ប្ដីកាប់ប្រពន្ធជាច្រើនកាំបិតបណ្ដាលឲ្យស្លាប់ភ្លាមៗ នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ រួចរត់គេចខ្លួនបាត់
13-01-2026 15:25
(កំពង់ធំ)៖ បុរសម្នាក់កាប់ប្រហារប្រពន្ធជាច្រើនកាំបិតបណ្ដាលឲ្យស្លាប់ភ្លាមៗ នៅយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅភូមិខោស ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ រួចរត់គេចខ្លួនបាត់។
សមត្ថកិច្ចបានបញ្ជាក់ថា ជនដៃដល់ជាប្ដីឈ្មោះ ពៅ ពិទូ អាយុ៤៤ឆ្នាំ ស្រុកកំណើតនៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង បានយកកាំបិតកកុក កាប់ទៅលើជនរងគ្រោះជាប្រពន្ធឈ្មោះ យ៉េង ឡៃហួយ អាយុ៣៣ឆ្នាំ ជាច្រើនកាំបិតបណ្តាលឲ្យស្លាប់នៅនិងកន្លែងកើតហេតុ ដោយសារតែរស់នៅមិនចុះសម្រុងគ្នា។
សមត្ថកិច្ចបានពិនិត្យលើសាកសព ត្រូវចំក្បាលចំនួន៥កាំបិត ត្រូវចំដៃស្តាំ២កន្លែង ដាច់ម្រាមដៃឆ្វេងចំនួន៣ម្រាមដៃ។ ក្រោយពីពិនិត្យរួចរាល់ សមត្ថកិច្ចបានប្រគល់សពឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕





