FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វិភាគអន្តរជាតិ៖ តើទណ្ឌកម្ម និងវិបត្តិរូបិយប័ណ្ណ បង្កឱ្យមានបាតុកម្មយ៉ាងកក្រើកនៅអ៉ីរ៉ង់យ៉ាងដូចម្ដេច?

13-01-2026 23:05

(វ៉ាស៊ីនតោន)៖ វិបត្តិកសេដ្ឋកិច្ចដែលបានឆាបឆេះយ៉ាងសន្សឹមៗនៅក្នុងប្រទេសអ៉ីរ៉ង់ បានឈានដល់ចំណុចកំពូលមួយកាលពីចុងខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីតម្លៃប្រាក់ Rial របស់អ៉ីរ៉ង់បានធ្លាក់ចុះទាប បំផុតមួយធៀបទៅនឹងលុយដុល្លារអាមេរិក រហូតដល់ថ្នាក់ធ្វើឱ្យប្រជាជនអ៉ីរ៉ង់មួយចំនួនធំគ្មានលទ្ធភាពទិញរបស់របរ ឬទំនិញប្រើប្រាស់ប្រចាំថ្ងៃរបស់ពួកគេ។ ម្ចាស់ហាងទំនិញ និងពាណិជ្ជករបានស្ថិត នៅក្នុងចំំណោមអ្នកដែលបានងើបឡើងតវ៉ាមុនគេ ដើម្បីបង្ហាញការខកចិត្តចំពោះរដ្ឋាភិបាលដែលពួកគេចោទថាគ្មានសមត្ថភាពដោះស្រាយបញ្ហាសេដ្ឋកិច្ច។ កាលពីដើមខែមករានេះ ភាពចលាចល បានរីករាលដាលកាន់តែធំ ផ្ទុះទៅជាបាតុកម្មទូទាំងប្រទេសដោយមានការចូលរួមផងដែរពីក្រុមនិស្សិត កម្មករ និងអ្នកធ្វើការមកពីវិស័យជាច្រើនទៀត។ បាតុកម្មដែលដំបូងឡើយត្រឹមតែជាការអំពាវនាវ ឱ្យរដ្ឋាភិបាលធ្វើឱ្យប្រសើរឡើងនូវជីវភាពស្ដង់ដាររបស់ប្រជាជន បានប្រែក្លាយទៅជាបាតុកម្មទាមទារឱ្យប្ដូររបបដឹកនាំរបស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei។

* តើអ្វីទៅបណ្ដាលឱ្យបាតុកម្មផ្ទុះឡើង?
អ៉ីរ៉ង់ទិញទំនិញសំខាន់ៗពីក្រៅប្រទេសក្នុងនោះរួមមានស្រូវសាឡី ប្រេងចំអិនម្ហូប និងគ្រឿងផ្សំផលិតថ្នាំពេទ្យ។ តែការធ្លាក់ចុះនៃតម្លៃប្រាក់ Rial បានធ្វើឱ្យការនាំចូលទំនិញទាំងនោះឡើងថ្លៃខ្ពស់ កប់ពពក ដោយជំរុញឱ្យម្ចាស់ហាងទំនិញនាំគ្នាដំឡើងតម្លៃដើម្បីទប់ការខាត់បង់ដែលជាហេតុធ្វើឱ្យទំនិញប្រើប្រាស់ប្រចាំថ្ងៃឡើងថ្លៃដែរ។ គ្រោះរាំងស្ងួតរយៈពេល៥ឆ្នាំមកនេះ បានបង្កផលប៉ះពាល់ ធ្ងន់ធ្ងរដល់ការផលិតចំណីអាហារនៅក្នុងស្រុក និងធ្វើឱ្យអ៉ីរ៉ង់កាន់តែពឹងផ្អែកលើការនាំចូលទំនិញទោះជាមានតម្លៃថ្លៃក៏ដោយ។ អង្គការរូបបិយវត្ថុអន្តរជាតិ IMF បានវាយតម្លៃថាអតិផរណានៅអ៉ីរ៉ង់ មានអត្រា ៤២ភាគរយក្នុងឆ្នាំ២០២៥ ធៀបទៅនឹង៣៣ភាគរយកាលពីឆ្នាំ២០២៤។ មិនតែប៉ុណ្ណោះ ក៏មានដែរការខឹងសម្បារទៅនឹងការបំពុលខ្យល់អាកាសរ៉ុំារ៉ៃ ការខ្វះខាតឧស្ម័ន និងអគ្គិសនី ព្រមទាំងការគ្រប់គ្រងធនធម្មជាតិមិនបានល្អ។ ប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចនេះ រដ្ឋាភិបាលអ៉ីរ៉ង់បានដាក់ចេញវិធានកែសម្រួលប្រាក់ឧបត្ថម្ភធនលើប្រេងឥន្ធនៈកាលពីខែធ្នូកន្លងទៅ និងដំឡើងតម្លៃប្រេងឥន្ធនៈជាដើម។ តែនៅតែមិនអាចស្ដារស្ថានការណ៍បាន។​

