FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បដិមាព្រះពោធិសត្វលោកេស្វរៈ ក្នុងព្រះពុទ្ធសាសនាមហាយាន និងប្រវត្តិសាស្ត្រខ្មែរ

13-01-2026 15:26

(ភ្នំពេញ)៖ លោក ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានបង្ហោះ​ក្នុង​គណនី​ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដោយបានពន្យល់ពី​បដិមាព្រះពោធិសត្វ​លោកេ​ស្វរៈ ក្នុងព្រះពុទ្ធសាសនាមហាយាន និងប្រវត្តិសាស្ត្រខ្មែរថា ព្រះពោធិសត្វ​លោ​កេស្វរៈគឺជាព្រលឹងនៃវប្បធម៌ខ្មែរ និងព្រះពុទ្ធសាសនាមហាយាន ដែលនៅតែមានតម្លៃ​ខ្ពស់សម្រាប់ការអប់រំយុវជន ការដឹកនាំ និងការរស់នៅរបស់សង្គមខ្មែរសព្វថ្ងៃ។

បដិមាព្រះពោធិសត្វលោកេស្វរៈ គឺជាទេវរូបដ៏សំខាន់មួយនៃ ព្រះពោធិសត្វអវ​លោកេ​ស្វរៈ ក្នុងព្រះពុទ្ធសាសនាមហាយាន និងវជ្រយាន។ ព្រះអង្គតំណាងឱ្យករុណា​ធម៌ខ្ពស់​បំផុត និងការប្តេជ្ញាចិត្តក្នុងការជួយសង្គ្រោះសត្វលោកឱ្យរួចផុតពីទុក្ខវេទនា។ នៅក្នុង​បរិបទ​ជំនឿប្រជាជនខ្មែរ បច្ចុប្បន្ន ព្រះអង្គត្រូវបានគោរពសក្ការៈយ៉ាងទូលំទូលាយ ក្នុង​នាមជា ព្រះអង្គដងទង់ដង្កើរ ដែលជារូបសញ្ញានៃមេត្តាករុណា និងការពារ។

លោក បញ្ញា បានបន្ថែមថា ពាក្យ Avalokiteśvara (អវលោកេស្វរៈ) មានន័យថា ព្រះ​អា​ទិទេពនៃលោក ឬ ព្រះអាទិទេព ដែលមើលពីលើសត្វលោក។ អត្ថន័យនេះបង្ហាញថា ព្រះពោធិសត្វលោកេស្វរៈ គឺជាព្រះអង្គដែលមើលឃើញទុក្ខវេទនានៃសត្វលោក​ទាំង​អស់ ដោយព្រះករុណាធម៌ និងប្រាជ្ញា ហើយមិនបោះបង់អ្នកណាម្នាក់ឡើយ។

នៅក្នុងទស្សនៈពុទ្ធសាសនាមហាយាន និកាយវជ្រយាននោះព្រះពោធិសត្វលោកេស្វរៈ គឺជាគំរូនៃ មហាករុណា ដែលលើសពីមេត្តាធម្មតា។ ព្រះអង្គប្តេជ្ញាមិនចូលនិព្វាន​ដរាប​ណា​សត្វលោកនៅតែរងទុក្ខ ហើយអាចបំលែងរូបរាងបានច្រើនទម្រង់ ដើម្បីសម្រប​សម្រួល​ទៅតាមស្ថានភាព និងសមត្ថភាពទទួលយកធម៌របស់សត្វលោកនីមួយៗ។ ដោយ​ហេតុនេះ ព្រះពោធិសត្វលោកេស្វរៈ ត្រូវបានចាត់ទុកជាគំរូនៃការរស់​នៅដើម្បី​អ្នក​ដទៃ និងការលះបង់អត្តខ្លួន។

