FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តបាត់ដំបង នាំយកអំណោយឧបត្ថម្ភគ្រួសារកងកម្លាំងជួរមុខ និងគ្រួសាររងគ្រោះខូតខាតផ្ទះ ដោយសារគ្រាប់ផ្លោងរបស់យោធាថៃ

14-01-2026 14:49

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកស្រី ព្រមទាំងក្រុមការងារ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ឧបត្ថម្ភជូនដល់គ្រួសារវីរកងទ័ពជួរមុខ និងវីរនគរបាលការពាព្រំដែន ចំនួន៣៤០គ្រួសារ នៅស្រុកសំពៅលូន។

លោក សុខ លូ លើកឡើងថា រាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែយកចិត្តទុកដាក់ចំពោះគ្រួសារវីរកងទ័ពជួរមុខជានិច្ច ដោយមិនទុកបងប្អូនចោលឡើយ តែងតែមើលថែឧបត្ថម្ភទំនុកបម្រុង មិនឱ្យជួបការខ្វះខាតឡើយ។

អភិបាលខេត្តបានបន្តទៀតថា ការយកចិត្តទុកដាក់នេះ ដើម្បីកុំឱ្យបងប្អូនវីរកងទ័ពមានការព្រួយបារម្ភ ចំពោះក្រុមគ្រួសារសាច់ញាតិ ព្រោះវីរកងទ័ពត្រូវមានកាតព្វកិច្ចឈរជើងការពារបូរណភាពទឹកដីនៅជួរមុខ ដូចនេះក្រុមគ្រួសារត្រូវបានអាជ្ញាធរបន្តយកចិត្តទុកដាក់គ្រប់ពេលវេលា។

បន្ថែមពីនេះ លោក សុខ លូ បានបន្តក្រើនរំលឹកពលរដ្ឋ ត្រូវយកចិត្តទុកដាក់ក្នុងការចូលរួមថែរក្សាអនាម័យបរិស្ថាន ដោយមិនត្រូវដុតសំរាមនាំឱ្យមានផ្សែងបំពុលបរិស្ថាន និងកាត់បន្ថយការប្រើឧបករណ៍បំពង់សំឡេងខ្លាំង ក្នុងភូមិឋានដែលបង្កការរំខាន ដោយសំឡេងប៉ះពាល់ការរស់នៅ របស់ពលរដ្ឋ និងភ្ញៀវទេសចរ។

អភិបាលខេត្ត បានអំពាវនាវដល់គ្រួសារកងទ័ព និងប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ ហើយជឿជាក់លើព័ត៌មានពិតដែលមានប្រភពច្បាស់លាស់ ពីអង្គភាពព័ត៌មានរបស់រដ្ឋាភិបាល។

លោក សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនពលរដ្ឋដែលមានសាច់ញាតិជាកងទ័ពបម្រើជាតិ តស៊ូលះបង់គ្រប់បែបយ៉ាងក្នុងការការពារ បូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន និងក្រើនរំលឹកបងប្អូនត្រូវរួបរួមគ្នា និងជឿជាក់លើរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការដឹកដ៏ឈ្លាសវៃ សម្តេចទ្វេតែងយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខប្រជាពលរដ្ឋទូទៅ និងក្រុមគ្រួសារវីរកងទ័ពជានិច្ច។

បន្ទាប់ពីជួបសំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភអំណោយជូនគ្រួសារវីរកងទ័ពជួរមុខ និងវីរនគរបាលការពាព្រំដែនរួចមក លោក សុខ លូ អភិបាលខេត្ត និងលោកស្រី ព្រមទាំងក្រុមការងារ បានបន្តអញ្ជើញចុះសាកសួរ សុខទុក្ខ គ្រួសាររងគ្រោះខូតខាតផ្ទះសម្បែងដោយសារគ្រាប់ផ្លោងបស់យោធាថៃនាពេលកន្លងមកនៅស្រុកសំពៅលូនចំនួន៦គ្រួសារ និងស្រុកភ្នំព្រឹកចំនួន២គ្រួសារ។

ក្នុងនោះ លោកអភិបាលខេត្ត និងលោកស្រី ក៏បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់មួយចំនួន រួមទាំងសម្ភារសិក្សាសម្រាប់កុមារឧបត្ថម្ភ ជូនគ្រួសាររងគ្រោះផងដែរ៕