Fresh Exclusive: នៅចន្លោះភាពស្ងប់ស្ងាត់ និងអំពើអយុត្តិធម៌៖ តើកម្ពុជា នឹងដើរតាមផ្លូវណាទៅរកយុត្តិធម៌? (Video inside)
13-01-2026 16:15
(ភ្នំពេញ)៖ នៅពេលសម្លេងគ្រាប់កាំភ្លើងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានស្ងប់ស្ងាត់ក្រោយការសម្របសម្រួលអន្តរជាតិ មនុស្សជាច្រើននៅក្នុងសង្គមអន្តរជាតិ បានសន្និដ្ឋានថា «វិបត្តិបានបញ្ចប់»។ ប៉ុន្តែនៅលើទិដ្ឋភាពដីជាក់ស្តែង ប្រាសាទបុរាណខ្មែរមួយចំនួន ជាពិសេសប្រាសាទព្រះវិហារដែលជាសាក្សីប្រវត្តិសាស្ត្រពាន់ឆ្នាំ និងជាទ្រព្យសម្បត្តិបេតិកភណ្ឌពិភពលោក មិនទាន់ឈប់រងរបួសឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ទឹកដី និងភូមិខ្មែរជាច្រើន ក្នុងខេត្តចំនួនបួនដែលជាប់ព្រំដែនថៃ នៅតែត្រូវរងការព័ទ្ធដោយលួសបន្លា និងរបាំងរារាំង ខណៈពលរដ្ឋខ្មែរជាច្រើនពាន់នាក់ នៅមិនទាន់អាចវិលត្រឡប់ទៅលើដីកំណើតរបស់ខ្លួនវិញបានទេ។
ក្នុងភាពស្ងប់ស្ងាត់នោះ សំណួរដ៏ឈឺចាប់មួយកំពុងលេចឡើង និង មានទំងន់ធ្ងន់ជាងគ្រាប់បែកទម្លាក់គឺ៖ តើផ្លូវយុត្តិធម៌របស់កម្ពុជានៅទីណា?
ក្នុងបរិបទដែលកម្ពុជា បន្តប្តេជ្ញារក្សាភាពអត់ធ្មត់ក្នុងការប្រើកម្លាំងយោធា ខណៈប្រព័ន្ធសន្តិសុខអន្តរជាតិកំពុងជាប់គាំង ហើយអង្គការសហប្រជាជាតិដែលត្រូវធ្វើជាប៉ូលីសអន្តរជាតិកំពុងរងវិបត្តិផ្ទៃក្នុងថែមទៀតនោះ, អត្ថបទខាងក្រោមនេះ នឹងពិនិត្យយ៉ាងស៊ីជម្រៅថា៖
- តើកម្ពុជា អាចរកយុត្តិធម៌បានដោយវិធីណា បើមិនអាចប្រើកម្លាំងយោធា?
- តើការបំផ្លាញប្រាសាទបុរាណខ្មែរ នឹងត្រូវបំភ្លេច ដូចជាអតីតកាលជាច្រើនដងកន្លងមកដែរឬទេ?
- តើអំពើរំលោភបំពានលើទឹកដីខ្មែរ អាចក្លាយជារឿង «ធម្មតា» ក្នុងសតវត្សទី២១បានដែរឬទេ?
