រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ ២០២៥-២០២៩ សម្រាប់អាណត្តិទី៤ ក្រុមប្រឹក្សាខេត្ត
14-01-2026 14:40
(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ ២០២៥ (២០២៩) របស់រដ្ឋបាលខេត្ត សម្រាប់អាណត្តិទី៤ នៃក្រុមប្រឹក្សាខេត្ត នៅសាលាខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត សមាជិក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ តំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងភាគីពាក់ព័ន្ធជាច្រើន។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និង លោក ធូ ចាន់ពៅ អភិបាលរងខេត្តស្ទឹងត្រែង តំណាងលោក អអភិបាលខេត្ត។ កិច្ចប្រជុំ ផ្សព្វផ្សាយធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ ឲ្យមានការយល់ដឹងទូលំទូលាយអំពីទិសដៅ គោលដៅ និងអាទិភាពអភិវឌ្ឍន៍សំខាន់ៗរបស់ខេត្ត ក្នុងអំឡុងរយៈពេល៥ឆ្នាំខាងមុខ។
ក្នុងឱកាសនោះ លោក ធូ ចាន់ពៅ អភិបាលរងខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ (២០២៥–២០២៩) គឺជាឯកសារយុទ្ធសាស្ត្រដ៏សំខាន់ ដែលកំណត់ទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងបរិស្ថានរបស់ខេត្តស្ទឹងត្រែង ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
បន្ថែមពីនោះ ទៀត លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា យោងតាមខ្លឹមសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ការរៀបចំផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវប្រព្រឹត្តទៅតាមគោលការណ៍រួមទាំង៩ ដូចជា ១ការចែករំលែកព័ត៌មាន ២តម្លាភាព ៣សង្គតិភាព និងសុខដុមនីយកម្ម ៤ការចូលរួមពិគ្រោះយោបល់ជាទូទៅ ៥ការឆ្លើយតបនឹងតម្រូវការ ៦គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ ៧ប្រសិទ្ធភាព និងសុក្រឹតភាពសេដ្ឋកិច្ចនិងសង្គម ៨ការធានាចីរភាពធនធានធម្មជាតិ និងបរិស្ថាន និងទី ៩ការធានាសមធម៌។
លោកអភិបាលរងខេត្ត ក៏បានណែនាំ ដល់មន្ទីរ-អង្គភាព និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកផែនការនេះ ធ្វើជាមូលដ្ឋានសម្រាប់រៀបចំផែនការប្រចាំឆ្នាំ និងការអនុវត្តការងារជាក់ស្តែង ដើម្បីធានាឲ្យការអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង ដំណើរការទៅមុខយ៉ាងមានសមធម៌ ប្រសិទ្ធភាព និងនិរន្តរភាព។
ជាមួយគ្នានេះ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តបានលើកឡើងថា ផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ២០២៥-២០២៩ ខេត្ត បានផ្តល់ឱកាសឱ្យមានការចូលរួមដោយផ្ទាល់ ពីមន្ទីរ អង្គភាព ក្រុង ស្រុក អង្គការសង្គមស៊ីវិល វិស័យឯកជន តំណាងប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានា នៅក្នុងដំណើរការនៃការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ខេត្ត។
លោកបានបន្ថែមថា សម្រាប់ផែនការអភិវឌ្ឍន៍ខេត្ត ដែលបានបង្កើតឡើងនេះ ផ្តល់នូវគោលការណ៍ណែនាំផ្នែកគោលនយោបាយ និងក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត ដើម្បីតម្រង់ទិសរដ្ឋបាលខេត្ត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចនៅមូលដ្ឋាន និងលើកកម្ពស់គុណភាពសេវា សំដៅរួមចំណែកកាត់បន្ថយភាព ក្រីក្រ លើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តផងដែរ។
លោក ឈាង ឡាក់ បានបន្តថា ការអភិវឌ្ឍនខេត្ត ត្រូវការចាំបាច់ណាស់ការចូលរួមពី ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងការចូលរួមរបស់ប្រជាពលរដ្ឋ ដូចនេះ ផែនការអភវិឌ្ឍន៍រយៈពេលប្រាំឆ្នាំ២០២៥-២០២៩ ជាឯកសារបើក ទូលាយ រងចាំការចូលរួមគ្រប់តួអង្គខាងលើ។ ការអភិវឌ្ឍនមិនមែនជាសិទ្ធផ្តាច់មុខរបស់ មន្ទីរ វិស័យ អង្គភាព ណាមួយទេ គឺទាមទារការចូលទាំងអស់គ្នា ដើម្បីយើងឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យ ដែលបានកំណត់ នាពេលខាងមុខ។
ក្នុងនោះ លោកបានជំរុញឲ្យក្រុមប្រឹក្សាខេត្ត អាជ្ញាធរមូលដ្ឋាន មន្ទីរ-អង្គភាពពាក់ព័ន្ធ និងភាគីដៃគូអភិវឌ្ឍន៍ទាំងអស់ បង្កើនការសហការសាមគ្គីគ្នា អនុវត្តផែនការនេះឲ្យមានប្រសិទ្ធភាព តម្លាភាព និងសុចរិតភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និង បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការចូលរួមអនុវត្តផែនការ អភិវឌ្ឍន៍រយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តស្ទឹងត្រែង ឲ្យសម្រេចបានតាមគោលដៅដែលបានកំណត់។
ឆ្លៀតក្នុងឱកាសនោះដែរ ប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា ក្នុងនាមក្រុមប្រឹក្សាខេត្ត លោកសូមអំពាវនាវដល់វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូ អភិវឌ្ឍន៍ និងសប្បុរសជននានា ជួយគាំទ្រគម្រោង និងសកម្មភាព ឬសេវាជាអាទិភាពនានា ដែលឆ្លើយតបទៅ នឹងក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត ដែលបានកំណត់នៅក្នុងផែនការ អភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ ២០២៥-២០២៩ ខេត្ត ដើម្បីសម្រេចនូវចក្ខុវិស័យ ខេត្តស្ទឹងត្រែង មានស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ ប្រជាពលរដ្ឋទទួលបាន សេវាសាធារណៈ និងការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម ដើម្បីរួមចំណែកសម្រេចគោលដៅ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ឆ្នាំ២០៣០៕





















