FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋភៀសសឹក ៣ ០០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ ទទួលបានអំណោយពីលោកបណ្ឌិត កៅ ថាច និងសប្បុរសជន

14-01-2026 16:55

(ខេត្តបន្ទាយមានជ័យ-ឧត្តរមានជ័យ)៖ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ ក្នុងស្មារតី «ខ្មែរជួយខ្មែរ» និងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគ្រាដ៏លំបាក លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងលោកស្រី ព្រមទាំងសហការី និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ និងនាំយកអំណោយមនុស្សធម៌ ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្នាក់អាស្រ័យបណ្តោះអាសន្ន នៅមណ្ឌលសុវត្ថិភាពចំនួន៣ទីតាំងផ្សេងគ្នា។

ដំណើរចុះសួរសុខទុក្ខនេះ ធ្វើឡើងក្នុងគោលបំណងជួយសម្រាលទុក្ខលំបាក និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ដែលបានភៀសសឹកចេញពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ មកកាន់តំបន់សុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។

នៅក្នុងពិធីសំណេះសំណាលប្រកបដោយមនោសញ្ចេតនា និងក្តីអាណិតអាសូរនេះ លោកបណ្ឌិត និងក្រុមការងារ បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់ ជូនដល់គ្រួសារភៀសសឹកសរុបចំនួន ៣,០០០ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកា៥០,០០០ រៀល ព្រមទាំងការចែកជូនរួមមាន៖ អង្ករសរុប ៣តោន, ស៊ុតទា ៣១,០០០គ្រាប់ និងថ្នាំពេទ្យចំនួន ២២,០០០គ្រាប់ ដើម្បីជួយសម្រួលដល់ការលំបាកខ្លះៗ របស់បងប្អូន។

គួរបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌ដ៏ថ្លៃថ្លានេះ កើតចេញពីការចូលរួមបរិច្ចាគរបស់សប្បុរសជន រួមមាន៖
១៖ លោកបណ្ឌិត កៅ ថាច និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)
២៖ សមាគមខ្មែរញ៉ូហ្សេលេន (Khmer New Zealand Association)
៣៖ ក្រុមការងារយុវជនទទួលបន្ទុកតំបន់ ៥ នៃប្រទេសអូស្រ្តាលី-ណូវេសហ្សេឡង់
៤៖ ក្រុមជំនួយការសហគ្រិនវ័យក្មេងតាមបណ្តាខេត្ត (ក្រុមទី៦)

សកម្មភាពនេះ បានបង្ហាញយ៉ាងច្បាស់នូវកម្លាំងសាមគ្គីជាតិដ៏រឹងមាំ ដែលប្រជាជនខ្មែរគ្រប់រូប មិនថានៅក្នុង ឬក្រៅប្រទេស តែងតែចេះជួយយកអាសាគ្នា និងមិនទុកឱ្យបងប្អូនណាម្នាក់ឯកោឡើយ ពិសេសក្នុងកាលៈទេសៈដែលប្រទេសជាតិត្រូវការការរួបរួមគ្នា៕