រដ្ឋមន្រ្តីសុខាភិបាល ជំរុញឱ្យបុគ្គលិកសុខាភិបាលគ្រប់រូបតាំងចិត្ត ធ្វើការឱ្យក្លាយទៅជាវីរជននៅក្នុងមុខងារ និងភារកិច្ចរបស់ខ្លួន
13-01-2026 21:22
(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តជំរុញទឹកចិត្តដល់មន្ត្រីបុគ្គលិកសុខាភិបាលគ្រប់ៗរូប ត្រូវតាំងចិត្តធ្វើការឱ្យក្លាយទៅជាវីរជននៅក្នុងមុខងារ និងភារកិច្ចរបស់ខ្លួន។
ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យ ក្នុងឳកាសដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) សរុបចំនួន ៣,១៣៨នាក់ នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦។
ទន្ទឹមនឹងគ្នានេះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំឱ្យការជ្រើសរើសបុគ្គលិកសុខាភិបាលក្នុងពេលខាងមុខ និង ការដឹកនាំមន្រ្តីសុខាភិបាល ដែលកំពុងបម្រើការងារ ត្រូវធ្វើឡើងនៅក្នុងគោលដៅជំរុញឱ្យបុគ្គលិកសុខាភិបាលទាំងអស់ អាចក្លាយទៅជាវីរជននៅក្នុងជំនាញរបស់បុគ្គលិកម្នាក់ៗ តាមរយៈការហ្វឹកហ្វឺន និងកែលម្អជាប្រចាំផងដែរ។
លោកសាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានលើកយកចំនុចគន្លឹះ នៃការកសាងគុណភាពបុគ្គលិក ដែលរួមមាន៖
១៖កសាងសមត្ថភាពបុគ្គលិកគ្រប់កម្រិត តាមរយៈធ្វើការផង រៀនផង និងរៀនពីអ្នកនៅជុំវិញផង និង រៀនពីកំហុសរបស់ខ្លួនឯងផង។ អង្គភាពត្រូវរៀបចំឱ្យមាន ការបណ្តុះបណ្តាលជាប្រចាំដល់បុគ្គលិក
២៖ យកចិត្តទុកដាក់ដល់បុគ្គលិក តាមរយៈការគិតគូរ ពីសុខទុក្ខរបស់បុគ្គលិក ការបង្កើនសាមគ្គីភាពរវាងបុគ្គលិកដោយការជួយគ្នាទៅវិញទៅមក
៣៖ កសាងគុណធម៌សម្រាប់បុគ្គលិកដោយឱ្យបុគ្គលិកបើកចិត្តទូលាយទទួលយកការកែលម្អឥរិយាបទ របស់គេ និងផ្តល់ការបណ្តុះបណ្តាលជំនាញការងារមហាជនដល់បុគ្គលិក
៤៖ ជំរុញឱ្យ បុគ្គលិកធ្វើការសកម្មដើម្បីទទួលបានលទ្ធផលជាមួយនឹងធនធានដែលមានក្នុងដៃ។
ជាមួយគ្នានេះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូនសារបានពីការរៀបចំគោលនយោបាយថ្មីស្តីពី អង្គសុខាភិបាល ដែលជាឯកសារគតិយុត្តិមួយផ្តល់តម្លៃបន្ថែមជូនអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល៕

























