អគ្គលេខាធិការពុទ្ធិកសមាគមកម្ពុជរដ្ឋ លើកទឹកចិត្តឲ្យបន្តធ្វើជាគំរូល្អក្នុងសង្គម ដោយភ្ជាប់ការអនុវត្តធម៌ ជាមួយការអនុវត្តជីវិតប្រចាំថ្ងៃ ដើម្បីឲ្យការការពារបរិស្ថាន ក្លាយជាផ្នែកមួយនៃវប្បធម៌រស់នៅ (Video inside)
13-01-2026 16:55
(ភ្នំពេញ)៖ លោក អ៉ិត ប្រាង អនុប្រធាន និងជាអគ្គលេខាធិការពុទ្ធិកសមាគមកម្ពុជរដ្ឋ បានលើកទឹកចិត្តដល់ព្រះសង្ឃ យុវជន និងសាធារណជនទាំងអស់ ឲ្យបន្តធ្វើជាគំរូល្អក្នុងសង្គម ដោយភ្ជាប់ការអនុវត្តធម៌ ជាមួយការអនុវត្តជីវិតប្រចាំថ្ងៃ ដើម្បីឲ្យការការពារបរិស្ថាន ក្លាយជាផ្នែកមួយនៃវប្បធម៌រស់នៅរបស់យើង។
លោកបានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញបិទកម្មវិធី «វេទិកាសំឡេងអន្តរសាសនាដើម្បីបរិស្ថានស្អាត៖ និយាយថា “ទេ” ចំពោះផ្លាស្ទិក - Interfaith Voices for a Clean Environment: Say “No” to Plastic”» នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នៅរាជបណ្ឌិត្យសភាកម្ពុជា។
វេទិកានេះ ត្រូវបានរៀបចំដោយគណៈកម្មការយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ សហការជាមួយនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានវាគ្មិនអញ្ជើញមកពីសមាគមពុទ្ធសាសនា គ្រីស្ទសាសនា និងឥស្លាមសាសនា ព្រមទាំងមានព្រះតេជគុណ និងអ្នកចូលរួមជាង ២០០រូប។
លោក អ៉ិត ប្រាង ក៏បានបង្ហាញក្តីសង្ឃឹមថា សារដែលបានលើកឡើងនៅក្នុងវេទិកានេះ នឹងមិនត្រឹមតែបញ្ចប់នៅក្នុងសាលប្រជុំនេះប៉ុណ្ណោះទេ ប៉ុន្តែអាចត្រូវបានបន្តផ្សព្វផ្សាយទៅកាន់វត្តអារាម សហគមន៍ សាលារៀន ស្ថាប័នសាសនា និងយុវជនទូទាំងប្រទេស ដើម្បីជំរុញឲ្យមានការផ្លាស់ប្តូរឥរិយាបថជាក់ស្តែង ចាប់ផ្តើមពីការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកប្រចាំថ្ងៃ ការរើសយកជម្រើសដែលមិនបំផ្លាញបរិស្ថាន និងការចូលរួមថែរក្សាធម្មជាតិជាទៀងទាត់។
លោកក៏បានថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់ ចំពោះវាគ្មិនកិត្តិយសទាំងបីរូប រួមមាន តំណាងសមាគមពុទ្ធសាសនា តំណាងសមាគមគ្រីស្ទសាសនា និងតំណាងសមាគមឥស្លាមសាសនា ដែលបានចែករំលែកទស្សនៈ បទពិសោធន៍ និងគំនិតដ៏មានតម្លៃ ពាក់ព័ន្ធនឹងតួនាទីសាសនា ក្នុងការថែរក្សាបរិស្ថាន និងការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក។ ការចូលរួមរបស់វាគ្មិនទាំងអស់ បានបង្ហាញយ៉ាងច្បាស់ថា សាសនាទាំងឡាយ ទោះមានគោលលទ្ធិខុសៗគ្នាក៏ដោយ ប៉ុន្តែមានគោលបំណងរួមគ្នាមួយ គឺការការពារជីវិត ការរស់នៅដោយសីលធម៌ និងការថែរក្សាផែនដីរួមរបស់យើង។
បើតាមលោក អ៉ិត ប្រាង តាមរយៈកិច្ចពិភាក្សានៅថ្ងៃនេះ គេអាចឃើញបានយ៉ាងច្បាស់ថា បញ្ហាបរិស្ថាន ជាពិសេសបញ្ហាកាកសំណល់ផ្លាស្ទិក មិនមែនជាបញ្ហាបច្ចេកទេសតែប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាសីលធម៌ បញ្ហាវប្បធម៌ និងបញ្ហាទំនួលខុសត្រូវរួមរបស់មនុស្សជាតិទាំងមូល។ សាសនាទាំងឡាយ បានបង្រៀនឲ្យមនុស្សមានការយកចិត្តទុកដាក់ចំពោះធម្មជាតិ មានការប្រើប្រាស់ធនធានដោយមធ្យមភាព និងមានការគិតគូរអំពីផលវិបាកចំពោះអ្នកដទៃ និងជំនាន់ក្រោយផងដែរ៕





















