FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកអគ្គរាជទូតកម្ពុជាប្រចាំជប៉ុន ជួបពិភាក្សាការងារជាមួយទីប្រឹក្សាសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ

13-01-2026 16:43

(ជប៉ុន)៖ លោក ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារប្រកបដោយផ្លែផ្កាជាមួយ លោក ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមូរ៉ា អតីតប្រធាន និងបច្ចុប្បន្នជាទីប្រឹក្សា នៃសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា (JCPFL) ព្រមទាំងជាទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងជំនួបនោះ លោកឯកអគ្គរាជទូត ជុំ សុន្ទរី បានសម្ដែងការកោតសរសើរយ៉ាងខ្លាំង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមូរ៉ា ចំពោះការរួមចំណែកដ៏ឧត្តុង្គឧត្តម និងយូរអង្វែង ក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន។

លោកឯកអគ្គរាជទូត ក៏បានកោតសរសើរជាពិសេសចំពោះតួនាទីដ៏សំខាន់របស់លោក អ៊ីម៉ាមូរ៉ា ក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការនីតិប្បញ្ញត្តិ ក្នុងអាណត្តិរបស់លោកជាប្រធាន JCPFL ក៏ដូចជាការបន្តគាំទ្រក្នុងតួនាទីជាទីប្រឹក្សានាពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានេះ លោកឯកអគ្គរាជទូត បានគូសបញ្ជាក់ពីការរួមចំណែកដ៏សំខាន់របស់លោក អ៊ីម៉ាមូរ៉ា ក្នុងការបណ្តុះទំនុកចិត្តគ្នាទៅវិញទៅមក ការពង្រីកកិច្ចសន្ទនា និងការពង្រឹងមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃទំនាក់ទំនងកម្ពុជា-ជប៉ុន។

ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នាស្តីពីការធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់កម្ពុជា-ជប៉ុន រួមទាំងការលើកកម្ពស់កិច្ចសហប្រតិបត្តិការនីតិប្បញ្ញត្តិតាមរយៈក្របខ័ណ្ឌ JCPFL។

លើសពីនេះ លោកឯកអគ្គរាជទូត បានសម្តែងការកោតសរសើរដោយស្មោះចំពោះការគាំទ្រដ៏យូរអង្វែង និងប្រកបដោយស្ថាបនារបស់ប្រទេសជប៉ុន ចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។

នៅចុងបញ្ចប់នៃជំនួប លោកឯកអគ្គរាជទូត ជុំ សុន្ទរី បានប្រគល់ជូនលោក ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមូរ៉ា នូវលិខិតថ្លែងអំណរគុណពីស្ថានទូតកម្ពុជានៅទីក្រុងតូក្យូ ដើម្បីជាការទទួលស្គាល់ចំពោះការរួមចំណែកដ៏មានតម្លៃ និងយូរអង្វែងរបស់លោក ក្នុងការលើកកម្ពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន៕