FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាង ៣សមាគមសាសនា និងអង្គវេទិកាជាង ២០០រូប ផ្ញើសារឲ្យកាត់បន្ថយ ការប្រើប្រាស់ផ្លាស្ទិក (Video inside)

13-01-2026 14:44

(ភ្នំពេញ)៖ តំណាងមកពី សមាគមសាសនា ចំនួន៣ នៅកម្ពុជា គឺពុទ្ធសាសនា គ្រីស្ទសាសនា និងអ៉ីស្លាមសាសនា បានផ្ញើសារឲ្យមហាជនទាំងអស់ ចូលរួមកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក។ ពួកគាត់ បានចែករំលែកគំនិត ទស្សនៈ និងបទពិសោធន៍ ក្នុងការអនុវត្តទ្រស្តីសាសនារបស់ខ្លួន ដើម្បីជំរុញឲ្យសាធារណជនយល់ដឹង និងចូលរួមអនុវត្តជាក់ស្តែង ដោយចាប់ផ្តើមពីរឿងតូចៗ ដូចជា ការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកប្រើតែម្តង។

សារនេះបានបង្ហាញក្នុងឱកាស គណៈកម្មការយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ សហការជាមួយនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំវេទិកាពិភាក្សាស្តីពី «សំឡេងអន្តរសាសនាដើម្បីបរិស្ថានស្អាត៖ និយាយថា “ទេ” ចំពោះផ្លាស្ទិក - Interfaith Voices for a Clean Environment: Say “No” to Plastic”» នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែមករា ឆ្នាំ២០២៦ នៅសាលទន្លេសាប អគារខេមរវិទូ រាជបណ្ឌិត្យសភាកម្ពុជា និងផ្សាយផ្ទាល់លើបណ្តាញសង្គម។

កម្មវិធីនេះដែរ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថាន ជាពិសេសបញ្ហាកាកសំណល់ផ្លាស្ទិក ដែលកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធម្មជាតិ សុខភាពមនុស្ស និងជីវិតសត្វទាំងឡាយ។ ការជ្រើសរើសប្រធានបទអន្តរសាសនា បង្ហាញឲ្យឃើញថា សាសនាទាំងឡាយមានសំឡេងរួមគ្នា និងទំនួលខុសត្រូវរួម ក្នុងការថែរក្សាបរិស្ថាន ដែលជាមរតករួមរបស់មនុស្សជាតិ។

នាឱកាសនោះ ព្រះសិរីកោសល សុំ សុខា ឧត្តម​ទីប្រឹក្សា​គណៈសង្ឃនាយក​នៃព្រះរាជាណាចក្រកម្ពុជា ព្រះវិន័យធរគណរាជធានីភ្នំពេញ ព្រះគ្រូអនុគណខណ្ឌកំបូល ព្រះចៅអធិការវត្តភ្នៀតសិម្ពលី និងជា​ប្រធាន​ពុទ្ធិកសមាគមកម្ពុជរដ្ឋ​ បានមានសង្ឃដីកាថា ក្នុងទស្សនៈព្រះពុទ្ធសាសនា ការថែរក្សាបរិស្ថាន គឺជាការអនុវត្តធម៌ដ៏សំខាន់។

ព្រះអង្គមានសង្ឃដីកាបន្តថា ការមិនបំពុលធម្មជាតិ គឺជាការមិនបង្កទុក្ខដល់សត្វទាំងឡាយ និងមនុស្សជាតិ។ សាសនាទាំងអស់ មិនថាព្រះពុទ្ធសាសនា គ្រីស្ទសាសនា ឬអ៉ីស្លាមសាសនា សុទ្ធតែមានគោលការណ៍រួមគ្នា គឺការលើកកម្ពស់សីលធម៌ ទំនួលខុសត្រូវ និងការរស់នៅដោយចីរភាព។

សមាជិកគណៈកម្មការយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ លោក កែវ ពិសិដ្ឋ (សេម) បានលើកឡើងថា តាមការស្រាវជ្រាវ មានប្រទេសចំនួន១០ ដែលបំពុលសមុទ្រដោយផ្លាស្ទិក ខ្លាំងបំផុត លើពិភពលោក រួមមាន៖

*១៖ ហ្វីលីពីន មាន ៣៥៦.៣៧១ Metric Ton
*២៖ ឥណ្ឌា មាន ១២៦.៥១៣ Metric Ton
*៣៖ ម៉ាឡេស៊ី មាន៧៣.០៩៨ Metric Ton
*៤៖ ចិន មាន ៧០.៧០៧ Metric Ton
*៥៖ ឥណ្ឌូណេស៊ី មាន ៥៦.៣៣៣ Metric Ton
*៦៖ មីយ៉ាន់ម៉ា មាន ៤០.០០០ Metric Ton
*៧៖ ប្រេស៊ីល មាន៣៧.៧៩៩ Metric Ton
*៨៖ វៀតណាម មាន២៨.២២១ Metric Ton
*៩៖ បង់ក្លាដែស មាន ២៤.៦៤០ Metric Ton
*១០៖ ថៃ មាន ២២.៨០៦ Metric Ton។

