វិចារណកថា៖ ព័ត៌មានមិនពិតអំពីបរិស្ថាន បំផ្លាញធម្មជាតិ និងសន្តិសុខសង្គម
13-01-2026 22:08
(ភ្នំពេញ)៖ ការផ្សព្វផ្សាយព័ត៌មានខុសអំពីបរិស្ថានមិនមែនជាបញ្ហាព័ត៌មានបំភាន់ធម្មតាទេ ប៉ុន្តែវាជាការគំរាមកំហែងដល់ការការពារបរិស្ថាន ការមិនគោរពច្បាប់ នឹងនាំដល់ការបង្កអស្ថេរភាពសង្គម។
នៅក្នុងយុគសម័យឌីជីថលទំនើប ព័ត៌មានត្រូវបានផ្សព្វផ្សាយយ៉ាងឆាប់រហ័សតាមរយៈបណ្តាញសង្គម គេហទំព័រ និងកម្មវិធីផ្ញើសារអេឡិចត្រូនិចផ្សេងៗ។ ខណៈដែលវាអាចជួយឱ្យយើងទទួលបានព័ត៌មានសំខាន់ៗយ៉ាងលឿន និងងាយស្រួល ប៉ុន្តែវាក៏បង្កើនហានិភ័យនៃការផ្សព្វផ្សាយព័ត៌មានមិនពិតផងដែរ។ នៅពេលដែលព័ត៌មានមិនពិតអំពីការការពារបរិស្ថានត្រូវបានចែករំលែក វាអាចបង្កការភាន់ច្រលំយ៉ាងធ្ងន់ធ្ងរដល់ការយល់ដឹងសាធារណៈ និងការអនុវត្តច្បាប់ក្នុងការការពារបរិស្ថាន។
១៖ ការបំភាន់មតិសាធារណៈ និងការបំពានច្បាប់៖
ព័ត៌មានមិនពិតឬខុស អំពីបរិស្ថានជាញឹកញាប់បង្កការយល់ច្រឡំក្នុងសង្គម។ ឧទាហរណ៍ ព័ត៌មានមិនពិតដែលអះអាងថាការប្រែប្រួលអាកាសធាតុមិនមានពិត ឬថាការបំពុលមិនប៉ះពាល់ អាចធ្វើឲ្យមនុស្សមិនចង់គាំទ្រច្បាប់ការពារបរិស្ថាន។ នៅពេលប្រជាពលរដ្ឋត្រូវបានបំភាន់ ពួកគេអាចមិនគោរពច្បាប់ដូចជា ការគ្រប់គ្រងសំរាម ការការពារសត្វព្រៃ ឬការគ្រប់គ្រងការបំពុល។ វាធ្វើឱ្យការខិតខំរួមគ្នាដើម្បីការពារធម្មជាតិកាន់តែទន់ខ្សោយ។ យោងតាម ក្រមបរិស្ថាន និងធនធានធម្មជាតិ ឆ្នាំ២០២៣ កិច្ចគាំពារបរិស្ថានតម្រូវឱ្យមានការចូលរួមដោយស្មោះត្រង់ពីគ្រប់ភាគីពាក់ព័ន្ធ។ នៅពេលមានការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវ ដូចជាការអះអាងថាការបំពុលទឹក ឬខ្យល់មិនមានផលប៉ះពាល់ វានឹងធ្វើឱ្យប្រជាពលរដ្ឋមានភាពធ្វេសប្រហែស មិនត្រៀមខ្លួនការពារសុខភាព និងលែងចង់ចូលរួមក្នុងយុទ្ធនាការបរិស្ថាននានា។ សកម្មភាពនេះ ប៉ះពាល់ដោយផ្ទាល់ដល់គោលការណ៍ "អ្នកបង្កការបំពុលត្រូវទទួលខុសត្រូវ" ព្រោះព័ត៌មានខុសអាចជួយបិទបាំងកំហុសរបស់អ្នកបំផ្លាញបរិស្ថាន។
២៖ ការរារាំងកិច្ចប្រតិបត្តិការរបស់មន្ត្រីអនុវត្តច្បាប់៖
ស្ថាប័នអនុវត្តច្បាប់មានតួនាទីសំខាន់ក្នុងការការពារបរិស្ថាន។ ពួកគេមានភារកិច្ចធានាថា ច្បាប់បរិស្ថានត្រូវបានអនុវត្តដោយរោងចក្រ ក្រុមហ៊ុន និងបុគ្គលទូទៅ។ ច្បាប់ទាំងនេះជួយគ្រប់គ្រងការបំពុលខ្យល់និងទឹក ការការពារព្រៃឈើនិងសត្វព្រៃ និងការចោលកាកសំណល់ដោយសុវត្ថិភាព ដើម្បីធានាបាននូវការអភិវឌ្ឍដោយចីរភាពសម្រាប់មនុស្សគ្រប់ជំនាន់។ ទោះយ៉ាងណា នៅពេលព័ត៌មានមិនពិតត្រូវបានផ្សព្វផ្សាយ វាធ្វើឲ្យការងាររបស់អាជ្ញាធរកាន់តែពិបាក។ ព័ត៌មានមិនពិតអាចត្រូវបានគេប្រើប្រាស់ជាឧបករណ៍ដើម្បីញុះញង់ឱ្យមានការប្រឆាំងនឹងអាជ្ញាធរ។ សាធារណជនអាចប្រឆាំង ឬបដិសេធទិន្នន័យវិទ្យាសាស្ត្ររបស់ក្រសួង ឬស្ថាប័នជំនាញ ដែលធ្វើឱ្យការអនុវត្តច្បាប់លើរោងចក្រ ឬសហគ្រាសដែលបង្កការបំពុល ឱ្យកាន់តែមានភាពស្មុគស្មាញនិងគ្រោះថ្នាក់ ឬក៏ចោទប្រកាន់អាជ្ញាធរថាធ្វើការមិនយុត្តិធម៌ ទោះបីជាពួកគេកំពុងអនុវត្តច្បាប់ត្រឹមត្រូវក៏ដោយ។
៣៖ ការប្រើប្រាស់ព័ត៌មានខុសដើម្បីលាក់បាំងបទល្មើស៖
ការផ្សព្វផ្សាយព័ត៌មានមិនពិតអាចត្រូវបានប្រើដើម្បីលាក់បាំងសកម្មភាពខុសច្បាប់។ ឧទាហរណ៍ ក្រុមហ៊ុន ឬក្រុមដែលពាក់ព័ន្ធនឹងការកាប់ឈើខុសច្បាប់ ការជួញដូរសត្វព្រៃ ឬការចោលសំណល់គីមី អាចផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីបំភាន់សាធារណៈ និងបង្វែរភ្នែកពីអំពើរបស់ខ្លួន។ វាធ្វើឱ្យសម្ពាធសាធារណៈថយចុះ និងពន្យារពេលការចាត់វិធានការតាមច្បាប់ ដែលអនុញ្ញាតឲ្យការខូចខាតបរិស្ថានបន្តកើតឡើង។ សកម្មភាពនេះមិនត្រឹមតែបំផ្លាញធនធានជាតិប៉ុណ្ណោះទេ ប៉ុន្តែវាជាការរំលោភលើបញ្ញត្តិស្តីពី «បទល្មើសបរិស្ថាន» ដែលមានចែងក្នុងក្រមយ៉ាងធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការផ្តន្ទាទោសទាំងផ្នែករដ្ឋប្បវេណី និងព្រហ្មទណ្ឌ។
៤៖ ការបង្កចលាចល និងការបាត់បង់ទំនុកចិត្តលើអាជ្ញាធរ៖
បញ្ហាធ្ងន់ធ្ងរមួយទៀតគឺ ព័ត៌មានមិនពិតអាចបង្កជា ការភ័យស្លន់ស្លោ ឬ ការខ្វះទំនុកចិត្ត ក្នុងសង្គម។ ឧទាហរណ៍ ការចុះផ្សាយបំផ្លើសអំពីគ្រោះមហន្តរាយធម្មជាតិ ឬការលេចធ្លាយសារធាតុគីមីដែលមិនមែនជាការពិត នាំឱ្យមានភាពចលាចល ផ្អើលឆោឡោ ដែលធ្វើឱ្យអាជ្ញាធរ និងសេវាកម្មសង្គ្រោះបន្ទាន់ជួបការលំបាកយ៉ាងខ្លាំងក្នុងការគ្រប់គ្រងស្ថានការណ៍ពិតប្រាកដ។ ផ្ទុយទៅវិញ ការបដិសេធគ្រោះថ្នាក់ពិតប្រាកដ ក៏ធ្វើឱ្យមនុស្សមិនបានប្រុងប្រយ័ត្ន ដែលនាំឱ្យមានគ្រោះថ្នាក់ដល់ជីវិត។
៥៖ ទំនួលខុសត្រូវចំពោះមុខច្បាប់ និងដំណោះស្រាយ៖
ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាល រួមជាមួយស្ថាប័នពាក់ព័ន្ធនឹងវិស័យបរិស្ថាន ត្រូវអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះបុគ្គល ឬក្រុមដែលចេតនាផ្សព្វផ្សាយព័ត៌មានបំភ្លៃ ដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ និងបរិស្ថាន តាមរយៈវិធានការដោះស្រាយដូចខាងក្រោម៖
