FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងមហាផ្ទៃ៖ គិតត្រឹមព្រឹកថ្ងៃទី១៣ ខែមករា ពលរដ្ឋភៀសសឹកជាង៤៩ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ, ជនភៀសសឹកនៅសល់ជាង១៥ម៉ឺននាក់

13-01-2026 15:08

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា គិតចាប់ពីម៉ោង៦ព្រឹក ថ្ងៃទី៩ ខែមករា ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ មានពលរដ្ឋភៀសសឹក៤,០៨៦នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណ៤សែន៩ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ។

ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន១៥៥,៥០៦នាក់ ក្នុងនោះស្រ្តីមាន៨០,៨៤១នាក់ និង កុមារ៥០,៦០៦នាក់។ ការភៀសសឹកទ្រង់ទ្រាយធំបែបនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទាំងផ្នែកមុខរបរ សុខុមាលភាព សាធារណៈ សិទ្ធិលំនៅឋាន ជាពិសេសសិទ្ធិទទួលបានការសិក្សារបស់កុមារ និងប៉ះទង្គិចផ្លូវចិត្តដ៏គួរឲ្យព្រួយបារម្ភ។ ជាងនេះទៅទៀត ពលរដ្ឋភៀសសឹកខ្លះ វិលដល់ភូមិករមែន ប៉ុន្តែត្រូវបង្ខំចិត្តស្នាក់នៅក្នុងជំរុំបណ្ដោះអាសន្នជាថ្មីទៀត ដោយសារផ្ទះសំបែងបានខូចខាតខ្ទេចរាបដល់ដី និងពោរពេញដោយសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់យោធាថៃ។

ការបន្តបិទផ្អាកសេវាសាធារណៈជាមូលដ្ឋាន ខេត្តឧត្តរមានជ័យ មានសាលារៀន២២២ មន្ទីរពេទ្យ/ មណ្ឌលសុខភាព៣៤ រដ្ឋបាលខេត្ត១ មន្ទីរអង្គភាពជុំវិញខេត្ត៣៣ រដ្ឋបាលស្រុក៥ អង្គភាពកងកម្លាំងមានសមត្ថកិច្ច ថ្នាក់ក្រុង ស្រុក១០ រដ្ឋបាលឃុំសង្កាត់២៣ និងប៉ុស្តិ៍នគរបាលរដ្ឋបាល២៣ បានបើកដំណើរការឡើងវិញ ខណៈ សាលារៀន៤០ មន្ទីរពេទ្យ/មណ្ឌលសុខភាព៧ រដ្ឋបាលនៅថ្នាក់ សង្កាត់១ និងប៉ុស្តិ៍នគរបាលរដ្ឋបាល១ បន្តបិទផ្អាក។

ខេត្តបន្ទាយមានជ័យ មានសាលារៀន៥ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១ បន្តបិទផ្អាក ខណៈស្ថាប័នផ្ដល់ សេវាសាធារណៈនៅថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់ បានបើកដំណើរការឡើងវិញ។ ខេត្តព្រះវិហារ មានសាលារៀន ២៩ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១៤ នៅបន្តបិទផ្អាក ខណៈសាលារៀន៣២ មន្ទីរពេទ្យ/មណ្ឌលសុខភាព១២ និង ស្ថាប័នផ្តល់សេវាសាធារណៈនៅថ្នាក់ស្រុក១ និងឃុំ-សង្កាត់៦ បានបើកដំណើរការឡើងវិញ។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ៖