូតដល់ការជឿទុកចិត្តរបស់សាធារណជន ចំពោះអំណាចស្របច្បាប់។ នៅពេលធាតុទាំងនេះត្រូវបានពង្រឹងរួមគ្នា វិបត្តិមិនត្រឹមតែត្រូវបានទប់ស្កាត់ទេ ប៉ុន្តែអាចក្លាយជាចំណុចបង្កើតកម្លាំងជាតិថ្មី ដែលធ្វើឲ្យកម្ពុជា ឈរបានរឹងមាំជាងមុន នៅលើឆាកតំបន់និងអន្តរជាតិ។
* លុបបំបាត់ «ភាពអសកម្ម» ក្នុងសង្គម
សេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី មិនឈប់ត្រឹមអំពាវនាវឲ្យសាមគ្គីទេ ប៉ុន្តែបន្តទៅកាន់ប្រយោគសំខាន់មួយ៖ ភាពអសកម្មក្នុងសង្គម គឺជាកត្តាធ្វើឱ្យជាតិចុះខ្សោយ។ នេះជាភាសានយោបាយដែលបញ្ជាក់ថា សត្រូវមិនត្រូវការឈ្នះដោយកាំភ្លើងជានិច្ចទេ ពេលខ្លះសត្រូវឈ្នះដោយឲ្យយើង «ដួលដោយខ្លួនឯង» តាមរយៈភាពអសកម្ម អំពើអាក្រក់ និងការបាត់បង់វិន័យសង្គម។
ដូច្នេះ ការរួមគ្នាលុបបំបាត់ភាពអសកម្មក្នុងសង្គម តាមរយៈសារនេះមិនមែនការរួមគ្នាដោយត្រឹមតែពាក្យស្លោកទេ ប៉ុន្តែត្រូវរួមគ្នាដោយសកម្មភាពពិតប្រាកដ ក្នុងការពង្រឹងសក្តានុពលជាតិគ្រប់វិស័យពីសេដ្ឋកិច្ច ការងារ ការអប់រំ ទៅការគ្រប់គ្រងនិងច្បាប់។
* ពង្រឹងសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម
សម្តេចធិបតីបានដាក់ចេញយ៉ាងច្បាស់ថា សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម គឺជាអាទិភាពស្នូលនៃគោលនយោបាយរដ្ឋ ដោយមានគោលដៅចុងក្រោយមួយគត់ គឺធានាការរស់នៅសុខសាន្ត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ សារនេះមានអត្ថន័យជ្រាលជ្រៅ ព្រោះវាប្រែប្រួលទស្សនៈសន្តិសុខពី «រឿងកម្លាំង» ឱ្យទៅជារឿងគ្រឹះ នៃការរស់នៅនិងការអភិវឌ្ឍជាតិ។
ក្នុងន័យនេះ សន្តិសុខ មិនមែនជាការបង្ហាញអំណាច ឬការប្រើកម្លាំងតែមួយទេ ប៉ុន្តែជាមូលដ្ឋានសម្រាប់ សេដ្ឋកិច្ច ការវិនិយោគ ការងារ និងភាពជឿទុកចិត្តក្នុងសង្គម។ នៅពេលប្រជាពលរដ្ឋមានអារម្មណ៍ថា ជីវិតនិងទ្រព្យសម្បត្តិត្រូវបានការពារ សេដ្ឋកិច្ចអាចដំណើរការបានដោយភាពទំនុកចិត្ត វិនិយោគិនអាចសម្រេចចិត្តដោយមិនភ័យខ្លាច ហើយសង្គមអាចផ្តោតលើការបង្កើតតម្លៃថ្មី ជំនួសការពារខ្លួនពីគ្រោះថ្នាក់ប្រចាំថ្ងៃ។
នៅពេលសង្គមមានសន្តិសុខ និងសណ្ដាប់ធ្នាប់ រដ្ឋអាចបើកផ្លូវឱ្យជាតិឆ្ពោះទៅរកកម្លាំង តាមរយៈការអភិវឌ្ឍប្រកបដោយចីរភាព និងការពង្រឹងសមត្ថភាពជាតិគ្រប់វិស័យ។ ផ្ទុយទៅវិញ បើសង្គមរអិលចូលទៅក្នុងភាពអនាធិបតេយ្យ ឬអសន្តិសុខរ៉ាំរ៉ៃ វាមិនត្រឹមតែសេដ្ឋកិច្ចត្រូវរងផលប៉ះពាល់ទេ ប៉ុន្តែកិត្តិយសជាតិ និងភាពជឿទុកចិត្តរបស់ដៃគូអន្តរជាតិ ក៏នឹងរអិលតាមទៅផងដែរ។
