ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសពីការបើកឱ្យប្រើប្រាស់ឡើងវិញ ប្រឡាយនាវាចរណ៍តាឯក ស្ថិតនៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
13-01-2026 17:12
(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់អាជីវកម្ម កំពង់ផែ កំពង់ចម្លង ម្ចាស់នាវា នាវិក ក្រុមហ៊ុនប្រកបអាជីវកម្មបូមយករ៉ែ-ខ្សាច់ និងអ្នកបើកបរនាវា-ទូក ចម្លងដឹកអ្នកដំណើរគ្រប់ប្រភេទ ស្តីពីការបើកឱ្យធ្វើនាវាចរណ៍តាមប្រឡាយនាវាចរណ៍តាឯក ស្ថិតនៅក្នុងឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយគោរពទៅតាមវិធានពាក់ព័ន្ធនៅ ក្នុងបទប្បញ្ញត្តិនាវាចរណ៍ដែលមានជាធរមាន។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាញព័ត៍មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្នក្រសួងបានបញ្ចប់ការបូមស្តារប្រឡាយនាវាចរណ៍តាឯក ដែលស្ថិតនៅក្នុងឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានប្រវែង ១ ០០០ម៉ែត្រ មាត់លើ ៩០ម៉ែត្រ បាតក្រោម ៤០ម៉ែត្រ ជម្រៅអប្បបរមា ៥ម៉ែត្រ។
ក្នុងន័យនេះក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបដល់ម្ចាស់អាជីវកម្មកំពង់ផែ កំពង់ចម្លង ម្ចាស់នាវា នាវិក ក្រុមហ៊ុនប្រកបអាជីវកម្មបូមយករ៉ែ-ខ្សាច់ និងអ្នកបើកបរនាវា-ទូកចម្លងដឹកអ្នកដំណើរ គ្រប់ប្រភេទ អាចធ្វើនាវាចរណ៍តាមប្រឡាយនាវាចរណ៍តាឯក បានដោយគោរពទៅតាមវិធានពាក់ព័ន្ធនៅ ក្នុងបទប្បញ្ញត្តិនាវាចរណ៍ដែលមានជាធរមាន។ ក្រសួងរក្សាសិទ្ធិក្នុងការបូមស្តារសម្រួលយកឧបសគ្គចេញ ឱ្យបានទាន់ពេលវេលា ក្នុងករណីមានការគោករាក់ផ្សេងៗនៅប្រឡាយនាវាចរណ៍តាឯក។
ក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់អាជីវកម្មកំពង់ផែ កំពង់ចម្លង ម្ចាស់នាវា នាវិក ក្រុមហ៊ុនប្រកបអាជីវកម្មបូមយករ៉ែ-ខ្សាច់ និងអ្នកបើកបរនាវា-ទូកចម្លងដឹកអ្នកដំណើរ គ្រប់ប្រភេទ ចូលរួមសហការចូលរួមសហការអនុវត្តតាមសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕



