FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកបណ្ឌិត ចាយ បូរិន អនុញ្ញាតឱ្យប្រធានសមាគមចំនួន៣ មកពីប្រទេសប៊ែលហ្សិក និងកម្ពុជា ចូលជួបសម្តែងការគួរសម និងនាំយកអំណោយមកប្រគល់ជូនវីរៈកងទ័ព វីរៈនគរបាលជាតិ និងជនភៀសសឹក

13-01-2026 14:23

(ភ្នំពេញ)៖ លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អនុញ្ញាតឲ្យលោក Abdalrahman Ramon Gonzalez Suarez and Farid Ben Amar (អាប់ដាល់រ៉ាម៉ន រ៉នហ្សាលេស ស៊ូរ៉េស) ប្រធានសមាគម Humanipedie ប្រទេសបែលហ្សិក និងលោក ហ្វារីដ ប៊ែន អាម៉ា ( Farid Ben Amar) ប្រធានសមាគម Projet Alyatim ប្រទេសបែលហ្ស៊ិក សុះ ជីបព្រល ប្រធានសមាគមអភិវឌ្ឍន៍និងការអប់រំមុស្លីមកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម ពិភាក្សាការងារនិងនាំយកអំណោយមកប្រគល់ជូនសម្រាប់ ចែកជូនវីរៈកងទ័ព វីរៈនគរបាលជាតិ និងជនភៀសសឹកតាមរយៈក្រសួងធម្មការនិងសាសនា នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

សូមបញ្ជាក់ថា អំណោយដែលយកមកប្រគល់ជូនតាមរយៈក្រសួងតាមរយៈលោក ឡា ឡៃ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា សម្រាប់ចែកជូនវីរៈកងទ័ព វីរៈនគរបាលជាតិ និងជនភៀសសឹក។

នៅក្នុងឱកាសអញ្ជើញចូលជួបសម្តែងការគួរសម និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ​ និងសម្ភារមកប្រគល់ជូនលោកបណ្ឌិតរដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា សម្រាប់ឧបត្ថម្ភ សមរភូមិមុខ ប្រធានសមាគមទាំង៣ បានជម្រាបជូនអំពីគោលបំណងសំខាន់ នាឱកាសនេះចំនួន៣៖

*ទី១៖ នាំយកជំនួយមានគ្រឿងឧបភោគបរិភោគ សម្រាប់ចែកជូនវីរៈកងទ័ព វីរៈនគរបាលជាតិ និងជនភៀសសឹក នៅខេត្ត​ជាប់ព្រំដែនកម្ពុជា-ថៃ តាមរយៈក្រសួងធម្មការ និងសាសនា។
*ទី២៖ ជម្រាបជូនអំពីដំណើរការសាងសង់សាលាចំនួន២ខ្នង ដើម្បីរួមចំណែកជាមួយ រដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលបង្កើតធនធានមនុស្ស ស្របទៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
*ទី៣៖ ដឹកនាំយកអំណោយជាបន្តបន្ទាប់ សម្រាប់ប្រគល់ជូនក្រសួងសម្រាប់ចាត់ចែងតាមអ្វីដែលប្រជាពលរដ្ឋខ្មែរត្រូវការ។

បណ្ឌិតរដ្ឋមន្រ្តី បានថ្លែងថា នៅក្នុងកាលៈទេសៈនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ​ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំប្រកបដោយភាពប្រាកដនិយម របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានខិតខំប្រើគ្រប់មធ្យោយបាយ ដើម្បីបញ្ជៀសនូវសង្រ្គាម តាមរយៈមធ្យោបាយសន្តិវីធី ការទូត និងច្បាប់អន្តរជាតិ។ ​

លោកបណ្ឌិត ចាយ បូរិន បានបញ្ជាក់ថា គ្រប់សាសនាទាំងអស់នៅកម្ពុជា ទាំងព្រះពុទ្ធសាសនា ឥស្លាមសាសនា គ្រិស្តសាសនា និងសាសនាផ្សេងៗទៀតនៅកម្ពុជា បានចូលរួមចំណែកជួយគាំទ្រជាមួយរាជរដ្ឋាភិបាល នៅពេលដែលប្រទេសកម្ពុជា កំពុងជួបការលំបាក និងបាននាំយកអំណោយជាបន្តបន្ទាប់ជូនដល់វីរៈកងទ័ព វីរៈនគរបាល និងបងប្អូនជនភៀសសឹក។

លោកបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ សមាគម Humanipedie សមាគម Projet Alyatim និងសមាគមអភិវឌ្ឍន៍និងការអប់រំមុស្លីមកម្ពុជានិងសហការី ជួបតែសេចក្តីសុខនិងសម្រេចបានគ្រប់ភារកិច្ចមនុស្សធម៌នៅកម្ពុជា ជានិច្ចនិរត្តន៍ និងសូមជូនពរដល់សប្បុរសជនទាំងអស់ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ សំណាងល្អ និងព្រះអល់ឡោះប្រទានពរ៕