ក្រសួងទេសចរណ៍ ចេញសេចក្តីណែនាំ ស្តីពីការជំរុញការប្រើប្រាស់ស្រោមអនាម័យឱ្យបាន១០០ភាគរយ ដើម្បីរួមគ្នាបញ្ចប់អេដស៍
14-01-2026 15:57
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ បានចេញសេចក្ដីណែនាំ ស្តីពីការជំរុញការប្រើប្រាស់ស្រោមអនាម័យឱ្យបាន១០០ភាគរយ ដើម្បីរួមគ្នាបញ្ចប់អេដស៍។ តាមរយៈសេចក្ដីណែនាំបានបញ្ជាក់ថា យោងតាមសារាចរលេខ ២០សរ. ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពី ការជំរុញការប្រើប្រាស់ស្រោមអនាម័យឱ្យបាន១០០ភាគរយ ដើម្បីបង្ការមេរោគអេដស៍និងជំងឺអេដស៍។
ក្រសួងទេសចរណ៍ សូមធ្វើការណែនាំលោក លោកស្រីប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត និងលោក លោកស្រីជា ម្ចាស់ ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចខាងក្រោម៖
*ទី១៖ បន្តចូលរួមផ្សព្វផ្សាយអំពីប្រសិទ្ធភាពនៃស្រោមអនាម័យ និងជំរុញឱ្យមានការប្រើប្រាស់ស្រោម អនាម័យឱ្យបាន១០០% នៅតាមមូលដ្ឋានសេវាកម្សាន្តនានា ដើម្បីទប់ស្កាត់ការចម្លងមេរោគអេដស៍ ពីដៃគូរួមភេទ។
*ទី២៖ បន្តចូលរួមផ្សព្វផ្សាយអំពីហានិភ័យនៃមេរោគអេដស៍ និងលុបបំបាត់ទស្សនៈយល់ច្រឡំថា នៅ កម្ពុជាគ្មានអេដស៍ទៀតទេ ព្រមទាំងជំរុញឱ្យមានការចូលរួមទាំងអស់គ្នាដើម្បីរួមគ្នាបញ្ចប់អេដស៍ តាមរយៈការអនុវត្តវិធានការបង្ការការពារឱ្យបានហ្មត់ចត់ ដូចជាការប្រើប្រាស់ស្រោមអនាម័យ ១០០%ជាដើម។
*ទី៣៖ ជំរុញប្រជាជនគន្លឹះបម្រើការក្នុងសេវាកម្សាន្ត ដែលសង្ស័យថាមានផ្ទុកមេរោគអេដស៍ឱ្យប្រញាប់ ទៅធ្វើតេស្តរកមេរោគអេដស៍ជាបន្ទាន់ ដើម្បីទទួលបានសេវាថែទាំព្យាបាលទាន់ពេលវេលា។
*ទី៤៖ ម្ចាស់ ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ត្រូវធានាឱ្យមានការរក្សាទុក និងផ្តល់ជូន ស្រោមអនាម័យនៅតាមមូលដ្ឋានសេវាកម្សាន្តដូចជារង្គសាល បៀរហ្គាឌិន និងមូលដ្ឋានសេវាកម្ម ស្នាក់នៅដូចជាសណ្ឋាគារ ផ្ទះសំណាក់ជាដើម។
*ទី៥៖ ស្រោមអនាម័យមិនត្រូវបានយកធ្វើជាកម្មវត្ថុនៃការដាក់បន្ទុកឡើយ លើកលែងតែការប្រើស្រោម អនាម័យក្នុងការប្រព្រឹត្តបទល្មើស។
ក្រោយទទួលបានសេចក្តីណែនាំនេះ លោក លោកស្រីប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត និងលោក លោកស្រី ជាម្ចាស់ ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ត្រូវអនុវត្តសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាព ខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕


