ក្រសួងបរិស្ថាន បោះបង្គោលកំណត់ព្រំតំបន់ការពារធម្មជាតិ ១ ០០០បង្គោល នៅឆ្នាំ២០២៥, នៅឆ្នាំ២០២៦ គ្រោងនឹងបោះបង្គោលព្រំប្រទល់ ១ ០០០បង្គោលបន្ថែមទៀត ដើម្បីជំរុញការចុះបញ្ជីដីរដ្ឋក្នុងតំបន់ការពារធម្មជាតិ
13-01-2026 09:54
(តំបន់ការពារធម្មជាតិ)៖ នៅឆ្នាំ២០២៥ អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន បានពង្រឹងការគ្រប់គ្រងគម្របបៃតងនៅតាមតំបន់ការពារធម្មជាតិ ដោយធ្វើការបោះបង្គោលកំណត់ព្រំប្រទល់បានចំនួន ១ ០០០បង្គោល។ ហើយនៅក្នុងឆ្នាំ២០២៦ អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិគ្រោងនឹងបោះបង្គោលព្រំប្រទល់សរុបចំនួន ១០០០បង្គោលបន្ថែមទៀត ក្នុងគោលបំណងជំរុញការចុះបញ្ជីដីរដ្ឋនៅក្នុងតំបន់ការពារធម្មជាតិ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថានមានផែនការបោះបង្គោលព្រំប្រទល់សរុបចំនួន ១៥ ៧៥៩បង្គោល ដើម្បីជំរុញការចុះបញ្ជីដីរដ្ឋ និងធានាការគ្រប់គ្រងតំបន់ការពារធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាព។ បច្ចុប្បន្នក្រសួងបរិស្ថាន បានបោះបង្គោលសរុបចំនួន ៣ ៦០០បង្គោល ដែលនៅសល់ចំនួនបង្គោលសរុបចំនួន ១២ ១១៩បង្គោលទៀត ដែលត្រូវបោះក្នុងឆ្នាំបន្តបន្ទាប់។
ទាក់ទងនឹងការកំណត់និងបែងចែកតំបន់គ្រប់គ្រង បច្ចុប្បន្នតំបន់ការពារធម្មជាតិនៅកម្ពុជា មានចំនួន ៧៣តំបន់ គ្របដណ្តប់លើផ្ទៃដីទំហំជាង ៧ លានហិកតា ស្នើនឹង ៤១% នៃផ្ទៃដីសរុបរបស់ប្រទេស។ តំបន់ការពារធម្មជាតិ ត្រូវបានបែងចែកជាប្រភេទរួមមាន៖ឧទ្យានជាតិមានចំនួន០៩ តំបន់ឧទ្យានជាតិសមុទ្រមានចំនួន០២តំបន់ ដែនជម្រកសត្វព្រៃមានចំនួន ១៨តំបន់ តំបន់ការពារទេសភាពមានចំនួន ១៤តំបន់ តំបន់ប្រើប្រាស់ច្រើយ៉ាងមានចំនួន ១១តំបន់ តំបន់រាមសារមានចំនួន០៥តំបន់ និងតំបន់បេតិកភណ្ឌធម្មជាតិ មានចំនួន១៤ តំបន់។
យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានដាក់ចេញសសរស្តម្ភទី២គឺ «ភាពបៃតង» ដែលសំដៅលើការបង្កើនគម្របព្រៃឈើជាតិ និងឆ្ពោះទៅអព្យាក្រឹត្យភាពកាបូនរបស់កម្ពុជានៅឆ្នាំ២០៥០។ តាមរយៈ «ភាពបៃតង» នេះ ក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការ ពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ពង្រីកគម្របព្រៃឈើជាតិ និងការអភិវឌ្ឍជីវភាពសហគមន៍មូលដ្ឋាន ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់នូវក្រមបរិស្ថាន និងធនធានធម្មជាតិ និងបទប្បញ្ញត្តិនានាជាធរមាន មិនមានការលើកលែងចំពោះបទល្មើសធនធានធម្មជាតិឡើយ៕







