កម្លាំងនគរបាលខេត្តរតនគិរី ចុះចាប់ឈើសុក្រំចំនួន២២ដុំ រួចប្រគល់ឲ្យរដ្ឋបាលព្រៃឈើ
13-01-2026 16:23
(រតនគិរី)៖ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាពស្នងការនគរបាលខេត្តរតនគិរី នៅវេលាម៉ោង៣៖៣០នាទីទៀបភ្លឺថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តរតនគិរី សហការជាមួយកម្លាំងនគរបាលស្រុកកូនមុំ បានចុះចាប់ឈើសុក្រំចំនួន២២ដុំ ដែលឈ្មួញដឹកមកលក់តាមរោងសិប្បកម្មនានានៅក្រុងបានលុងនៅត្រង់ចំណុចភូមិទិស ឃុំតាអង ស្រុកកូនមុំ។
លោកវរសេនីយ៍ទោ លឹម ឡេងលីហួរ នាយការិយាល័យប្រឆាំងបទល្មើស នៃស្នងការនគរបាលខេត្តរតនគិរី បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ថា អ្នករកស៊ីដឹកឈើយ៉ាងសកម្មនេះ មានឈ្មោះ ឈៀង តុងហាន មានទីលំនៅទល់មុខវត្តអូរជុំ ស្រុកអូរជុំ មានមុខរបរជាអ្នកកាសែត (កាន់បណ្ណព័ត៌មានច្រើនអង្គភាព) ឈើសុក្រំមានចំនួន២២ដុំ ស្មើនឹង០,៦៥៨ម៉ែត្រគូប។
លោកបន្តថា ឈើសុក្រំដែលកម្លាំងបង្ក្រាបបានខាងលើនេះ បានប្រគល់ជូនផ្នែករដ្ឋបាលព្រៃលំផាត់ដើម្បីចាត់ចែងតាមច្បាប់ព្រៃឈើ។
តាមសេចក្តីរាយការណ៍មួយចំនួន បានឲ្យដឹងថា លោក ឈៀង តុងហាន មានមុខរបរជាមេល្បែងស៊ីសង និងជាឈ្មួញរកស៊ីឈើប្រចាំស្រុកអូរជុំកន្លងទៅ មានជាប់បណ្តឹងច្រើនករណីនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តរតនគិរី ប៉ុន្តែមិនដឹងយ៉ាងមិចបានជាគាត់រួចពីសំណាញ់ច្បាប់រហូត៕



