ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សមាគមបណ្តាញកសិករតេជោ និងវិទ្យាស្ថានស៊ីអ៊ីអូ រួមគ្នាជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា
13-01-2026 22:26
(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សមាគមបណ្តាញកសិករតេជោ និងវិទ្យាស្ថានស៊ីអ៊ីអូ បានសហការរៀបចំវេទិកាជួបជុំសហគ្រិនកសិកម្ម ដាំដុះ និងចិញ្ចឹមសត្វ ឆ្នាំ២០២៦ ដើម្បីពិភាក្សាពីលទ្ធភាពទទួលបានហិរញ្ញប្បទានពិសេសគាំទ្រដល់វិស័យកសិកម្ម ការចែករំលែកបទពិសោធកសិកម្មទំនើប រួមទាំងការតភ្ជាប់ទីផ្សារផលិតផលកសិកម្ម និងការទំនាក់ទំនងជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។
វេទិកានេះវេទិកានេះត្រូវបានរៀបចំឡើងនៅទីស្នាក់ការកណ្ដាលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងលោកបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិកវិទ្យាស្ថានស៊ីអ៊ីអូ។ វេទិកានេះមានការចូលរួមដោយថ្នាក់ដឹកនាំធនាគារ ARDB តំណាងសមាគមបណ្តាញកសិករតេជោ ព្រមទាំងសមាជិក សមាជិកា ជាសហគ្រិនវ័យក្មេងជាច្រើនផងដែរ សរុបជាង ១០០នាក់។
ក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច បានលើកឡើងពីគោលនយោបាយរាជរដ្ឋាភិបាលក្នុងការគាំទ្រវិស័យកសិកម្ម ក៏ដូចជាបច្ចុប្បន្នភាពក្នុងការឆ្លើយតបទៅនឹងបរិបទក្រោយសង្គ្រាមឈ្លានពានពីប្រទេសជិតខាង។
លើសពីនេះ លោកបណ្ឌិតបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ក្រុមការងារសមាគមបណ្តាញកសិករតេជោ, វិទ្យាស្ថានស៊ីអ៊ីអូ និងក្រុមការងាររបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលបានខិតខំក្នុងការរៀបចំវេទិកានេះឡើង ដើម្បីផ្តល់ជាឱកាសសម្រាប់កិច្ចពិភាក្សាពីលទ្ធភាពទទួលបានហិរញ្ញប្បទានពិសេសគាំទ្រដល់វិស័យកសិកម្ម ការចែករំលែកបទពិសោធកសិកម្មទំនើប រួមទាំងការតភ្ជាប់ទីផ្សារផលិតផលកសិកម្ម និងការទំនាក់ទំនងជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។
ទន្ទឹមនេះ តំណាងខាង វិទ្យាស្ថានស៊ីអ៊ីអូ ក៏បានវាយតម្លៃខ្ពស់ចំពោះវេទិកានេះ និងសង្ឃឹមយ៉ាងមុតមាំថា មានការសហការរៀបចំកម្មវិធីដូចនេះ នាពេលអនាគត។
ធម្មទានាចារ្យ កឹម អឿន នាយកប្រតិបត្តិ វិទ្យាស្ថានស៊ីអ៊ីអូ មានប្រសាសន៍ថា ស្ថានភាពបច្ចុប្បន្ននេះ នេះគឺជាឱកាសល្អ ដែលអ្នកដាំដុះ និងអ្នកចិញ្ចឹមសត្វ ត្រូវចាប់យកឱកាសនិងពង្រឹងសមត្ថភាព ក្នុងការផលិត សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក។
លោកបន្ថែមថា បើមើលពីនិន្នាការក្នុងតំបន់អាស៊ី ប្រទេសនានាបានដាក់ចេញនូវយុទ្ធសាស្រ្ត អទិភាពមួយដូចគ្នា គឺការកសាងភាពម្ចាស់ការលើស្បៀងអាហារ ខណៈប្រទេសជិតខាងកម្ពុជាកំពុងកាត់បន្ថយការនាំចូល និងពង្រឹងការផលិតក្នុងស្រុក តាមរយៈការធ្វើកសិកម្មទំនើប ។
លោកមានប្រសាសន៍ថា សម្រាប់នៅកម្ពុជា ការពង្រឹងការដាំដុះបន្លែ និងចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ទីផ្សារដោយខ្លួនឯង មិនមែនជាជម្រើសនោះទេ ប៉ុន្តែវាគឺជា«ភាពចាំបាច់ដាច់ខាត» ដើម្បីធានាស្ថិរភាពសេដ្ឋកិច្ច និងកាត់បន្ថយការហូរចេញនៃរូបិយប័ណ្ណជាតិ។
លោកបន្តថា «តាមរយៈបទពិសោធន៍ពីវេទិកាកសិកម្មធំៗក្នុងតំបន់ ដូចជាវេទិកា Grow Asia ជាដើម បានបង្ហាញថា ដើម្បីជោគជ័យ យើងត្រូវការសសរទ្រូងធំៗពីរដែលមិនអាចខ្វះបាន៖ ទី១ គឺ «ហិរញ្ញប្បទាន និងការគាំទ្រគោលនយោបាយ» ដោយ កសិករមិនអាចរីកចម្រើនបានទេ បើគ្មានទុន និងការតម្រង់ទិសច្បាស់លាស់។ ត្រង់ចំណុចនេះ យើងពិតជាមានសំណាងណាស់ដែលថ្ងៃនេះ យើងនឹងបានស្តាប់ការចែករំលែកដោយផ្ទាល់ពី លោកបណ្ឌិត កៅ ថាច អំពីគោលនយោបាយ និងលទ្ធភាពទទួលបានហិរញ្ញប្បទានពីធនាគារ ARDB ដែលជាឆ្អឹងខ្នងហិរញ្ញវត្ថុសម្រាប់កសិករកម្ពុជា។ ទី២ គឺ ការកសាងសមត្ថភាពធនធានមនុស្ស និងផ្នត់គំនិតសហគ្រិន។ នៅតាមបណ្តាប្រទេសជឿនលឿន គេលែងហៅកសិករថាជា «អ្នកធ្វើស្រែចម្ការ» ទៀតហើយ ប៉ុន្តែគេហៅថា «Agri-Preneurs» ឬ «សហគ្រិនកសិកម្ម»។»
លោកបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិក វិទ្យាស្ថានស៊ីអ៊ីអូ បានលើកឡើងថា ដើម្បីជំរុញឱ្យកសិករកម្ពុជា ក្លាយជា សហគ្រិនកសិកម្ម វិទ្យាស្ថានស៊ីអ៊ីអូ នឹងសហការជាមួយនឹងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សមាគមបណ្តាញកសិករតេជោ ជំរុញការបណ្តុះបណ្តាលបច្ចេកទេស និងគំនិតនៃការធ្វើអាជីវកម្មដល់កសិករ និងបង្កើតមជ្ឈមណ្ឌល «one stop solution» ដើម្បីផ្តល់ប្រឹក្សាយោបល់ និងដំណោះស្រាយ លើបញ្ហាផ្សេងៗដល់សហគ្រិនកសិករ។
លោកជឿជាក់ថា យន្តការនេះ នឹងជំរុញឱ្យវិស័យកសិកម្មនៅកម្ពុជា កាន់តែរីកចម្រើន៕










