FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្ត្រី សុក ស៊ីផាន់ណា ជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសសិង្ហបុរី ផ្លាស់ប្តូរមតិយោបល់លើបញ្ហាប្រឈម នៃប្រព័ន្ធពាណិជ្ជកម្មសកល និងកាលានុវត្តភាពសម្រាប់ប្រទេសតូចៗ

14-01-2026 16:05

(សិង្ហបុរី)៖ សាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការផ្តល់យោបល់ លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) និងជាប្រធានក្រុមការងារសិក្សាអំពីកិច្ចព្រមព្រៀងទូលំទូលាយ និងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CP-TPP) នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Vivian Balakrishnan រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសិង្ហបុរី។

ក្នុងជំនួបពិភាក្សានេះ លោកបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី និងលោកបណ្ឌិតរដ្ឋមន្ត្រី ការបរទេសសិង្ហបុរី បានផ្លាស់ប្តូរមតិយោបល់លើបញ្ហាប្រឈម នៃប្រព័ន្ធពាណិជ្ជកម្មសកល និងកាលានុវត្តភាពសម្រាប់ប្រទេសតូចៗ ដូចជាកម្ពុជា និងសិង្ហបុរី ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា។

ភាគីទាំងពីរបានសង្កត់ធ្ងន់ លើសារៈសំខាន់នៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលផ្អែកលើច្បាប់ និងសមាហរណកម្មសេដ្ឋកិច្ចតំបន់។ បន្ថែមលើនេះ កិច្ចពិភាក្សាក៏បានផ្ដោតទៅលើទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។

បណ្ឌិតរដ្ឋមន្ត្រី Balakrishnan បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះចំណាប់អារម្មណ៍របស់កម្ពុជា ក្នុងការចូលជាសមាជិកនៃកិច្ចព្រមព្រៀង CP-TPP ដោយលោកបានគូសបញ្ជាក់ពីសក្តានុពលនៃកិច្ចព្រមព្រៀងនេះ ក្នុងការជំរុញសមាហរណកម្មរបស់កម្ពុជាឱ្យកាន់តែស៊ីជម្រៅ ទៅក្នុងខ្សែសង្វាក់តម្លៃតំបន់ ពង្រីកវិសាលភាព​​ទីផ្សារ និងពង្រឹងទំនុកចិត្តវិនិយោគិន៕