*អាវុធមិនមែនជាផ្លូវតែមួយទៅកាន់យុត្តិធម៌
ប្រវត្តិសាស្ត្របង្ហាញថា ប្រទេសខ្សោយជាច្រើនមិនបានរកយុត្តិធម៌ដោយអាវុធទេ ប៉ុន្តែដោយច្បាប់ពេលវេលា និងភាពអត់ធ្មត់យុទ្ធសាស្ត្រ។ កម្ពុជា ពេលនេះក៏កំពុងស្ថិតនៅក្នុងស្ថានភាពដូច្នេះដែរ មានន័យថាបើកម្ពុជារក្សាភាពអត់ធ្មត់ ឬ មិនអាចឈ្នះសង្គ្រាមយោធាក្នុងកិច្ចការពារព្រំដែន ប៉ុន្តែកម្ពុជា មិនចាញ់ច្បាប់អន្តរជាតិឡើយ។ ច្បាប់អន្តរជាតិ បានកំណត់យ៉ាងច្បាស់ថា «មិនអាចទទួលបានទឹកដីដោយការប្រើកម្លាំង» នោះមានន័យថា ការកាន់កាប់ទឹកដីដោយការរាយលួសបន្លា ដាក់របាំងកុងទីន័រ ឬពង្រាយកងទ័ព ដើម្បីបង្ហាញនូវឥទ្ធិពលរបស់ខ្លួននោះនឹង «មិនធ្វើឲ្យទឹកដីដែលរងការរំលោភបំពាននោះ ក្លាយជាសិទ្ធិស្របច្បាប់ឡើយ»។
បើនិយាយឲ្យច្បាស់ ហិង្សាអាវុធ ទោះអាចយកដីបានជាបណ្តោះអាសន្ន ប៉ុន្តែច្បាប់ និងពេលវេលាជាអ្វីដែលអាចយកយុត្តិធម៌ត្រឡប់មកវិញបានយូរអង្វែង។
*ប្រាសាទបុរាណខ្មែរ៖ ជាករណីសីលធម៌អន្តរជាតិ មិនមែនរឿងទ្វេភាគី
ការបំផ្លាញប្រាសាទបុរាណ មិនមែនជាជម្លោះរវាងកម្ពុជា និងថៃប៉ុណ្ណោះទេ ប៉ុន្តែជាបទល្មើសចំពោះមនុស្សជាតិទាំងមូល។ ប្រាសាទព្រះវិហារ និងប្រាសាទបុរាណខ្មែរផ្សេងទៀតមិនមែនជាអាវុធ មិនមែនជាគោលដៅយោធា ហើយមិនគួរត្រូវក្លាយជាជនរងគ្រោះនៃទង្វើហិង្សា និងជាតិនិយមសម័យថ្មីឡើយ។ វាជាមរតករួមរបស់មនុស្សជាតិ ដែលត្រូវបានរក្សាទុក ដើម្បីបញ្ជាក់អត្តសញ្ញាណ ប្រវត្តិសាស្ត្រ និងអរិយធម៌ មិនមែនដើម្បីក្លាយជាវត្ថុបង់តម្លៃនៃសង្គ្រាមនោះទេ។
ក្នុងបរិបទនេះ ផ្លូវយុត្តិធម៌របស់កម្ពុជា មិនត្រឹមតែស្ថិតនៅក្នុងតុលាការអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែរួមមានវេទិកាសកលផ្សេងៗ ដូចជា អង្គការ UNESCO, អ្នកជំនាញបេតិកភណ្ឌអន្តរជាតិ, អង្គការវប្បធម៌ឯករាជ្យ និងសហគមន៍វប្បធម៌ពិភពលោកទាំងមូល។ វេទិកាអន្តរជាតិទាំងនេះ មានតួនាទីសំខាន់ក្នុងការកត់ត្រាការខូចខាត ការផ្ទៀងផ្ទាត់ការបំពាន និងការបម្លែងអំពើបំផ្លាញទៅជាករណីទំនួលខុសត្រូវអន្តរជាតិ មិនមែនត្រឹមជាការបន្ទោសផ្នែកនយោបាយបណ្តោះអាសន្នទេ។
នៅពេលប្រាសាទបុរាណមួយត្រូវបានបំផ្លាញ វាមិនអាច «ជួសជុល» បានដោយសម្តីសុំទោស ឬលេសដោះសារណាមួយឡើយ។ ការបាត់បង់បេតិកភណ្ឌ គឺជាការបាត់បង់ដែលមិនអាចបញ្ច្រាសត្រឡប់វិញបាន ហើយដូច្នេះ វាត្រូវការការទទួលខុសត្រូវយ៉ាងច្បាស់លាស់, ការទាមទារសំណងសមស្រប និងការធានាដោយប្រព័ន្ធអន្តរជាតិថា អំពើបែបនេះ នឹងមិនត្រូវអនុញ្ញាតឲ្យកើតឡើងម្ដងទៀតសាជាថ្មីឡើយ។