* ហេតុអ្វីប្រាក់ Rial របស់អ៉ីរ៉ង់ ធ្លាក់ថ្លៃ?
ប្រាក់ Rial របស់អ៉ីរ៉ង់បានស្ថិតនៅក្រោមសម្ពាធជាច្រើនឆ្នាំមកហើយដោយសារតែទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិចនាំមុខដោយសហរដ្ឋអាមេរិក និងអំពើពុករលួយជាលក្ខណៈប្រព័ន្ធដែលបាន បំផ្លាញទំនុកចិត្តនៅក្នុងវិស័យសេដ្ឋកិច្ច។ ប្រាក់ Rial បានធ្លាក់ថ្លៃដល់ទៅ៤៥ភាគរយ ដូរជាមួយនឹងលុយដុល្លារអាមេរិកកាលពីឆ្នាំ២០២៥ ខណៈប្រជាជនអ៉ីរ៉ង់នាំគ្នាដូរលុយសន្សំរបស់ពួកគេទៅជា រូបិយបណ្ណបរទេស មាស ឬអចលនទ្រព្យ។ នេះបើតាមគេហទំព័រ Bonbast.com។ សេដ្ឋកិច្ចរបស់អ៉ីរ៉ង់ក៏រងផលប៉ះពាល់ពីការធ្លាក់ចុះតម្លៃប្រេងដែរ។ ប្រេងឆៅ គឺប្រេងប្រភេទ Brent បានធ្លាក់ថ្លៃ ១៨ភាគរយក្នុងឆ្នាំ២០២៥ ឬស្មើនឹង ៦០ដុល្លារក្នុងមួយបារ៉ែល ទាបជាង ១៦៥ដុល្លារក្នុងមួយបារ៉ែលដែលរដ្ឋាភិបាលអ៉ីរ៉ង់ត្រូវការជាចាំបាច់ដើម្បីបំប៉នកញ្ចប់ថវិកាជាតិរបស់ខ្លួន។ នេះបើតាមការវាយតម្លៃរបស់ IMF កាលពីខែឧសភា ឆ្នាំមុន។ វិបត្តិរូបិយបណ្ណកាន់តែមានសភាពធ្ងន់ធ្ងរដោយសារតែអ៉ីរ៉ង់ប្រើប្រព័ន្ធអត្រាប្ដូរប្រាក់ដល់ទៅ៣ប្រភេទ ដែលនៅក្រោមប្រព័ន្ធនេះ រដ្ឋាភិបាល បានផ្ដល់ប្រាក់ឧបត្ថម្ភធនដល់ការនាំចូលទំនិញមួយចំនួនសម្រាប់ស្ថាប័ន ឬអង្គភាពមួយចំនួន។ ប្រព័ន្ធបែបនេះបានបង្កឱ្យមានអំពើពុករលួយដែលធ្វើឱ្យប្រជាជនអ៉ីរ៉ង់ថ្នាំងថ្នាក់ចិត្ត។

* ចុះក្រែងអ៉ីរ៉ង់ជាប្រទេសមានប្រេងបម្រុងជាប់ចំណាត់ថ្នាក់លេខ៣ លើពិភពលោក?
ខណៈអ៉ីរ៉ង់ជាប្រទេសមានប្រេងបម្រុងជាប់ចំណាត់ថ្នាក់លេខ៣ លើពិភពលោក ការលក់ប្រេងឆៅទៅកាន់ទីផ្សារអន្តរជាតិស្ថិតក្រោមការរឹតត្បិតដោយសារតែទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច។ និយាយជារួមមានប្រេងបម្រុងច្រើនសន្ធឹក តែពិបាកលក់ចេញ។ ទណ្ឌកម្មសេដ្ឋកិច្ចនេះត្រូវបានអនុវត្តជាលើកដំបូងជាការឆ្លើយតបទៅនឹងការរឹបអូសស្ថានទូតអាមេរិក ដោយអាជ្ញាធរអ៉ីរ៉ង់ បន្ទាប់ពីបដិវត្តន៍អ៉ីស្លាមឆ្នាំ១៩៧៩។ ទណ្ឌកម្មត្រូវបានពង្រីកបន្តិចម្ដងៗ នាប៉ុន្មានទសវត្សរ៍ក្រោយមកទៀត។ រហូតដល់ទសវត្សរ៍ឆ្នាំ២០០០ សហរដ្ឋអាមេរិកកាន់តែរឹតបន្តឹងលើ ការអនុវត្តការដាក់ទណ្ឌកម្ម ក្រោមកិច្ចប្រឹងប្រែងមួយដែលរដ្ឋបាលអាមេរិកស្ទើរគ្រប់ជំនាន់អះអាងថាដើម្បីទប់ស្កាត់កុំឱ្យអ៉ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរ។ នៅក្រោមការដាក់ទណ្ឌកម្ម អ៉ីរ៉ង់ពិបាក ក្នុងការស្វែងរកការវិនិយោគពីបរទេស និងចូលទៅកាន់បច្ចេកវិទ្យាទំនើបៗ ហើយក្រុមហ៊ុនបរទេសជាម៉ាកយីហោល្បីបានដកខ្លួនចេញពីអ៉ីរ៉ង់។ ការនាំចេញប្រងនៅតែសសៃឈាមដ៏សំខាន់នៃ សេដ្ឋកិច្ចអ៉ីរ៉ង់ ហើយភាគច្រើននៃប្រេងរបស់ទាំងនោះត្រូវបានលក់ទៅក្រៅប្រទេសតាមបណ្ដាញទីផ្សារងងឹត ទៅកាន់បណ្ដាក្រុមហ៊ុនចិន ដែលជាអ្នកទិញប្រេងធំបំផុតពីអ៉ីរ៉ង់ក្រោមការលក់បញ្ចុះតម្លៃ ដោយសារតែទណ្ឌកម្មសេដ្ឋកិច្ច។

បើតាមអង្គការសិទ្ធិមនុស្ស HRANA មានមូលដ្ឋាននៅសហរដ្ឋអាមេរិក គិតចាប់តាំងពីបាតុកម្មផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែធ្នូមក មនុស្សយ៉ាងហោច ៥៩៩នាក់បានស្លាប់ ក្នុងនោះ៥១០នាក់ជាបាតុករ និង៨៩នាក់ជាកងកម្លាំងសន្តិសុខ៕