FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនៈអ្នកជំនាញផ្នែកនយោបាយ៖ «ហ្គ្រីនឡែន (Greenland)៖ ដុំទឹកកកដែលមហាអំណាចកំពុងដណ្តើមគ្នា»

14-01-2026 10:43

(ភ្នំពេញ)៖ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ បានលើកឡើងថា «ហ្គ្រីនឡែន (Greenland) គឺជាដុំទឹកកកដែលមហាអំណាចកំពុងដណ្តើមគ្នា»

លោកបានវិភាគថា ការកើនឡើងកម្តៅនៃនយោបាយសកលនៅដើមឆ្នាំ២០២៦ មិនមែនកើតឡើងតែនៅតំបន់ត្រូពិកដូចជាវេណេស៊ុយអេឡានោះទេ ប៉ុន្តែវាកំពុងរាលដាលដល់តំបន់ប៉ូលខាងជើង។ កោះហ្គ្រីនឡែន ដែលធ្លាប់តែជាដែនដីទឹកកកដ៏ស្ងប់ស្ងាត់ បានក្លាយជាចំណុចកណ្តាលនៃព្យុះភូមិសាស្ត្រនយោបាយ រវាងសហរដ្ឋអាមេរិក រុស្ស៊ី និងចិន។

១. សហរដ្ឋអាមេរិក៖ ការទប់ស្កាត់ និងការលេបត្របាក់ (The Aggressive Defender)

សម្រាប់លោក Donald Trump កោះហ្គ្រីនឡែ នមិនមែនគ្រាន់តែជាកោះនោះទេ ប៉ុន្តែវាគឺជាអចលនទ្រព្យយុទ្ធសាស្ត្រ៖

*ខែលការពារជាតិ៖ អាមេរិកត្រូវការហ្គ្រីនឡែន ដើម្បីពង្រឹងមូលដ្ឋានទ័ពអាកាស Pituffik (Thule) សម្រាប់តាមដានមីស៊ីលឆ្លងទ្វីប។
*ការទប់ស្កាត់ចិន និងរុស្ស៊ី៖ អាមេរិកបារម្ភថា បើខ្លួនមិនគ្រប់គ្រងហ្គ្រីនឡែនទេ ចិននឹងប្រើអំណាចទឹកប្រាក់ ដើម្បីទិញឥទ្ធិពល ហើយរុស្ស៊ីអាចនឹងប្រើអំណាចយោធា ដើម្បីពង្រីកដែនទឹក។
*យុទ្ធសាស្ត្រ «វិធីទន់ និងវិធីរឹង»៖ ក្តោបក្តាប់ រ៉ែកម្រ (Rare Earths) ដែលជា «ឈាម» សម្រាប់ផលិតអាវុធឆ្លាតវៃ និងបន្ទះឈីប (Chips) អាមេរិកបានព្យាយាមសុំទិញដោយសន្តិវិធី ប៉ុន្តែនៅពេលដាណឺម៉ាកបដិសេធ។ លោក Trump បានចាប់ផ្តើមប្រើភាសាយោធា (Hard power) ដែលជាការផ្លាស់ប្តូរទម្រង់នយោបាយការបរទេសយ៉ាងខ្លាំង។ ជាងនេះទៀត រារាំងចិនមិនឱ្យបោះទុនសាងសង់ព្រលានយន្តហោះនៅហ្គ្រីនឡែន ដើម្បីកុំឱ្យចិនមាន «ច្រកទ្វារយោធា» នៅក្បែររបងផ្ទះអាមេរិក។

២. រុស្ស៊ី៖ ការទាមទារសិទ្ធិ និងការការពារដែនទឹក (The Arctic Giant)

រុស្ស៊ីមើលឃើញថាខ្លួនជាម្ចាស់ជោគវាសនានៃតំបន់អាកទិក ហើយការរំកិលខ្លួនរបស់អាមេរិកមកជិតហ្គ្រីនឡែន គឺជាការគំរាមកំហែងដល់ចម្ការផ្ទះក្រោយផ្ទះ របស់ខ្លួន៖