ការការពារប្រាសាទបុរាណខ្មែរ ដូច្នេះមិនមែនជាការការពារតែអតីតកាលទេ ប៉ុន្តែជាការការពារសេចក្តីស្មោះត្រង់នៃច្បាប់អន្តរជាតិ និងសីលធម៌មនុស្សជាតិ ក្នុងសតវត្សទី២១។
*អង្គការសហប្រជាជាតិទោះបីទន់ខ្សោយ ប៉ុន្តែយុត្តិធម៌មិនស្លាប់
ក្នុងបរិបទបច្ចុប្បន្ន អង្គការសហប្រជាជាតិ ត្រូវបានមើលឃើញថា កំពុងជួបវិបត្តិធ្ងន់ធ្ងរ ដោយសារការប្រឆាំងគ្នារបស់មហាអំណាច និងការជាប់គាំងនយោបាយប្រទាញប្រទង់គ្នា នៅក្នុងក្រុមប្រឹក្សាសន្តិសុខ។ ការប្រើសិទ្ធិបដិសេធ និងការគណនាផលប្រយោជន៍ភូមិសាស្ត្រនយោបាយ បានធ្វើឲ្យតួនាទី «ប៉ូលីសអន្តរជាតិ» របស់អង្គការសកលលោកនេះ ហាក់ដូចជាខ្សោយ និងមិនឆ្លើយតបទាន់ពេលវេលា ចំពោះវិបត្តិជាច្រើននៅលើពិភពលោកឡើយ។
ប៉ុន្តែទោះជាយ៉ាងណាក្តី ប្រវត្តិសាស្ត្របានបញ្ជាក់ជាហើយថា យុត្តិធម៌អន្តរជាតិ មិនបានស្លាប់ដោយសារភាពខ្សោយបណ្តោះអាសន្ននៃអង្គការសកលលោកនេះទេ។ អង្គការសហប្រជាជាតិ មិនមែនជាវេទិកាតែមួយ ឬមិនអាស្រ័យលើក្រុមប្រឹក្សាសន្តិសុខតែប៉ុណ្ណោះទេ។ នៅពេលដែលក្រុមប្រឹក្សាសន្តិសុខមិនអាចដំណើរការបាន ក៏នៅតែមានវេទិកាផ្សេងៗ ដែលអាចបន្តដំណើរការយុត្តិធម៌អន្តរជាតិបាន។
ក្នុងនោះរួមមាន អង្គប្រជុំទូទៅនៃអង្គការសហប្រជាជាតិ, ដែលអាចបង្កើតសម្ពាធនយោបាយ និងសេចក្តីសម្រេចផ្នែកសីលធម៌ជាសកល; សេចក្តីយោបល់ប្រឹក្សាពីតុលាការអន្តរជាតិ ICJ, ដែលមានទំងន់ច្បាប់ខ្ពស់ក្នុងការបកស្រាយអធិបតេយ្យ និងសិទ្ធិព្រំដែន; ក៏ដូចជា ក្រុមស៊ើបអង្កេតឯករាជ្យ និងយន្តការសិទ្ធិមនុស្ស ដែលអាចកត់ត្រា និងផ្ទៀងផ្ទាត់អំពើរំលោភបំពាន ដោយមិនអាស្រ័យលើការយល់ព្រមនយោបាយរបស់មហាអំណាចណាមួយ។ លើសពីនេះទៀត នៅតែមានសម្ពាធនយោបាយពហុភាគី ដែលអាចធ្វើឲ្យអំពើអយុត្តិធម៌ ប្រែប្រួលទៅជាបន្ទុកនយោបាយ និងកិត្តិយសអន្តរជាតិដ៏ធ្ងន់ធ្ងរ។
ពិតណាស់ ផ្លូវយុត្តិធម៌នៅពេលនេះ មិនត្រង់ និងមិនលឿន។ វាត្រូវការពេលវេលា ភស្តុតាង និងការតស៊ូយ៉ាងអត់ធ្មត់។ ប៉ុន្តែដំណើរយឺត មិនមានន័យថា បរាជ័យឡើយ។ សម្រាប់កម្ពុជា យុត្តិធម៌ មិនមែនជារឿងបាត់បង់ ប៉ុន្តែជារឿងដែលត្រូវសាងសង់ឡើងវិញ តាមរយៈប្រព័ន្ធអង្គការសកលលោកនេះ ដោយ «ការបន្តនិយាយ ការបន្តទាមទារ» និងការមិនអនុញ្ញាតឲ្យភាពស្ងៀមស្ងាត់ បម្លែងអំពើអយុត្តិធម៌ទៅជារឿងធម្មតា។
* តើអ្នកណាជាអ្នកទទួលខុសត្រូវ?
