រដ្ឋបាលរាជធានីភ្នំពេញ បើកសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ រយៈពេល២ថ្ងៃ
14-01-2026 10:49
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ រដ្ឋបាលរាជធានីភ្នំពេញ បើកសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដោយប្រារព្វធ្វើឡើងចំនួន២ថ្ងៃ គឺនៅថ្ងៃទី១៤-១៥ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងបិទក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ។
ក្នុងពិធីបើកសន្និបាតនៅព្រឹកថ្ងៃទី១៤ ខែមករានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឡើងអានសុន្ទរកថាបើកសន្និបាត។ បន្ទាប់មកលោក ហុក ហួរលីម នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ឡើងអានរបាយការណ៍សង្ខេប លទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។
នៅថ្ងៃដដែល សន្និបាតនេះ បានណែនាំ និងបែងចែកក្រុមពិភាក្សា ដោយមានលោក ឆាយ វីរៈ អភិបាលរងរាជធានី ជាអ្នកសម្របសម្រួលកិច្ចពិភាក្សាលើប្រធានបទមួយចំនួន ក្នុងនោះ រួមមាន៖
ក្រុមទី១៖ ដឹកនាំដោយលោក ឆាយ វីរៈ និងលោក ហួត ហៃអភិបាលរងរាជធានីភ្នំពេញ ពិភាក្សាលើប្រធានបទ-ការចុះបញ្ជីគម្រោងវិនិយោគឯកជនដែលមានទុនសមមូល ៥លានដុល្លារអាមេរិកចុះក្រោម
ក្រុមទី២៖ ការរៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ និងប្រព័ន្ឋប្រឡាយ-លូ ដែលមានលោក សុខ ពេញវុធ និងលោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ ដឹកនាំពិភាក្សា
ក្រុមទី៣៖ ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី និងលោក អ៊ុមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ ពិភាក្សាលើប្រធានបទ៖ ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដោយផ្តោតលើ «បទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam»
ក្រុមទី៤៖ ដឹកនាំដោយលោកស្រី តិមា វិច្ឆិកាល និងលោក ពេញ ធារម្យ អភិបាលរងរាជធានីភ្នំពេញ លើប្រធានបទ៖ ពង្រឹងការអនុវត្តបទបញ្ជាលេខ ០២ បប ស្តីពី «ការដាក់ចេញវិធានការ ហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សព្វផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិច និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា» និងលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក
ក្រុមទី៥៖ ដឹកនាំដោយលោក ឃ្លាំង ហួត និងលោក សេង វណ្ណៈ អភិបាលរងរាជធានីភ្នំពេញ ក្រោមប្រធានបទ៖ ការអភិវឌ្ឍរាជធានីភ្នំពេញ ប្រកបដោយចីរភាពដោយផ្តោតលើ «វិស័យសំណង់, រថយន្តក្រុងដឹកជញ្ជូនសាធារណៈ City Bus និងផ្លូវថ្មើរជើង»៕

