- បង្ការ និងបង្ក្រាបរាល់សកម្មភាពបង្កចលាចល៖ រដ្ឋត្រូវបង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យខានតែបាននូវរាល់សកម្មភាព ឬទង្វើទាំងឡាយណាដែលប៉ុនប៉ងរុញច្រានប្រទេសជាតិឱ្យធ្លាក់ចូលទៅក្នុងស្ថានភាពសង្គ្រាម ឬភាពចលាចលវឹកវរក្នុងសង្គម។ ជាពិសេស ការផ្សព្វផ្សាយព័ត៌មានមិនពិតដែលពាក់ព័ន្ធនឹងបញ្ហាធនធានធម្មជាតិ តាមរយៈបណ្តាញសង្គម និងចលនាផ្ទៃក្នុង ដែលមានបំណងញុះញង់ឱ្យមានការយល់ច្រឡំលើកិច្ចការអភិរក្ស។ ក្នុងន័យនេះ ស្ថាប័ន និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដាន ស្រាវជ្រាវ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរាល់ទង្វើមិនស្របច្បាប់ទាំងនេះក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធានាថាធនធានធម្មជាតិត្រូវបានការពារ
- បង្កើតយន្តការតាមដាន និងការពារកិត្តិយសស្ថាប័នសាធារណៈ ៖ ដើម្បីការពារសមិទ្ធផលនៃការអភិរក្ស និងកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីអនុវត្តច្បាប់ ចាំបាច់ត្រូវរៀបចំឱ្យមានយន្តការ ឬក្រុមការងារច្បាស់លាស់មួយ ដើម្បីទទួលខុសត្រូវក្នុងការតាមដាន និងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត។ ព័ត៌មានទាំងឡាយណាដែលមានចរិតចោទប្រកាន់ និងប្រឆាំងនឹងអាជ្ញាធរសាធារណៈ ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់ កិត្តិយស និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជារដ្ឋាភិបាល ត្រូវតែត្រូវបានបកស្រាយ និងចាត់វិធានការតាមច្បាប់។ បញ្ហានេះកាន់តែសំខាន់នៅពេលដែលអ្នកនយោបាយប្រឆាំង តែងតែប្រើប្រាស់ព័ត៌មានមិនពិតអំពីបរិស្ថាន ជាឧបករណ៍សម្រាប់ឃោសនាបង្កើនប្រជាប្រិយភាព និងធ្វើឱ្យសាធារណជនមានការភាន់ច្រឡំលើការងារអភិរក្សជាក់ស្តែង
- ការចូលរួមពីប្រជាពលរដ្ឋ និងការប្រើប្រាស់ប្រភពផ្លូវការ៖ ក្រៅពីវិធានការច្បាប់ ការចូលរួមពីប្រជាពលរដ្ឋ គឺជាគន្លឹះនៃភាពជោគជ័យក្នុងការអភិរក្ស។ ប្រជាពលរដ្ឋគ្រប់រូបត្រូវបានលើកទឹកចិត្តឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងធ្វើការពិនិត្យផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានត្រឹមត្រូវមុននឹងធ្វើការចែករំលែក។ ដើម្បីទទួលបានព័ត៌មានពិតប្រាកដអំពីស្ថានភាពធនធានធម្មជាតិ និងការគ្រប់គ្រងបរិស្ថាន ប្រជាពលរដ្ឋគួរផ្អែកលើប្រភពព័ត៌មានផ្លូវការរបស់ក្រសួង និងស្ថាប័នជំនាញ។
សរុបមក ការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីបរិស្ថាន មិនមែនជាបញ្ហាព័ត៌មានបំភាន់ធម្មតាទេ ប៉ុន្តែវាជាការគំរាមកំហែងដល់ការការពារបរិស្ថាន និងការគោរពច្បាប់។ ដោយគាំទ្រការផ្សព្វផ្សាយព័ត៌មានស្មោះត្រង់ និងការគោរពច្បាប់បរិស្ថាន សង្គមអាចការពារធម្មជាតិបានល្អប្រសើរ និងធានាអនាគតមានសុវត្ថិភាពសម្រាប់មនុស្សទាំងអស់៕
ដោយ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន
