FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេក្រុមហ៊ុនដ៏ធំរបស់ចិន ប្រកាសយករោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា ជាកន្លែងឈរជើងនៅអាស៊ាន ដើម្បីផលិតចែកចាយទៅកាន់ពិភពលោក

13-01-2026 12:46

(ភ្នំពេញ)៖ Guangzhou Industrial Investment Holdings Group Co., Ltd. ( GIIHG) គឺជាក្រុមហ៊ុនដ៏ធំមួយរបស់ចិន ដែលមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធរហូតដល់​ទៅ​៦០០ក្រុមហ៊ុន។ ក្រុមហ៊ុន វ៉ាន់លី ថៃអឺរ ជា​បុត្រ​សម្ព័ន្ធមួយរបស់ GIIHG មានអាជីវ​កម្មផលិតសំបកកង់រថយន្តម៉ាកល្បីៗ​ជា​ច្រើន​សម្រាប់​ចែក​ចាយទៅកាន់ទីផ្សារ​ពិភព​លោក មានដូចជា WANLI, MILEVER, SUNNY, APTANY, DIAMOND…។

ក្រុមហ៊ុនវ៉ាន់លី ថៃអឺរ បានសម្រេចចិត្តយកប្រទេសកម្ពុជា ជាទីតាំងក្រៅប្រទេសលើក​ដំបូង​​របស់ក្រុមហ៊ុន បង្កើតរោង​ចក្រ​ពង្រីកច្រវាក់ផលិតកម្ម។ ការសម្រេចចិត្តចាប់យក​កម្ពុជាជាប្រទេសពង្រីកច្រវាក់ផលិតកម្មនេះ គឺជាផ្លែផ្កាមួយនៃនយោបាយទាក់ម៉ូយ​របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាផ្លែផ្កានៃបេសក​កម្មគោះទ្វារអ្នកវិនិយោគរបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

កាលពីខែតុលា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល បានដឹកនាំប្រតិភូកម្ពុជា បំពេញទស្ស​ន​កិច្ចដោយផ្ទាល់នៅទីតាំងរោងចក្ររបស់ក្រុមហ៊ុន វ៉ាន់លី ថៃអឺរ នៅទីក្រុងក្វាងចូវ ប្រទេសចិន។ ក្នុងដំណើរទស្សនកិច្ចនោះ លោក ស៊ុន ចាន់ថុល បានជំរុញឱ្យក្រុមហ៊ុន​មកវិនិយោគនៅកម្ពុជា ពង្រីកការផលិត និងស្វែងរកឱកាសរីកចម្រើននៃច្រវាក់ផលិត​កម្ម​។ បន្ទាប់ពីដំណើរទស្សនកិច្ចនោះ នៅឆ្នាំ២០២៤ ក្រុមហ៊ុន ក៏បានសម្រេចចិត្ត​វិនិ​យោគនៅកម្ពុជា ជាមួយទុនសរុបជិត៣០០លានដុល្លារអាមេរិក។ នៅដើមឆ្នាំ២០២៥ ក្រុមហ៊ុន ក៏ចាប់ផ្តើមសាងសង់រោងចក្រនៅកម្ពុជា មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ច​ពិសេស​ស៊ីនបាវិត ក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង។

ប្រើរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះដំណើរការនៃការសាងសង់រោងចក្រត្រូវបានរួចរាល់ជាស្ថាពរ ហើយច្រវាក់ផលិតកម្មចាប់ផ្តើមដំណើរការ។ ជាមួយដំណើរការក្នុងដំណាក់​កាល​ដំបូងនេះ ក្រុមហ៊ុនអាចផលិតបានសំបកកង់បានប្រមាណ ៦លានសំបកក្នុង​មួយ​ឆ្នាំ ហើយឈានទៅផលិតក្នុងរង្វង់ ១២លានសំបកក្នុងឆ្នាំនៅចុងឆ្នាំ២០២៦នេះ។

រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុនវ៉ាន់លី ថៃអឺរ ជារោងចក្រដែលប្រើ​បច្ចេក​វិទ្យា​ខ្ពស់ ដែលសុទ្ធសឹងជាប្រព័ន្ធស្វ័យប្រវត្តកម្ម។ បើទោះបីប្រើប្រព័ន្ធស្វ័យប្រវត្តកម្ម​ច្រើនយ៉ាងណាក្តី ក៏ក្រុមហ៊ុនបានផ្តល់ឱកាសការងារជាច្រើនកន្លែងដល់ប្រជាពលរដ្ឋ​ខ្មែរជាមួយប្រាក់ឈ្នួលខ្ពស់ផងដែរ។ ក្នុងដំណាក់កាលដំបូងនៃច្រវាក់ផលិតកម្មនេះ ក្រុម​ហ៊ុនបានផ្តល់ឱកាសការងាររហូតដល់ទៅជាង ៦០០កន្លែង។

ជាមួយនឹងការដាក់ឱ្យដំណើររោងចក្រក្រៅប្រទេសលើកដំបូងរបស់ខ្លួន លោក JING GUANGJUN ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Guangzhou Industrial Investment Holding Group បានប្រកាសពីការសម្រេចចិត្តរបស់ក្រុមហ៊ុន ក្នុងការ​យកប្រទេសកម្ពុជា ជាកន្លែងឈរជើងពង្រីកច្រវាក់ផលិតកម្មនៅតំបន់អាស៊ាន ដើម្បី​ផលិតសំបកកង់រថយន្ត ការផ្គត់ផ្គង់ និងផ្តល់សេវាផ្សេងៗទៀតទៅកាន់ពិភពលោក។

