FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ផ្ដល់អនុសាសន៍មួយចំនួន ដល់រដ្ឋបាលខេត្តរតនគិរី ដើម្បីជំរុញការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលគ្រប់ប្រភេទ

13-01-2026 16:26

(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៃការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត នៅសាលមហោស្រពរតនៈ ក្រោមអធិបតីភាព លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួម ពីសំណាក់លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ព្រមទាំងមានការចូលរួមផងដែរ ពីអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីរជុំវិញខេត្ត និងកងកម្លាំងមានសមត្ថកិច្ចជាច្រើនរូប។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក ញ៉ែម សំអឿន បានលើកឡើងថា ជុំវិញការអនុវត្ត ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរដ្ឋបាលខេត្តបានរៀបចំផែនការ និងចាត់វិធានការដាក់ស្តែង ក្នុងការអនុវត្តគោល «នយោបាយ ភូមិឃុំ សង្កាត់ មានសុវត្ថិភាព» និងទទួលខុសត្រូវ ដឹកនាំអនុវត្តដោយផ្ទាល់ ដោយបានរៀបចំលេខាធិការដ្ឋាន ដោយមានអង្គភាពស្នងការនគរបាល ធ្វើជាសេនាធិការ និងមានសមាសភាពមកពីមន្ទីរ អង្គភាពពាក់ព័ន្ធនានា ព្រមទាំងបានរៀបចំឱ្យមានក្រុមការងារចុះ ជួយមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីជំរុញការផ្សព្វផ្សាយ និងបំផុសចលនាមហាជនព្រមទាំងផ្នែក និងបានបង្កើតក្រុម ពាក់ព័ន្ធចូលរួមសហការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ប្រឹក្សាប្រលងប្រណាំង បង្កើតស្នាដៃប្រចាំឆ្នាំនីមួយៗ ដំដៅស្វែងរកអង្គភាព និងបុគ្គលដែលខិតខំ ព្យាយាមពុះពារបំពេញកាតព្វកិច្ច ហើយបង្កើតជាស្នាដៃធំធេងធ្វើជាគំរូក្នុងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្តភាព»

រដ្ឋបាលខេត្ត ក៏បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តយ៉ាងទៀងទាត់ ដើម្បីធ្វើការបូកសរុប វាយតម្លៃសភាពការណ៍ និងបានធ្វើវេទិកាសាធារណៈ វេទិកាផ្សព្វផ្សាយ អំពីគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដើម្បីបញ្ជៀបការយល់ដឹងដល់សាធាណៈជន និងដោះស្រាយរាល់បញ្ហាប្រឈម សំណើ សំណូមពរនានា​ របស់ប្រជាពលរដ្ឋ ដែលបានលើកឡើង ព្រម ទាំងផ្តល់ព័ត៌មានឆ្លើយតបបានសមស្របជូនប្រជាពលរដ្ឋ ដោយបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់។

ថ្លែងក្នុងនៅក្នុងកិច្ចប្រជុំ លោក ប៉ាវ ហមផាន បានកោតសរសើរ និងសារទរចំពោះសមិទ្ធផលការងារសម្រេចបានរបស់រដ្ឋបានខេត្ត ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ ដែលបានស្តែងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តនូវតួនាទី ភារកិច្ច ដែលបានកំណត់ដោយក្របខណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងការអនុវត្តប្រកបដោយស្មារតីអន្តរ សកម្មនៃអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបាននូវគោលដៅរួមរបស់មូលដ្ឋាន។ លទ្ធផលទាំងនេះ គឺជា ការចូលរួមចំណែកដ៏ធំធេងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្រុមប្រឹក្សាឃុំ សង្កាត់ ប្រជាការពារ ព្រមទាំងមានការចូលរួមចំណែកគាំទ្រពីប្រជាពលរដ្ឋផងដែរ។

លោករដ្ឋលេខាធិការបន្តថា ការពិតក្នុងការអនុវត្តយើង នៅតែជួបប្រទះបញ្ហាប្រឈមមួយចំនួន ជាពិសេសលើធនធាន ហិរញ្ញវត្ថុ ធនធានមនុស្ស ការវិវឌ្ឍន៍ឆាប់រហ័សនៃសង្គម បច្ចេកវិទ្យា រួមនឹងការចូលរួមពីសហគមន៍នៅ មានកម្រិត ទាមទារឱ្យប្រតិបត្តិករគោលនយោបាយត្រូវមានស្មារតីបុរសកម្ម និងឆន្ទៈកាន់តែមុះមុត បន្ថែមទៀតដើម្បីសម្រេចបាននូវផែនការ និងគោលដៅរបស់ក្រសួង ស្ថាប័ន ដែលបានដាក់ចេញ ក្នុងក្របខណ្ឌនៃការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព»

លោកបាន ផ្តល់ជាអនុសាសន៍មួយចំនួនដល់រដ្ឋបាលខេត្ត៖

* ១៖ ត្រូវបន្តស្មារតីសាមគ្គីភាព ឯកភាព និងសហការល្អក្នុងការអនុវត្តតួនាទី ភារកិច្ចស្របតាមគោលការណ៍ លិខិតបទដ្ឋានគតិយុត្តិ។
* ២៖ បន្តការសិក្សាស្វែងយល់អំពីគោលនយោបាយ លិខិតបទដ្ឋានគិតិយុត្តពាក់ព័ន្ធ តាមឱ្យទាន់ សភាពការណ៍វិវឌ្ឍន៍ នៃសង្គម បច្ចេកវិទ្យា ដើម្បីអាចធ្វើការសម្របសម្រួល និងចាត់ចែងបាននូវមុខងារ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
* ៣៖ ត្រូវបន្តលើកកម្ពស់ការអនុវត្តតួនាទី ភារកិច្ច ផ្អែកលើលិខិតបទដ្ឋានគតិយុត្ត លើកកម្ពស់ក្រម សីលធម៌ សេចក្តីថ្លៃថ្នូរក្នុងនាមមន្ត្រីរាជការសាធារណៈ។
* ៤៖ បន្តលើកកម្ពស់ជំរុញការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលគ្រប់ប្រភេទស្របតាមគោលការណ៍កំណត់ និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលដ្ឋ៕