រដ្ឋលេខាធិការក្រសួងអប់រំ៖ ការពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ជាអាទិភាពដ៏សំខាន់មិនអាចខ្វះបាន ក្នុងវិស័យអប់រំរបស់កម្ពុជា
14-01-2026 15:06
(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ការពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការដាក់ឱ្យអនុវត្តគម្រោង ការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុក្នុងវិស័យអប់រំ សម្រាប់កុមារ និង សហគមន៍ (BRACE) គឺជាអាទិភាពដ៏សំខាន់ក្នុងវិស័យអប់រំ ដើម្បីធានាថា ប្រព័ន្ធអប់រំ ជាពិសេសសាលារៀនរបស់កម្ពុជា ត្រូវបានការពារ អាចសម្របខ្លួន និងមានភាពធន់ទៅ នឹងការប្រែប្រួលអាកាសធាតុ។
លោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន បានថ្លែងដូចនេះនាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ នាឱកាសតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តគម្រោង «ការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ក្នុងវិស័យអប់រំ សម្រាប់កុមារ និងសហគមន៍ (BRACE)» ដែលគម្រោងនេះរៀបចំឡើងដោយអង្គការ Save the Children ប្រចាំកម្ពុជា ដើម្បីរួមចំណែកជួយដល់សិស្សនៅកម្ពុជា។
បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន បានបន្ថែមថា គម្រោង BRACE នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន និងកុមារប្រហែល ១,២៧លាននាក់ ដែលស្មើនឹងប្រមាណជា ២០% នៃចំនួនប្រជាជនសរុបនៅក្នុងតំបន់អន្តរាគមន៍។ កិច្ចអន្តរាគមន៍នានានៅក្នុងគម្រោង BRACE ពិតជាស្របតាមអាទិភាពនៃការអភិវឌ្ឍជាតិ និងការប្តេជ្ញារបស់កម្ពុជានៅក្នុងការគាំទ្រយុទ្ធសាស្ត្រអាកាសធាតុជាតិ និងផែនការជាតិរួមចំណែក ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជាដំណាក់កាលទី៣ ដែលបានទទួលស្គាល់ថា វិស័យអប់រំជាវិស័យគាំទ្រដ៏សំខាន់មួយដើម្បីកម្ពុជាសម្រេចបាននូវគោលដៅឆ្នាំ២០៣០ និងឆ្នាំ២០៥០ និងដើម្បីប្រែក្លាយជាប្រទេសអភិវឌ្ឍប្រកបដោយអព្យាក្រិត្តកាបូន។
គម្រោង BRACE ក៏នឹងរួមចំណែកដល់ការសម្រេចគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពទី ៤ ស្តីពីការអប់រំ និងគោលដៅទី១៣ ស្តីពីអាកាសធាតុ ផងដែរ។
ជាមួយគ្នានោះលោកបណ្ឌិតសភាចារ្យ ក៏រំលឹកដែរថា ក្រសួងអប់រំ យុវជន និងកីឡា ទើបតែបិទបញ្ចប់គម្រោងមួយមានឈ្មោះថា ប្រព័ន្ធអប់រំអាកាសធាតុវៃឆ្លាតនៅកម្ពុជា (CSESI) គាំទ្រដោយមូលនិធិភាពជាដៃគូសកលសម្រាប់អប់រំ (GPE) មានទឹកប្រាក់ ៧០ម៉ឺនដុល្លារ ដែលបានផ្តល់នូវមូលដ្ឋានដ៏សំខាន់សម្រាប់ការអនុវត្តគម្រោង BRACE នៅពេលនេះ។ តាមរយៈគម្រោង CSESI នាពេលកន្លងមក ប្រព័ន្ធអប់រំនៅកម្ពុជា បានពង្រឹងសមត្ថភាព និងយន្តការនានា ក្នុងការឆ្លើយតបនឹងហានិភ័យអាកាសធាតុ ក៏ដូចជាការពង្រឹងកិច្ចសម្របសម្រួលរវាងវិស័យអប់រំ និងវិស័យពាក់ព័ន្ធ ការបញ្ចូលបញ្ហាអាកាសធាតុទៅក្នុងការធ្វើផែនការ និងគោលនយោបាយអប់រំជាដើម។
នៅក្នុងរយៈពេល ៥ឆ្នាំ គម្រោង BRACE នឹងផ្តល់ការគាំទ្រលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ សាលារៀនឱ្យមានភាពធន់ សាលារៀនមានសុវត្ថិភាព ការត្រៀមខ្លួនសម្រាប់ឆ្លើយតបនឹងគ្រោះមហន្តរាយ និងការធានាបាននូវការសិក្សាដោយមិនមានការរំខានដល់កុមារ។ ការសម្រេចបានតាមការរំពឹងទុករបស់គម្រោង ពិតជាមិនអាចកាត់ផ្តាច់បានពីភាពជា ដៃគូដ៏រឹងមាំ និងគួរឱ្យទុកចិត្ត រវាងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងបរិស្ថាន ដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាល តាមរយៈសមូហភាពដឹកនាំ និងគ្រប់គ្រង រាប់ចាប់តាំងពីដំណាក់ កាលដំបូងនៃការរៀបចំគម្រោង និងការអនុវត្តគម្រោង។
ជាមួយគ្នានោះដែរ តាងនាមថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន ក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់អ្នកគ្រប់គ្រង និងសហការីរបស់អង្គការ Save the Children ទាំងអស់ ដែលតែងតែបានដើរតួនាទី និងចូលរួមជាមួយក្រសួង ក្នុងនាមជាដៃគូរយៈពេលវែង ទាំងក្នុងការ ពិភាក្សាគោលនយោបាយ ការផ្តល់ជំនួយបច្ចេកទេស និងការសម្របសម្រួលនានា។ ជាងនេះទៅទៀត បេសកកម្ម និងសកម្មភាពការងាររបស់អង្គការ Save the Children បានគិតគូរដល់ឧត្តមប្រយោជន៍របស់កុមារ ជាពិសេសកុមារងាយរងគ្រោះ ដែលជាបេះដូងនៃសកម្មភាព អប់រំ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ៕









