FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស.ស.យ.ក ខេត្តកំពង់ធំ សហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម រៀបចំកម្មពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្ស

13-01-2026 19:56

(កំពង់ធំ)៖ លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ធំ និងលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានរៀបចំពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្ស នៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ធំ នៅថ្ងៃទី១៣ ខែកមរា ឆ្នាំ២០២៥។

លោក ជា វ៉ាន់ចាន់ បានលើកឡើងថា យុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជីវិតនាពេលនេះ មិនមែនគ្រាន់តែជាការជួបជុំគ្នាប៉ុណ្ណោះទេប៉ុន្តែគឺជាការបង្ហាញពីស្មារតីសាមគ្គីភាព និងទឹកចិត្ត មនុស្សធម៌ដ៏ធំធេងរបស់យុវជនយើងចំពោះសង្គមជាតិ។

លោកបន្តថា «យើងដឹងហើយថាឈាមគឺជាប្រភពនៃជីវិត វាមិនមានរោងចក្រណាអាចផលិតបានក្រៅពីសប្បុរសជននោះទេ ការសម្រេចចិត្តបរិច្ចាគឈាមនៅថ្ងៃនេះគឺមានន័យស្មើនឹងការផ្ដល់ឱកាសឱ្យអ្នកជំងឺដែលកំពុងត្រូវការឈាមជាបន្ទាន់បានបន្តជីវិតរស់នៅជាមួយគ្រួសាររបស់ពួកគាត់ ទៅមុខទៀត។ «ការផ្តល់ឈាម គឺការផ្តល់ក្តីសង្ឃឹម និងការផ្តល់ជីវិត»។

លោកបានបញ្ជាក់ថា កង្វះឈាមក្នុងការជួយសង្គ្រោះអាយុជីវិតអ្នកជម្ងឺ គឺជាបញ្ហាប្រឈមដែលត្រូវបានយកចិត្តទុកដាក់ជាទីបំផុតក្នុងបរិការណ៍នេះ ក្រសួងសុខាភិបាល តាមរយៈមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានខិតខំរៀបចំយុទ្ធនាការជាបន្តបន្ទាប់ដូចជា៖ កម្មវិធីបរិច្ចាគឈាមនាថ្ងៃនេះស្រាប់ ដែលអាចជួយផ្សព្វផ្សាយ និងធ្វើឱ្យប្រជាពលរដ្ឋទូទៅ មានទំនុកចិត្តកាន់តែខ្លាំងឡើងលើសេវាកម្មផ្ដល់ឈាម។ ហើយការបរិច្ចាគឈាម អាចជួយបង្កើតនូវទម្លាប់គំរូ និងវប្បធម៌ល្អ សម្រាប់យុវជន ប្រជាពលរដ្ឋ មន្ត្រីរាជការ ព្រោះវាអាចជួយធ្វើអោយយើងទាំងអស់គ្នា មានការផ្សារភ្ជាប់ ពោលគឺរវាងអ្នកមានសុខភាពល្អ ដែលយល់ព្រមផ្តល់អំណោយឈាម និងអ្នកជំងឺ ដែលកំពុងនៅក្នុងមាត់ជ្រោះនៃសេចក្តីមរណៈ។

លោក ជា វ៉ាន់ចាន់ សង្ឃឹមថាកម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតនេះ នឹងជម្រុញបងប្អូនប្រជាពលរដ្ឋ យុវជន មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធផ្សេងទៀតយល់ដឹង និងមានឆន្ទៈចូលរួមសកម្មភាពមនុស្សធម៌នេះ ដើម្បីសង្គមជាតិរបស់យើងឈានដល់ដំណាក់កាលដ៏សំខាន់មួយ ដែលគ្មានអ្នកជំងឺណាម្នាក់ស្លាប់ ដោយសារខ្វះឈាមឡើយ ។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានជម្រាបជូនថាតម្រូវការឈាមក្នុងឆ្នាំ២០២៥កន្លងទៅ គឺយើងត្រូវការឈាមមួយប្លោក ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺរៀងរាល់ ៥នាទីម្តង។ តម្រូវការឈាមប្រចាំថ្ងៃជាមធ្យម ៣៥០ប្លោក នៅរាជធានីភ្នំពេញ។

លោកបានបន្តថា តម្រូវការទូទាំងប្រទេសមានប្រមាណជិត ១៧៩,៣៣២ប្លោក ហើយមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានគ្របដណ្តប់ជាង៧៥% នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។ ប៉ុន្តែការទទួលអំណោយឈាមតាមរយៈសប្បុរសជនដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃឆ្លើយតបបានតែ ២២.១% នៃតម្រូវការក្នុងប្រទេសយើងតែប៉ុណ្ណោះ បើយោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត អាចផ្គត់ផ្គង់រហូតដល់លើសពី៩០% នៃតម្រូវការ។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្ស មិនមានរោងចក្រណាអាចផលិតបានទេ។ លោកបញ្ជាក់បន្ថែមថាការបរិច្ចាគឈាមនាថ្ងៃនេះបានចំនួន ៧៧ប្លោក៕