FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដាក់ចេញផែនការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយធ្វើការការកំណត់ទីតាំងច្បាស់លាស់

12-01-2026 22:05

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដាក់ចេញជាផែនការជាទ្រង់ទ្រាយធំមួយ ក្នុងការបង្ក្រាបការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដោយកំណត់លើទីតាំងច្បាស់លាស់ ហើយផ្តើមការត្រួតពិនិត្យទីតាំងនោះ និងនៅតាមទីតាំងរស់នៅប្រមូលផ្តុំ ដែលមានការសង្ស័យទាំងតូចនិងធំ ដើម្បីឈានទៅដល់ការបង្ក្រាបជាក់ស្តែង បើមានបទល្មើស ONLINE SCAMS។

ការដាក់ចេញជាផែនការខាងលើនេះ របស់លោក ឃួង ស្រេង បានធ្វើឡើង នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ ក្នុងកិច្ចប្រជុំជាមួយកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ និងអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួន នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) វាជារឿងសំខាន់ ដែលរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ ហើយការងារនេះ កងកម្លាំងសមត្ថកិច្ចរបស់យើងរួមសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានបំពេញការងាររបស់ខ្លួនបានល្អប្រសើរ ហើយកន្លងមករហូតបង្ក្រាបបានជាបន្តបន្ទាប់ទាំង ONLINE SCAMS និងការចាប់ជំរិតជាដើម។

លោកអភិបាលរាជធានី បានបន្តទៀតថា ជាផែនការចំពោះមុខ ការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) យើងអនុវត្តជាលក្ខណៈទ្រង់ទ្រាយធំមួយ ជាមួយនិងការកំណត់ទីតាំងច្បាស់លាស់ ពីមួយខណ្ឌទៅមួយខណ្ឌ ពិសេសនៅតំបន់ដែលមានអ្នករស់នៅច្រើន ហើយដែលយើងមានការសង្ស័យ។ គ្រប់ខុនដូ និងតាមទីតាំងរស់នៅប្រមូលផ្តុំទាំងអស់ ត្រូវតែមានការត្រួតពិនិត្យ។

លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា ក្រៅពីបង្ក្រាប ONLINE SCAMS ហើយ ល្បែងស៊ីសងគ្រប់ប្រភេទ ដូចជាជល់មាន់ បៀរ អាប៉ោង កន្ទុយលេខ ឆ្នោតឡូតូ ជាដើម គឺត្រូវតែបង្ក្រាប់ឱ្យអស់ ព្រោះវាប៉ះពាល់ផ្ទាល់នឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ចំពោះការងារការពារសន្តិសុខសុវត្ថិភាពនិងសណ្ដាប់សាធារណៈ ក៏ត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌទាំង១៤ផងដែរ៕