FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ប្រជាពលរដ្ឋ ដែលជាជនភៀសសឹក នៅមណ្ឌលសុវត្ថិភាពបាត់ថ្កៅ ខេត្តឧត្តរមានជ័យ

13-01-2026 15:12

(ឧត្ដរមានជ័យ)៖ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី តំណាងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ អមដោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង និងមន្ទីរកិច្ចការនារី ខេត្តឧត្តរមានជ័យ អភិបាលខេត្តឧត្តរមានជ័យ ប្រធានក្រុមប្រឹក្សាភិបាលអង្គការនគរទេព និងសប្បុរសជន នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ បាននាំយកអំណោយរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដើម្បីចែកជូនជនភៀសសឹកជាស្ត្រី ដែលមានកូនតូច និងត្រៀមសម្រាលកូនសរុបចំនួន៦០០គ្រួសារ កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពបាត់ថ្កៅ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

នាឱកាសនោះ លោកស្រីកិត្តិបណ្ឌិតរដ្ឋមន្ត្រី បាននាំយកនូវសារផ្តាំសួរសុខទុក្ខ របស់សម្តេចកិតិ្តសង្គហបណ្ឌិត ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅតំបន់ភៀសសឹក។​

លោកស្រីកិត្តិបណ្ឌិត ក៏បានបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ លើសុខទុក្ខរបស់វីរកងទ័ព និងប្រជាពលរដ្ឋ ដែលរស់នៅតាមបន្ទាត់ព្រំដែន ជាពិសេសរាជរដ្ឋាភិបាល បាននិងកំពុងខិតខំដោះស្រាយបញ្ហានេះ ឱ្យបានឆាប់ស្របតាមច្បាប់អន្ដរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀង ដែលមានស្រាប់ ដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់ វិលត្រឡប់ទៅលំនៅស្ថានវិញ ដោយសុវត្ថិភាព។

មុននឹងបញ្ចប់ លោកស្រីកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរ ដល់អភិបាលខេត្តឧត្តរមានជ័យ និងមន្ទីរពាក់ព័ន្ធទាំងអស់ ដែលបានរួបរួមសាមគ្គីគ្នា រៀបចំមណ្ឌលសុវត្ថិភាព ដល់ប្រជាពលរដ្ឋភៀសសឹក។ ក្នុងមណ្ឌលនោះផងដែរ មានការផ្ដល់សេវាផ្សេងៗរួមមាន៖ សេវាសុខាភិបាល សាលារៀនបណ្តោះអាសន្ន សួនបន្លែ ព្រមទាំងការរៀបចំអាហារ និងសម្ភារៈប្រើប្រាស់ផ្សេងៗ សម្រាប់ផ្គត់ផ្គង់ជូនវីរៈកងទ័ពជួរមុខ៕