*ជម្លោះជួរភ្នំក្រោមសមុទ្រ (Lomonosov Ridge)៖ រុស្ស៊ី និងដាណឺម៉ាក កំពុងដណ្តើមគ្នាទាមទារអធិបតេយ្យលើបាតសមុទ្រអាកទិក ដែលសម្បូរទៅដោយប្រេង និងហ្គាស។
*អាវុធច្បាប់ និងប្រវត្តិសាស្ត្រ៖ វិមានក្រឹមឡាំងបានលើកឡើងពីតួនាទីរបស់អ្នករុករករុស្ស៊ីតាំងពីសតវត្សទី១៩ ដើម្បីទាមទារសិទ្ធិចូលរួមសម្រេចចិត្តលើស្ថានភាពរបស់ហ្គ្រីនឡែន ដោយមិនចង់ឱ្យអាមេរិកសម្រេចចិត្តតែម្នាក់ឯង។
*វិធីសាស្ត្រ៖ ដើម្បីក្តោបក្តាប់ប្រេង និងហ្គាសដ៏មហាសាលដែលលាក់ក្រោមក្រោមបាតសមុទ្រអាកទិក រុស្ស៊ីបានប្រើប្រាស់ភស្តុតាងវិទ្យាសាស្ត្រ និងច្បាប់សមុទ្រអន្តរជាតិ ដើម្បីទាមទារថា ជួរភ្នំក្រោមសមុទ្រ Lomonosov គឺជាចំណែកនៃដីរបស់រុស្ស៊ី។ បើឈ្នះ រុស្ស៊ីនឹងក្លាយជា «ស្តេចថាមពល» ថ្មីនៅតំបន់ប៉ូល។ ក្រៅពីនេះ រុស្ស៊ីកាការពារដាច់ខាតមិនឱ្យ NATO និងអាមេរិក រំកិលមូលដ្ឋានទ័ពចូលមកក្បែរព្រំដែនប៉ូលខាងជើងរបស់ខ្លួន ដោយប្រើហ្គ្រីនឡែនជា «របាំងយុទ្ធសាស្ត្រ» និងពង្រឹងកងនាវាបំបែកទឹកកកដើរដោយថាមពលនុយក្លេអ៊ែរ ដើម្បីបង្ហាញអំណាចថា រុស្ស៊ីគឺជាម្ចាស់តំបន់អាកទិកដែលមិនអាចរង្គោះរង្គើបាន។

៣. ចិន៖ ផ្លូវសូត្រទឹកកក និងគ្រាប់ពេជ្រពណ៌បៃតង (The Polar Silk Road)

ទោះបីចិននៅឆ្ងាយពីប៉ូលខាងជើង ប៉ុន្តែចិនបានប្រកាសខ្លួនជា «រដ្ឋជិតអាកទិក» (Near-Arctic State) ដើម្បីមានសិទ្ធិចែកចំណែកនំ៖

*សន្តិសុខធនធាន៖ ហ្គ្រីនឡែនមានរ៉ែកម្រ (Rare Earths) ដែលចិនចង់ក្តោបក្តាប់ ដើម្បីរក្សាឧត្តមភាពក្នុងវិស័យបច្ចេកវិទ្យា និងឡានអគ្គិសនី។
*ផ្លូវនាវាចរណ៍ថ្មី៖ ការរលាយទឹកកកបានបើកផ្លូវទឹកថ្មីដែលជួយឱ្យនាវាចិនធ្វើដំណើរទៅអឺរ៉ុបលឿនជាងមុន ជៀសផុតពីការគ្រប់គ្រងរបស់អាមេរិកនៅច្រកសមុទ្រម៉ាឡាកា។
*យុទ្ធសាស្ត្រ៖ ក្នុងន័យនេះ ចិន បានបង្កើត «ផ្លូវសូត្រប៉ូល» (Polar Silk Road) ដោយប្រើលុយវិនិយោគលើវិស័យរ៉ែ និងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ ដើម្បីធ្វើឱ្យហ្គ្រីនឡែន ជំពាក់គុណ ឬពឹងផ្អែកលើសេដ្ឋកិច្ចចិន។ ក្រៅពីនេះ ចិនក៏បានរុញបញ្ហាហ្គ្រីនឡែនឱ្យទៅជា «បញ្ហាពិភពលោក» តាមរយៈវេទិកាអន្តរជាតិ ដើម្បីទាមទារឱ្យតំបន់អាកទិកជាសម្បត្តិរួម ក្នុងបំណងបង្អាក់មហិច្ឆតាអាមេរិក ដែលចង់លេបត្របាក់កោះនេះផ្តាច់មុខ។

៤. ហ្គ្រីនឡែន៖ កូនអុកដែលចង់លោតចេញពីក្តារ

នៅកណ្តាលជម្លោះនេះ ប្រជាជនហ្គ្រីនឡែន ៥៦ ០០០ នាក់ មិនមែនគ្រាន់តែជាទំនិញសម្រាប់លក់ដូរនោះទេ៖

*មោទនភាពជាតិ៖ ពួកគេចង់បានឯករាជ្យពីដាណឺម៉ាក ប៉ុន្តែពួកគេក៏មិនចង់ក្លាយជារដ្ឋទី៥១ របស់អាមេរិក ឬជាអាណានិគមសេដ្ឋកិច្ច របស់ចិនដែរ។
*អធិបតេយ្យភាព៖ ការដែលអាមេរិកភ្ជាប់បញ្ហាហ្គ្រីនឡែន ទៅនឹងការប្រើកម្លាំងបាយនៅវេណេស៊ុយអេឡា បានធ្វើឱ្យប្រជាជនកោះនេះមានការប្រុងប្រយ័ត្នខ្ពស់ និងងាកមកពង្រឹងអត្តសញ្ញាណជាតិខ្លួនឯង។

ហ្គ្រីនឡែនប្រើ «អំណាចវប្បធម៌ និងសិទ្ធិសម្រេចវាសនាខ្លួនឯង» ជាខែលការពារ ដើម្បីកុំឱ្យមហាអំណាចយកកោះរបស់ខ្លួនធ្វើជាក្តារអុកសម្រាប់លេងល្បែងសង្គ្រាម។

សេចក្តីសន្និដ្ឋាន៖ ពិភពលោកកំពុងមើលឃើញការវិលត្រឡប់នៃចក្រពត្តិនិយមភូមិសាស្ត្រ

នៅលើក្តារអុកនេះ ហ្គ្រីនឡែន គឺជាកូនអុកដ៏មានតម្លៃ។ ប្រសិនបើអាមេរិកលេបយកហ្គ្រីនឡែនបាន វានឹងក្លាយជាការផ្លាស់ប្តូរតុល្យភាពអំណាចពិភពលោក។ ប៉ុន្តែប្រសិនបើចិន និងរុស្ស៊ីអាចចាប់ដៃគ្នាទប់ទល់បាន តំបន់អាកទិកនឹងក្លាយជាសមរភូមិសង្គ្រាមត្រជាក់ថ្មីមួយ ដែលពិភពលោកត្រូវតាមដានដោយយកចិត្តទុកដាក់បំផុត។

ក្នុងល្បែងនេះ ដាណឺម៉ាក និងហ្គ្រីនឡែន គឺជាកូនអុក ដែលស្ថិតក្នុងស្ថានភាពពិបាកបំផុត៖

*ប្រសិនបើដាណឺម៉ាកទន់ជ្រាយតាមអាមេរិក ខ្លួននឹងបាត់បង់មុខមាត់ និងអធិបតេយ្យភាព។
*ប្រសិនបើហ្គ្រីនឡែនងាកទៅរកចិនដើម្បីយកលុយ ខ្លួនអាចនឹងធ្លាក់ក្នុងអន្ទាក់សេដ្ឋកិច្ច។
*ប្រសិនបើរុស្ស៊ីបង្កើនយោធាខ្លាំងពេក តំបន់នេះនឹងក្លាយជាសមរភូមិសង្គ្រាមត្រជាក់ថ្មី៕