ជប៉ុន ប្រកាសដាក់ឱ្យដំណើការក្រុមសហបង្កើតធុរកិច្ច (BCT) នៅកម្ពុជា
13-01-2026 11:43
(ភ្នំពេញ)៖ ស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រលប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ បានប្រកាសដាក់ឱ្យដំណើការក្រុមសហបង្កើតធុរកិច្ច (BCT) នៅនិវេសនដ្ឋានឯកអគ្គរាជទូតជប៉ុន។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា, លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងមានការចូលរួមពីសំណាក់សមាជិកក្រុមសហបង្កើតធុរកិច្ច (BCT) ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។
គួរឱ្យដឹងថា សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសជប៉ុន ក្នុងនាមជានាយករដ្ឋមន្ត្រីក្នុងខែឧសភា ឆ្នាំ២០២៥។ ក្នុងដំណើរទស្សនៈកិច្ចនោះកិច្ចប្រជុំកំពូលត្រូវបានធ្វើឡើងជាមួយលោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន (នាពេលនោះ)។
ថ្នាក់ដឹកនាំទាំងពីរបានព្រមព្រៀងលើការដាក់ចេញកញ្ចប់សហបង្កើតសេដ្ឋកិច្ចកម្ពុជា-ជប៉ុន ហើយបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាបន្ទាប់ពីកិច្ចប្រជុំកំពូល។ កញ្ចប់នេះមានគោលបំណងសម្របសម្រួលកិច្ចសហប្រតិបត្តិការលើការធ្វើពិពិធកម្មដៃគូរធុរកិច្ចរបស់កម្ពុជា និងពង្រឹងប្រព័ន្ធនានាដែលអាចទាក់ទាញ និងគាំទ្រការវិនិយោគបន្ថែមពីប្រទេសជប៉ុនជាពិសេស។
ការបង្កើតក្រុមសហបង្កើតធុរកិច្ច (BCT) គឺជាចំណុចលេចធ្លោមួយរបស់កញ្ចប់បង្កើតសេដ្ឋកិច្ចកម្ពុជា-ជប៉ុន។ យន្តការនេះត្រូវបានបង្កើតឡើងឆ្លើយតបនឹងសំណើរបស់សមាគមធុរកិច្ចជប៉ុនកម្ពុជា (JBAC) ដែលជាសមាគមនៃក្រុមហ៊ុនជប៉ុន ដែលកំពុងប្រតិបត្តិការនៅកម្ពុជា។
ក្រុម BCT នឹងកាន់តួនាទីរបស់ការិយាល័យទំនាក់ទំនងជប៉ុន (Japan Desk) ដែលមានស្រាប់នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរបៀបដែលត្រូវបានអភិវឌ្ឍជាមូលដ្ឋាន។ ក្រុមBCT ត្រូវបានបង្កើតឡើងជាក្រុមអន្តរក្រសួង ហើយនឹងផ្តល់ព័ត៌មានដ៏ទូលំទូលាយ និងដំណោះស្រាយតែមួយដល់វិនិយោគិនជប៉ុនដែលកំពុងពិចារណាវិនិយោគនៅកម្ពុជា និងក្រុមហ៊ុនជប៉ុន ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេស៕