«រាល់ថ្ងៃយើងផលិតផ្លាស្ទិកច្រើនណាស់។ អង្គការសហប្រជាជាតិ ព្រមានថា បញ្ហា​កាកសំណល់​ប្លាស្ទិក​នេះ​ កំពុង​ក្លាយ​ជា​ក្តី​កង្វល់​យ៉ាង​ខ្លាំង។ ក្នុង ១ឆ្នាំៗ ពិភពលោកផលិតវា ៤៣០លានតោនឯណោះ។ បើតាមក្រសួងបរិស្ថាន នៅក្រុងភ្នំពេញតែមួយ បានប្រើប្រាស់ថង់ផ្លាស្ទិកប្រមាណ ១០លានថង់ក្នុងមួយថ្ងៃ។ ចំនួននេះ បង្ហាញយ៉ាងច្បាស់ថា ប្រសិនបើយើងមិនចាប់ផ្តើមផ្លាស់ប្តូរឥរិយាបថពីថ្ងៃនេះទេ នោះបញ្ហានឹងកាន់តែធ្ងន់ធ្ងរឡើង»។ នេះបើតាមសមាជិកគណៈកម្មការយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ។

ការព្យាករក៏បានបង្ហាញថា ប្រសិនបើគ្មានវិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព នោះបរិមាណកាកសំណល់ផ្លាស្ទិកនៅក្នុងសមុទ្រ អាចនឹងកើនឡើងលើសពីបច្ចុប្បន្នដល់ ៣ដង នៅក្នុងឆ្នាំខាងមុខៗ។ នេះគឺជាការព្រមានដ៏គួរឱ្យបារម្ភសម្រាប់អនាគតមនុស្សជាតិ និងជីវិតសត្វទាំងឡាយ។

សម្រាប់កម្ពុជា បញ្ហានេះក៏កំពុងកើតមានយ៉ាងច្បាស់។ តាមការលើកឡើងរបស់ក្រសួងបរិស្ថាន នៅក្រុងភ្នំពេញតែមួយ បានប្រើប្រាស់ថង់ផ្លាស្ទិក ប្រមាណ ១០ លានថង់ក្នុងមួយថ្ងៃ។ ចំនួននេះ បង្ហាញយ៉ាងច្បាស់ថា ប្រសិនបើយើងមិនចាប់ផ្តើមផ្លាស់ប្តូរឥរិយាបថពីថ្ងៃនេះទេ នោះបញ្ហានឹងកាន់តែធ្ងន់ធ្ងរឡើង។

បន្ថែមលើនេះ លោក អ៉ិត ប្រាង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល, អនុប្រធាន​ និងជាអគ្គលេខាធិការពុទ្ធិកសមាគមកម្ពុជរដ្ឋ​ បានថ្លែងថា បញ្ហាបរិស្ថាន ជាពិសេសបញ្ហាកាកសំណល់ផ្លាស្ទិក មិនមែនជាបញ្ហាបច្ចេកទេសតែប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាសីលធម៌ បញ្ហាវប្បធម៌ និងបញ្ហាទំនួលខុសត្រូវរួមរបស់មនុស្សជាតិទាំងមូល។ សាសនាទាំងឡាយ បានបង្រៀនឲ្យមនុស្សមានការយកចិត្តទុកដាក់ចំពោះធម្មជាតិ មានការប្រើប្រាស់ធនធានដោយមធ្យមភាព និងមានការគិតគូរអំពីផលវិបាកចំពោះអ្នកដទៃ និងជំនាន់ក្រោយ។

លោកបានបញ្ជាក់ថា «សម្រាប់កម្ពុជា ខ្ញុំព្រះករុណា សង្ឃឹមថា សារដែលបានលើកឡើងនៅក្នុងវេទិកានេះ នឹងមិនត្រឹមតែបញ្ចប់នៅក្នុងសាលប្រជុំនេះប៉ុណ្ណោះទេ ប៉ុន្តែអាចត្រូវបានបន្តផ្សព្វផ្សាយទៅកាន់វត្តអារាម សហគមន៍ សាលារៀន ស្ថាប័នសាសនា និងយុវជនទូទាំងប្រទេស ដើម្បីជំរុញឲ្យមានការផ្លាស់ប្តូរឥរិយាបថជាក់ស្តែង ចាប់ផ្តើមពីការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកប្រចាំថ្ងៃ ការរើសយកជម្រើសដែលមិនបំផ្លាញបរិស្ថាន និងការចូលរួមថែរក្សាធម្មជាតិជាទៀងទាត់»

លោកបានលើកទឹកចិត្តដល់ព្រះសង្ឃ យុវជន និងសាធារណជនទាំងអស់ ឲ្យបន្តធ្វើជាគំរូល្អក្នុងសង្គម ដោយភ្ជាប់ការអនុវត្តធម៌ ជាមួយការអនុវត្តជីវិតប្រចាំថ្ងៃ ដើម្បីឲ្យការការពារបរិស្ថាន ក្លាយជាផ្នែកមួយនៃវប្បធម៌រស់នៅរបស់យើង៕