FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុន ម៉ាលីសាន គ្រុប ឧបត្ថម្ភគ្រាប់ពូជបន្លែ និងសាងសង់ផ្ទះសំណាញ់ សម្រាប់ដាំដំណាំ ជូនគ្រួសារកងទ័ព និងជនភៀសសឹក នៅខេត្តចំនួន៣

13-01-2026 13:38

(បន្ទាយមានជ័យ)៖ ក្រុមហ៊ុន ម៉ាលីសាន គ្រុប បានចូលរួមឧបត្ថម្ភនូវអង្ករចំនួន៥តោន ទឹកសុទ្ធចំនួន ២,០០០យួរ ការសាងសង់ផ្ទះសំណាញ់ សម្រាប់ដាំដំណាំចំនួន២ខ្នង ជាមួយកូនពូជបន្លែ សម្រាប់ធ្វើការដាំដុះ ចំនួន៥ខ្នង ការតម្លើងប្រព័ន្ធស្រោចស្រព និងបុគ្គលិកបច្ចេកទេសប្រចាំការជួយរៀបចំដី ការដាំដុះ និងថែទាំ ព្រមទាំងបានចូលរួម ឧបត្ថម្ភគ្រាប់ពូជបន្លែ ជូនកងទ័ពសមរភូមិជួរមុខ គ្រួសារកងទ័ព និងជនភៀសសឹកពីតំបន់សមរភូមិ នៅខេត្តបន្ទាយមានជ័យ។

សម្រាប់ខេត្តសៀមរាប ក្រុមហ៊ុន ម៉ាលីសាន គ្រុប បានចូលរួមឧបត្ថម្ភគ្រាប់ពូជបន្លែ សម្រាប់ធ្វើការដាំដុះលើផ្ទៃដីចំនួន ២ហិចតា និងតាមតំបន់ស្រុកមួយចំនួន។ ក្នុងនោះផងដែរក្រុមហ៊ុន ម៉ាលីសាន គ្រុប ក៏បានចូលរួមឧបត្ថម្ភគ្រាប់ពូជបន្លែសម្រាប់ខេត្តបាត់ដំបង និងខេត្តមួយចំនួនទៀត។

ក្រុមហ៊ុន ម៉ាលីសាន គ្រុប បានបង្ហាញទឹកចិត្ត និងការរួមចំណែកក្នុងការយកចិត្តទុកដាក់ ជាមួយរាជរដ្ឋាភិបាលកម្ពុជាគាំទ្រអនុសាសន៍របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ត្រីទី១នៃកម្ពុជា រួមគ្នាជម្រុញចលនាដាំបន្លែតាមសាលារៀន និងដីសហគមន៍ដើម្បីផ្គត់ផ្គង់ និងគាំទ្រជនភៀសសឹក។

១៖ ខេត្តបន្ទាយមានជ័យ
តាមរយៈ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ
គម្រោង៖ ផ្ទះសំណាញ់សម្រាប់ដាំដំណាំ និងគ្រាប់ពូជបន្លែ

កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុន ម៉ាលីសាន គ្រុប បានឧបត្ថម្ភនូវការសាងសង់ផ្ទះសំណាញ់សម្រាប់ ដាំដំណាំចំនួន ២ខ្នង ស្មើ២០ម៉ែត្រ គុណ២៥ម៉ែត្រ ស្មើ៥០០ម៉ែត្រការ៉េ ជាមួយកូនពូជបន្លែសម្រាប់ធ្វើការដាំដុះចំនួន ៥ខ្នង។ ការងារតម្លើងប្រព័ន្ធស្រោចស្រពរួមមានទុយោមេ និងទុយោដំណក់ទឹក និងបុគ្គលិកបច្ចេកទេសប្រចាំការចាប់ពីការរៀបចំ ដីធ្វើរងដំណាំ ការដាំដុះ ថែទាំ រហូតដល់ប្រមូលផលដំណាំ។

កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ ក្រុមហ៊ុន ម៉ាលីសាន គ្រុប ក៏បានឧបត្ថម្ភគ្រាប់ពូជស្ពៃក្រញាញ់ ៣០កញ្ចប់ (៣គីឡូ) ស្ពៃតឿ ៣០កញ្ចប់ (៣គីឡូ) ខាត់ណាផ្កា ២កញ្ចប់ (២០ក្រាម) និងខាត់ណាដើម ៥កញ្ចប់ (៥០០ក្រាម) សម្រាប់ធ្វើការដាំដុះលើផ្ទៃដីចំនួន ១,២៥០ម៉ែត្រការ៉េ។ ស្របពេលនេះ ក្រុមហ៊ុន ម៉ាលីសាន គ្រុប បានចូលរួមឧបត្ថម្ភនូវអង្ករចំនួន ៥តោន និងទឹកសុទ្ធចំនួន ២,០០០យួរ តាមរយៈក្រុមការងារថ្នាក់ខេត្ត។

២៖ ខេត្តសៀមរាប
២.១ គណៈអភិបាលខេត្តសៀមរាប
កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុន ម៉ាលីសាន គ្រុប បានចូលរួមឧបត្ថម្ភនូវគ្រាប់ពូជត្រកួន ២៥គីឡូ ស្ពៃក្រញាញ់ ៥០កញ្ចប់ (៥គីឡូ) ស្ពៃតឿ ៥០កញ្ចប់ (៥គីឡូ) ស្ពៃចង្កឹះ ៥០កញ្ចប់ (៥គីឡូ) និងស្ពៃខៀវ ៥០កញ្ចប់ (៥គីឡូ) ជូនតាមរយៈគណៈអភិបាលខេត្តសៀមរាប ដើម្បីផ្តល់ជូនកងទ័ពសមរភូមិជួរមុខ គ្រួសារកងទ័ព និងជនភៀសសឹកពីតំបន់សមរភូមិ ចូលមកក្នុងភូមិសាស្ត្រខេត្តសៀមរាប។

២.២ សមាគមកាយឫទ្ធិនារីកម្ពុជាប្រចាំខេត្តសៀមរាប
ក្នុងស្ថានភាពនេះដែរ ក្រុមហ៊ុន ម៉ាលីសាន គ្រុប បានចូលរួមឧបត្ថម្ភនូវគ្រាប់ពូជស្ពៃក្រញាញ់ ១០គីឡូ ស្ពៃចង្កឹះ ១០គីឡូ ស្ពៃតឿ ១០គីឡូ ស្ពៃខៀវ ១០គីឡូ ត្រកួន ២០០គីឡូ ពោតស្នៀត ២០គីឡូ និងពោតផ្អែម ១៥គីឡូ សម្រាប់ធ្វើការដាំដុះលើផ្ទៃដីចំនួន ២ហិចតា ជូនសមាគមកាយឫទ្ធិនារីកម្ពុជាប្រចាំខេត្តសៀមរាប ដែលបានដឹកនាំដោយ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ត្រីទី១នៃកម្ពុជា និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ដើម្បីដាំដុះជូនកងទ័ពសមរភូមិជួរមុខ គ្រួសារកងទ័ព និងជនភៀសសឹកពីតំបន់សមរភូមិចូលមកក្នុងភូមិសាស្ត្រខេត្តសៀមរាប។

៣៖ ខេត្តបាត់ដំបង
តាមរយៈ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង

កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុន ម៉ាលីសាន គ្រុប បានចូលរួមឧបត្ថម្ភនូវគ្រាប់ពូជត្រកួន ២៥គីឡូ ស្ពៃក្រញាញ់ ៥០កញ្ចប់ (៥គីឡូ) ស្ពៃតឿ ៥០កញ្ចប់ (៥គីឡូ) ស្ពៃចង្កឹះ ៥០កញ្ចប់ (៥គីឡូ) និងស្ពៃខៀវ ៥០កញ្ចប់ (៥គីឡូ) ជូនតាមរយៈមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីផ្តល់ជូនកងទ័ពសមរភូមិជួរមុខ គ្រួសារកងទ័ព និង
ជនភៀសសឹកពីតំបន់សមរភូមិ ចូលមកក្នុងភូមិសាស្ត្រខេត្តបាត់ដំបង៕