អំពើអយុត្តិធម៌ មិនបានកើតឡើងដោយចៃដន្យ ឬដោយខ្យល់នោះទេ។ វាតែងតែមានអ្នកទទួលខុសត្រូវយ៉ាងច្បាស់លាស់។ ទំនួលខុសត្រូវនោះ ស្ថិតជាបឋមលើ អ្នកប្រព្រឹត្ត និងអ្នកបញ្ជា ដែលបានប្រើកម្លាំង បង្កើត «ភាពជាក់ស្តែងលើដី» និងរំលោភបំពានលើសិទ្ធិអធិបតេយ្យភាពរបស់កម្ពុជា។ ការបង្កើតអំណាចដោយកម្លាំង មិនមែនជាអំណាចស្របច្បាប់ទេ ប៉ុន្តែជាភស្តុតាងនៃការបំពានដែលត្រូវតែមានការទាមទារទំនួលខុសត្រូវ។
ជាមួយគ្នានេះផងដែរ សហគមន៍អន្តរជាតិ ក៏មិនអាចរួចផុតពីការទាមទារទំនួលខុសត្រូវផ្នែកសីលធម៌បានឡើយ ប្រសិនបើបន្តរក្សាភាពស្ងៀមស្ងាត់ចំពោះអំពើបំផ្លាញ និងវិនាសកម្មសង្គ្រាម ដែលបានដាក់មកលើកម្ពុជា។ ភាពស្ងៀមស្ងាត់ អាចបន្តបានក្នុងរយៈពេលខ្លី ប៉ុន្តែមិនអាចរក្សាបានជារហូតទេ ពីព្រោះការស្ងៀមស្ងាត់យូរ នឹងត្រូវបានបកស្រាយថា ជាការអនុញ្ញាតឲ្យអំពើអយុត្តិធម៌បន្តកើតមានដោយគ្មានការទប់ស្កាត់។
ក្នុងបរិបទនេះ ភាពស្ងៀមស្ងាត់ មិនមែនជាភាពអព្យាក្រឹតឡើយ ប៉ុន្តែជាទម្រង់មួយនៃការរួមទទួលខុសត្រូវផ្នែកសីលធម៌ និងនយោបាយ ចំពោះអំពើអយុត្តិធម៌ ដែលកំពុងកើតមានលើប្រទេសកម្ពុជា។ សហគមន៍អន្តរជាតិ ដូច្នេះ មិនត្រឹមតែត្រូវ «មើលឃើញ» ប៉ុណ្ណោះទេ ប៉ុន្តែត្រូវសម្រេចចិត្ត និងធ្វើសកម្មភាព ដើម្បីឲ្យយុត្តិធម៌ មិនត្រូវបំភ្លេចនៅក្រោមសម្លេងស្ងប់ស្ងាត់នៃអាវុធបំពានច្បាប់ឡើយ។
ផ្លូវយុត្តិធម៌របស់កម្ពុជា មិនស្ថិតនៅក្នុងចុងកាណុងកាំភ្លើង, មិនស្ថិតនៅក្នុងការប្រកាសសង្គ្រាម និងក៏មិនស្ថិតនៅក្នុងការបំភ្លេចដែរ។ ផ្លូវយុត្តិធម៌របស់កម្ពុជា គឺស្ថិតនៅក្នុងការរក្សាភស្តុតាង, ការតស៊ូផ្លូវច្បាប់, ការប្រាប់ពិភពលោកជាបន្តបន្ទាប់ និងភាពអត់ធ្មត់ដែលមិនបោះបង់សិទ្ធិរបស់ខ្លួន។ ប្រវត្តិសាស្ត្រ បានបង្ហាញម្តងហើយម្តងទៀតថា «អំណាចបំពានអាចយកដីយើងបានជាបណ្តោះអាសន្នតែប៉ុណ្ណោះ ប៉ុន្តែយុត្តិធម៌ អាចយកដីយើងត្រឡប់មកវិញជាយូរអង្វែង»។ សម្រាប់កម្ពុជា ផ្លូវយុត្តិធម៌ មិនមែនជាផ្លូវខ្លី ប៉ុន្តែជាផ្លូវតែមួយ ដែលអាចរក្សាទឹកដី ប្រវត្តិសាស្ត្រ និងកិត្តិយសជាតិ ឱ្យយើងជាខ្មែរនៅរស់ក្នុងសតវត្សទី២១៕

