ក្នុងប្រវត្តិសាស្ត្រខ្មែរ បដិមាព្រះពោធិសត្វលោកេស្វរៈបានទទួលការគោរពយ៉ាងខ្លាំងក្លា ជាពិសេសក្នុងរាជ្យ ព្រះបាទជ័យវរ្ម័នទី៧ (ចុងសតវត្សទី១២ ដល់ដើមសតវត្សទី១៣)។ សម័យនេះ គឺជាសម័យកំពូលនៃព្រះពុទ្ធសាសនាមហាយាននៅកម្ពុជា ហើយព្រះបាទ​ជ័យ​វរ្ម័នទី៧ ត្រូវបានយល់ថា ជាព្រះមហាក្សត្រដែលអនុវត្តគោលការណ៍​ព្រះពោធិសត្វ​ក្នុងការគ្រប់គ្រងប្រទេស។ ព្រះពុទ្ធសាសនាលទ្ធិមហាយាន គឺជាសាសនារបស់រដ្ឋ ដែល​ក្នុងនេះព្រះពោធិសត្វលោកកេស្វរៈបានបំពេញតួនាទីយ៉ាងសំខាន់ ដោយថែម​ទាំងមាន​ការ គោរព និងមានជំនឿយ៉ាងលើសលប់នៅក្នុងសង្គមខ្មែរទៀតផង។

នៅគ្រប់មជ្ឈដ្ឋានសង្គមខ្មែរមានរួមទាំងមេទ័ព និងព្រះមហាក្សត្រ តែងតែមាន​ការគោរព​បូជាដល់ព្រះពុទ្ធអង្គលោកកេស្វរៈពុំដែលអាក់ខាន។ ចម្លាក់ព្រះពោធិសត្វលោកេស្វរៈ រូប​សាលាបារាំងចុងបូព៌ាប្រទេស (ម.ត ១៩៩៤)តាមឯកសារបានតំណាលឲ្យដឹងថា ព្រះ​ពុទ្ធ​សាសនាហិនយានដែលព្រះអង្គបានចូលនិព្វានរួចទៅ ហើយនោះ ឯព្រះពុទ្ធ​និយាន​មហាយានទ្រង់កំពុងត្រៀមព្រះកាយចូលព្រះនិព្វាននៅឡើយ។ ការរងចាំមិន​ទាន់ចូល​បរិនិព្វានរបស់ព្រះពោធិសត្វលោកកេស្វរៈ ដោយសារតែព្រះអង្គទុកពេលវេលាចង់ជួយ​មនុស្សលោកឲ្យរួចផុតពីគ្រោះថ្នាក់។ ព្រះពោធិសត្វលោកេស្វរៈ សព្វព្រះទ័យ​មិនទាន់​ចង់ចូលនិព្វាន ព្រោះព្រះអង្គនៅមានការអាណិតអាសូរដល់ពុទ្ធ​បរិស័ទក្នុង​ការ​ស្រោច​ស្រង់មនុស្សលោកឱ្យបានច្រើន។

បដិមាព្រះពោធិសត្វលោកេស្វរៈ ក្នុងសិល្បៈខ្មែរ សម័យបាយ័ន តែងតែមាននិមិត្តរូប​ជាក់​លាក់៖
១៖ ព្រះហស្ត ២, ៤ ឬ ៨ តំណានូវសមត្ថភាពជួយសង្គ្រោះសត្វលោកបានគ្រប់ទិស
២៖ កេតនភណ្ឌ ដែលកាន់ក្នុងព្រះហស្ត ដូចជា ផ្កាឈូក (ភាពបរិសុទ្ធ និងការត្រាស់ដឹង), គម្ពីរ (ប្រាជ្ញា និងព្រះធម៌), ថូ (ព្រះករុណាដែលបំពេញទុក្ខ) និងខ្សែផ្គាំ ឬខ្សែ​ប្រាក់​–​មាស (ការភ្ជាប់សត្វលោកឲ្យរួចផុតពីទុក្ខ)
៣៖ ព្រះអមិតាភភគង់លើផ្នួងសក់ ដែលបង្ហាញថា ព្រះពោធិសត្វលោកេស្វរៈ ទទួល​ប្រាជ្ញា​ពីព្រះពុទ្ធអមិតាភ ដូចដែលឃើញក្នុងបដិមា ប្រាជ្ញាបារមិតា

បដិមាព្រះពោធិសត្វលោកេស្វរៈ មិនមែនគ្រាន់តែត្រឹមជារូបសក្ការៈសាសនាប៉ុណ្ណោះទេ ប៉ុន្តែជាគំរូអប់រំសង្គមដ៏សំខាន់។ ព្រះអង្គបង្រៀនឱ្យមនុស្ស៖
👉 មានមេត្តាករុណាចំពោះអ្នកដទៃ
👉 ស្តាប់ទុក្ខ និងយល់ពីបញ្ហារបស់សង្គម
👉 ត្រូវចេះប្រើអំណាច និងតួនាទីដោយធម៌ ប្រាជ្ញា និងការទទួលខុសត្រូវ៕