FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្តល់បទសម្ភាសន៍ជូនភ្នាក់ងារសារព័ត៌មានកម្រិត​ពិភ​ព​លោក Nikkei Asia

13-01-2026 20:52

(ភ្នំពេញ)៖ នៅថ្ងៃអង្គារ ទី១៣ ខែមករា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ពិសេស​ជូនភ្នាក់ងារសារព័ត៌មាន Nikkei Asia ដែលជាស្ថាប័នព័ត៌មានសេដ្ឋកិច្ច និងនយោ​បាយ​ឈានមុខគេមួយនៅអាស៊ី និងជាសំឡេងដ៏មានឥទ្ធិពលក្នុងចំណោមវិនិយោគិន និងអ្នកកំណត់គោលនយោបាយជុំវិញពិភពលោក។

ការជ្រើសរើសផ្តល់កិច្ចសម្ភាសន៍ជូន Nikkei Asia ដែលជាស្ថាប័នល្បីល្បាញខាង វិភាគ​ស៊ីជម្រៅលើច្រវាក់ផ្គត់ផ្គង់សកល និងភូមិសាស្ត្រនយោបាយ គឺជាយុទ្ធសាស្ត្រ​ដ៏​សំខាន់ក្នុងការបញ្ជូនសារស្តីពីការបង្កើនភាពជឿជាក់ កាលានុវត្តភាព និងឧត្តមភាព​របស់​កម្ពុជាទៅកាន់មជ្ឈដ្ឋានធុរកិច្ចអន្តរជាតិ។

ក្នុងកិច្ចសម្ភាសន៍នោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើង​ចំណុច​គន្លឹះ​មួយចំនួនរួមមាន៖

១៖ បច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា៖ លោកឧបនាយករដ្ឋមន្ត្រី បាន​បង្ហាញ​​ពី​ភាពរឹងមាំនៃស្ថិរភាពនយោបាយ និងច្បាប់វិនិយោគដែលមានភាពបត់បែន និង​ផ្តល់នូវកញ្ចប់លើកទឹកចិត្តប្រកបដោយភាពទាក់ទាញបំផុតសម្រាប់ការវិនិយោគដោយផ្ទាល់ពីបរទេស។

២៖ ការធ្វើពិពិធកម្មរចនាសម្ព័ន្ធឧស្សាហកម្ម៖ លោកឧបនាយករដ្ឋមន្ត្រី បានលើកពី​របត់​នៃការវិនិយោគដែលកំពុងផ្លាស់ប្តូរពីឧស្សាហកម្មកាត់ដេរ ឆ្ពោះទៅកាន់ឧស្សា​ហកម្ម​ដែល​មានតម្លៃបន្ថែមខ្ពស់មានជាអាទិ៍ ឧស្សហកម្មបង្គុំគ្រឿងអេឡិកត្រូនិច, ឧស្សាហ​កម្ម​កែច្នៃចំណីអាហារ និងឧស្សាហកម្មយានយន្តជាដើម។

៣៖ ភាពធន់ក្នុងបរិការណ៍ប្រែប្រួលនៃពិភពលោក៖ លោកឧបនាយករដ្ឋមន្ត្រី បាន​បង្ហាញពីការត្រៀមលក្ខណៈរបស់កម្ពុជា តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ការ​បណ្តុះបណ្តាលកម្លាំងពលកម្មជំនាញ និងការបង្កើនការចាប់យកឌីជីថលូបនីយកម្ម​លើកំណែ​ទម្រង់សេវាសាធារណៈ ដើម្បីឆ្លើយតបនឹងការប្រែប្រួលឥត​ឈប់ឈរ​នៃសេដ្ឋ​កិច្ចសកល។

៤៖ យុទ្ធសាស្ត្រព្រំដែន និងស្ថិរភាពតំបន់៖ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីជំហរ​ការទូត និងយុទ្ធសាស្ត្រឆ្លើយតបនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយផ្តោតលើការកសាង​តំបន់ព្រំដែនសន្តិភាព និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលផ្តល់ផល​ប្រយោជន៍ឱ្យគ្នា​ទៅ​វិញទៅមក។

កិច្ចសម្ភាសន៍នេះ គឺជាសក្ខីភាពនៃការបើកចំហ និងការត្រៀមខ្លួនជាស្រេចរបស់​រាជរ​ដ្ឋា​ភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយទស្សនវិស័យមុតស្រួចរបស់សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយ​ដៃគូ​អន្តរ​ជាតិ ជាពិសេសតាមរយៈបណ្តាញព័ត៌មានដែលមានវិជ្ជាជីវៈខ្ពស់ដូចជា Nikkei Asia ដើម្បីបង្កើនទំនុកចិត្ត សំដៅទាក់ទាញទុនវិនិយោគប្រកបដោយគុណភាព សម្រាប់​ជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព និងសម្រេចឱ្យបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់៕