ក្នុងបរិបទជាតិរងសម្ពាធពីក្រៅ ការពង្រឹងសន្តិសុខនិងសណ្ដាប់ធ្នាប់សង្គម ដូច្នេះមិនមែនជាការងាររដ្ឋបាលធម្មតាទេ ប៉ុន្តែជាយុទ្ធសាស្ត្រការពារជាតិពីក្នុងការកសាង «ខ្សែការពារសង្គម» ដែលធ្វើឱ្យជាតិរឹងមាំ មានសមត្ថភាពទប់ទល់នឹងវិបត្តិ និងរក្សាទិសដៅអភិវឌ្ឍរបស់ខ្លួន ទោះបីជាស្ថានការណ៍ខាងក្រៅប្រែប្រួលយ៉ាងណាក៏ដោយ។
* ឧក្រិដ្ឋកម្មឆបោកតាមបច្ចេកវិទ្យា៖ គ្រោះថ្នាក់ជាតិ និងឆ្លងដែន
ចំណុចដែលសេចក្តីថ្លែងការណ៍រំលេចខ្លាំងគឺ ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (cyber scam) ដែលត្រូវបានពិពណ៌នាថា ជាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សង្គមជាតិ និងមានបណ្តាញឆ្លងពីប្រទេសមួយទៅប្រទេសមួយ។
សាររបស់សម្តេចបវរធិបតី បានសរសេរថា៖ «ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការកំណត់ថា ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម គឺជាកិច្ចការអាទិភាពក្នុងរបៀបវារៈនយោបាយរបស់ខ្លួន គឺពុំមែនជាការចៃដន្យឡើយ ហើយការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ និងមុតស្រួចជាបន្តបន្ទាប់លើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក គឺជាសក្ខីភាពមួយនៃការអនុវត្តការប្តេជ្ញាចិត្តខាងនយោបាបាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនមួយនេះ ដែលជាក្តីកង្វល់រួមរបស់កម្ពុជា តំបន់ និងពិភពលោក។»។
សាររបស់សម្តេចបវរធិបតី បានបញ្ជាក់ថា កម្ពុជា មិនមើលបញ្ហានេះជាបញ្ហាផ្ទៃក្នុងតែប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាតំបន់ និងពិភពលោក ដែលទាមទារការឆ្លើយតបម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព។
ស្នូលនយោបាយនៅទីនេះគឺ៖ ការបង្ក្រាប Cyber Scam មិនត្រឹមការពារប្រជាពលរដ្ឋពីការបោកប្រាស់ទេ ប៉ុន្តែការពាររូបភាពនិងកេរ្តិ៍ឈ្មោះរបស់កម្ពុជា លើឆាកអន្តរជាតិ ដែលជាផ្នែកមួយនៃកម្លាំងជាតិ ក្នុងសម័យថ្មី។
* ការប្តេជ្ញាចិត្តនយោបាយ និងការចូលរួមពីគ្រប់ភាគី
សម្តេចបវរធិបតី បានបញ្ជាក់យ៉ាងច្បាស់ពី ភាពបន្តគ្នានៃគោលនយោបាយរដ្ឋ ចាប់ពីនីតិកាលទី៦ រហូតដល់ដើមនីតិកាលទី៧ នៃរដ្ឋសភា ដោយបង្ហាញថា វិធានការម៉ឺងម៉ាត់ និងមុតស្រួចលើ ឧក្រិដ្ឋកម្មឆបោកតាមបច្ចេកវិទ្យា មិនមែនជាចម្លើយបណ្ដោះអាសន្ន ឬប្រតិកម្មតាមស្ថានការណ៍នោះទេ ប៉ុន្តែជា សក្ខីភាពជាក់ស្តែងនៃ «ការប្តេជ្ញាចិត្តនយោបាយ» ក្នុងការការពារសង្គមជាតិ និងកិត្តិយសរដ្ឋ។