លោក JING GUANGJUN បានគូសបញ្ជាក់បែបនេះថា «រោងចក្រនៅកម្ពុជា គឺជា​តំណ​ភ្ជាប់ដ៏សំខាន់មួយក្នុងការកសាងបណ្តាញដ៏រឹងមាំ និងការអនុវត្តន៍ថ្មីមួយ​សម្រាប់​ការ​បង្កើនសមត្ថភាពប្រកួតប្រជែងជាសកលរបស់ក្រុមហ៊ុន។ នាពេលអនាគតយើង​នឹង​យករោងចក្រនេះជាចំណុចស្នូល ដើម្បីពន្លឿនយុទ្ធសាស្ត្រឈរជើងនៅអាស៊ានពង្រីក​ឥទ្ធិពល​ទៅកាន់ទីផ្សារពិភពលោក និងកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់ ការស្រាវជ្រាវ និងអភិ​វឌ្ឍន៍​ផលិតកម្ម ការលក់ សេវាកម្ម ការបម្រើទីផ្សារឱ្យកាន់តែល្អប្រសើរនៅក្នុងប្រទេស និង​តំបន់ជាង១៦០ នៅទូទាំងពិភពលោក»

ក្នុងពិធីសម្ពោធជាផ្លូវការនូវរោងចក្រនាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ លោក JING GUANGJUN បានប្រកាសបន្តគាំទ្រពេញទំហឹងលើដំណើរការរបស់ក្រុម​ហ៊ុនវ៉ាន់លី ថៃអឺរ ពន្លឿនការអភិវឌ្ឍន៍​របស់​រោងចក្រឱ្យក្លាយទៅជាសសរស្តម្ភដ៏សំខាន់មួយ​នៃ​ឧស្សា​​ហ​កម្មគ្រឿងបន្លាស់រថយន្តដែលមានទុនពាន់លានដុល្លារ។ ជំរុញនូវច្រវាក់ផលិត​កម្ម​ទំនើប បច្ចេកវិទ្យាប៉ៃតង ដោយ​នាំ​​ចូល​​នូវបច្ចេកវិទ្យាទំនើបចុងក្រោយរបស់​ក្រុម​ហ៊ុន ខិតខំកសាងស្តង់ដារ​គំរូ​ឧស្សា​​ហកម្ម​ក្នុងតំបន់ និងធ្វើឱ្យល្អប្រសើរនូវឧស្សា​ហកម្ម​ក្នុង​ស្រុក។ ទន្ទឹមគ្នានេះ ក្រុម​ហ៊ុននឹង​អនុវត្តយ៉ាងស៊ីជម្រៅនូវគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) គោរពវប្បធម៌ក្នុងស្រុក និងកែលំអប្រព័ន្ធបណ្តុះ​បណ្តាល​ជំនាញ ដើម្បីធានាថា ការ​អភិ​វឌ្ឍ​ផ្តល់ផ្តល់ប្រយោជន៍ដល់បុគ្គល និងសហ​គមន៍។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា រូបលោកបានជជែកជាមួយ លោក JING GUANGJUN រួចហើយ ឱ្យក្រុមហ៊ុន GIIHG នាំយកក្រុមហ៊ុនជាបុត្រសម្ព័ន្ធ​របស់ខ្លួនមកវិនិយោគនៅកម្ពុជាយ៉ាងហោចណាស់ក៏៥០ក្រុមហ៊ុនដែរ។ សម្រាប់លោក ស៊ុន ចាន់ថុល ការវិនិយោគត្រឹម៥០ក្រុមហ៊ុន មិនមែនជារឿងលំបាកនោះឡើយសម្រាប់​ក្រុមហ៊ុន GIIHG ព្រោះក្រុមហ៊ុននេះ មានបុត្រសម្ព័ន្ធរហូតដល់ទៅ៦០០ក្រុមហ៊ុន ហើយ​មានក្រុមហ៊ុនជាដៃគូខ្ទង់ពាន់ក្រុមហ៊ុនថែមទៀត។

«វិស័យសំខាន់របស់យើង ដែលយើងចង់បាន គឺខាងយានយន្ត ខាងអេឡិចត្រូនិក ខាងកែច្នៃម្ហូបអាហារ។ល។ នេះជាវិស័យមួយដែលអាចនាំយើងទៅដល់ចក្ខុវិស័យឆ្នាំ២០៥០។ វិស័យនេះ មានតម្លៃបន្ថែមខ្ពស់ ប្រាក់ឈ្នួលខ្ពស់»។ នេះជាការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល។

លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ការផលិតនៅកម្ពុជា មានទីផ្សារធំទូលាយ ពោលទីផ្សារមិនមែនមានតែនៅក្នុងប្រទេសកម្ពុជានោះទេ។ ទីផ្សារនោះមានដូចជា មហា​អនុតំបន់មេគង្គ ដែលមានកម្ពុជា វៀតណាម ថៃ ឡាវ មីយ៉ាន់ម៉ា និងភាគខាង​ត្បូង​ប្រទេស​ចិន មានខេត្តយូណាន ដែលមានប្រជាពលរដ្ឋ២៥០លាននាក់។ ក្រៅពីនោះ​មាន​ទីផ្សារអាស៊ានទាំងមូល ៦៧០លាននាក់ ទីផ្សារកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានប្រទេសអាស៊ានទាំង១០ បូកជាមួយចិន កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី និងញូវហ្សេឡែន ដែលមានទីផ្សារ ២.៣ពាន់លាននាក់។ បន្ថែមពីលើនោះកម្ពុជា ក៏មានទីផ្សារនៅអឺរ៉ុប និងអាមេរិក ដែលជាទីផ្សារផ្តល់ប្រព័ន្ធអនុ​គ្រោះពន្ធសម្រាប់ទំនិញចេញពីកម្ពុជា៕