ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នឹងរៀបចំពិនិត្យជំងឺដោយឥតគិតថ្លៃ សម្រាប់ពលរដ្ឋខ្មែរនៅកូរ៉េ
13-01-2026 10:45
(កូរ៉េខាងត្បូង)៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការី នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញទៅមជ្ឈមណ្ឌលគាំពារពលករបរទេសនៅតំបន់ឆាងវ៉ុន ដើម្បីពិភាក្សាអំពី លទ្ធភាពនៃការធ្វើជាសហប្រធានរៀបចំកម្មវិធី «2026 Migrants' Arirang Multicultural Festival» និងសួរសុខទុក្ខពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់នោះ។
ក្នុងឱកាសនោះ លោកឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះ លោក Lee Choul Seoung ប្រធានមជ្ឈមណ្ឌលគាំពារពលករតំបន់ឆាំងវ៉ុន ដែលលោកតែងតែយកចិត្តទុកដាក់ជួយសម្របសម្រួល និងដោះស្រាយបញ្ហាការងារផ្សេងៗរបស់បងប្អូនពលករក្នុងតំបន់។
ឆ្លៀតក្នុងឱកាសនៃជំនួប លោកឯកអគ្គរាជទូតបានបង្ហាញពីបំណងរៀបចំកម្មវិធីពិនិត្យសុខភាព ដោយឥតគិតថ្លៃជូនពលរដ្ឋខ្មែរ ដែលរស់នៅជុំវិញតំបន់ឆាំងវ៉ុន និងបានស្នើសុំលោកប្រធានមជ្ឈមណ្ឌលសហការផ្តល់ទីតាំងសម្រាប់រៀបចំកម្មវិធីនេះ។
ជាការឆ្លើយតប លោកប្រធានមជ្ឈមណ្ឌល បានយល់ស្របក្នុងការផ្តល់ទីតាំង និងជួយសម្របសម្រួលកម្មវិធីពិនិត្យសុខភាពដែលនឹងប្រពឹត្តទៅនៅតំបន់ឆាំងវ៉ុននាពេលខាងមុខនេះ៕


