ការបញ្ជាក់ពីភាពបន្តគ្នានេះ មានន័យនយោបាយសំខាន់មួយ រដ្ឋកំពុងនិយាយជាសំឡេងតែមួយ មិនថាក្នុងរយៈពេល ឬបរិបទណាក៏ដោយ។ វាជាសារប្រាប់ទៅសាធារណជន និងដៃគូអន្តរជាតិថា ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មសម័យថ្មី ជាពិសេសឧក្រិដ្ឋកម្មឆ្លងដែន គឺជាគោលដៅយូរអង្វែង មិនមែនជាយុទ្ធនាការបណ្ដោះអាសន្ន។
ប៉ុន្តែចំណុចដែលធ្វើឲ្យសារនេះរឹងមាំជាងមុន គឺការអំពាវនាវឱ្យមាន «កម្លាំងមហាសាមគ្គី» ពីគ្រប់ភាគីក្នុងសង្គម ចាប់ពីប្រជាជនគ្រប់ស្រទាប់ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន រហូតដល់កងកម្លាំងមានសមត្ថកិច្ច។ នេះជាការទទួលស្គាល់យ៉ាងច្បាស់ថា សង្គ្រាមសម័យថ្មី និងឧក្រិដ្ឋកម្មសម័យថ្មី មិនអាចឈ្នះបានដោយរដ្ឋតែម្នាក់ឯង ឬដោយកម្លាំងច្បាប់តែប៉ុណ្ណោះទេ។
ក្នុងសម័យដែលគ្រោះថ្នាក់មានលក្ខណៈឆ្លងដែន ប្រើបច្ចេកវិទ្យានិងលាក់ខ្លួនក្នុងជីវិតប្រចាំថ្ងៃ ការឈ្នះត្រូវការការចូលរួមរបស់សង្គមទាំងមូល ការយល់ដឹងរបស់ប្រជាពលរដ្ឋ វិន័យរបស់ស្ថាប័ន ការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ និងការសហការជាប្រព័ន្ធរួមគ្នាតែមួយ។ សាររបស់សម្តេចធិបតីនេះ មិនត្រឹមតែជាការអំពាវនាវទេ ប៉ុន្តែជាការកំណត់នូវគំរូការពារជាតិថ្មី ដែលរដ្ឋនិងសង្គម ឈរនៅខាងតែមួយ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ និងរក្សាទិសដៅអនាគតរបស់ប្រទេស។
សេចក្តីសន្និដ្ឋាន៖ សេចក្តីថ្លែងការណ៍នេះ មិនមែនជាសាររដ្ឋបាលធម្មតាទេ។ វាជាសារដែលបញ្ជាក់ថា កម្ពុជាកំពុងរស់នៅក្នុងពេលវេលាដែលត្រូវរួមគ្នា និងរឹងមាំក្នុងពេលតែមួយ។ សាមគ្គីភាព គឺជាចម្លើយនយោបាយដំបូងបំផុត ការបំប្លែងវិបត្តិទៅជាកម្លាំង គឺជាចម្លើយយុទ្ធសាស្ត្រ ការលុបបំបាត់ភាពអសកម្ម និងពង្រឹងសន្តិសុខ គឺជាចម្លើយរបស់រាជរដ្ឋាភិបាល ហើយការបង្ក្រាបឧក្រិដ្ឋកម្មឆបោកឆ្លងដែន គឺជាចម្លើយសម័យថ្មីសម្រាប់ការពារកិត្តិយសជាតិ។
ក្នុងន័យនេះ សេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី បានផ្តល់ផែនទីមួយឲ្យសង្គមខ្មែរ ប្រសិនបើជាតិចង់ឈ្នះសម្ពាធនិងឈ្នះវិបត្តិ ជាតិត្រូវឈ្នះលើ «ភាពទន់ខ្សោយពីក្នុង» ជាមុនសិន។ ហើយនៅពេលជាតិរួមគ្នា និងរឹងមាំទាំងក្នុងនិងក្រៅ កម្ពុជានឹងមិនក្លាយជាគោលដៅងាយរងនៃការបំពានម្តងទៀតបានឡើយ៕






















