លោករដ្ឋមន្ត្រី ឈាង រ៉ា ចុះពិនិត្យ និងចូលរួមបេសកកម្មវះកាត់ មុខមាត់ឆែប ពិការច្រមុះ ត្រចៀក និងពិការភាពផ្សេងទៀត ជូនកុមារកម្ពុជា នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
13-01-2026 21:46
(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃ១៣មករា២០២៦នេះ បានអញ្ជើញចុះពិនិត្យ និងចូលរួមបេសកកម្មវះកាត់ ដល់កុមារដែលមានបបូរមាត់ឆែប ក្រអូមមាត់ឆែប ពិការច្រមុះ ពិការស្លឹកត្រចៀក របួសរលាកភ្លេីង និងពិការភាពមុខមាត់ ជាមួយ Smile Cambodia – Northwest Medical Volunteers (USA) នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្នុងឳកាសនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «smile operation ជាបេសកកម្មមនុស្សធម៌ ដែលមិនត្រឹមតែជួយព្យាបាលអ្នកជំងឺដែលមានបញ្ហាសោភ័ណភាពប៉ុណ្ណោះទេ ថែមទាំងនាំមកនូវ ទំនុកចិត្ត សេចក្តីថ្លៃថ្នូរ ក្តីសង្ឃឹម និងអនាគតល្អប្រសើរដល់កុមារ និងក្រុមគ្រួសារ ដោយក្តីករុណា»។
ជាមួយគ្នានេះលោកសាស្រ្តាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមគ្រូពេទ្យជាតិ និងអន្តរជាតិ ដែលបានផ្តល់សេវាវះកាត់ដោយមនុស្សធម៌ ដល់កុមារ និងអ្នកជំងឺមានជំងឺបបូរមាត់ឆែប ក្រអូមមាត់ឆែប ពិការច្រមុះ ពិការស្លឹកត្រចៀក របួសរលាកភ្លេីង និងពិការភាពមុខមាត់។
លើសពីនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី សូមអរគុណដល់ដៃគូ និងអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបាននាំមកនូវស្នាមញញឹម និងការព្យាបាលដល់ប្រជាពលរដ្ឋកម្ពុជា៕

































