FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងដាក់ចេញទិសដៅយុទ្ធសាស្ត្រឆ្នាំ២០២៦ ដើម្បីពង្រឹងប្រសិទ្ធភាពសេវាសាធារណៈ

12-01-2026 21:45

(ត្បូងឃ្មុំ)៖ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ លោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត ដែលធ្វើឡើងនៅសាលប្រជុំធំ សាលាខេត្ត ។

ក្នុងនោះមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត លោក ជា វណ្ណៈ ប្រធានសាលាដំបូងខេត្តថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ ក្រុមប្រឹក្សា-គណៈអភិបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធ។

ថ្លែងក្នុងឱកាសនោះ លោក ប៉ែន កុសល្យ អភិបាលខេត្ត លើកឡើងថា សន្និបាតនេះធ្វើឡើង ក្នុងគោលបំណងសំខាន់ គឺដើម្បីធ្វើការឆ្លុះបញ្ចាំង និងបង្ហាញពីលទ្ធផល សមិទ្ធផល ដែលរដ្ឋបាលខេត្ត សម្រេចបានកន្លងមក និងរំលេចឱ្យឃើញនូវបញ្ហាប្រឈមនានា ចំពោះការអនុវត្តតួនាទីភារកិច្ចរបស់មន្ទីរអង្គភាព និងស្ថាប័នពាក់ព័ន្ធ ក្នុងការផ្តល់សេវាសាធារណៈ ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោកបានសង្កត់ធ្ងន់ថា មន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវបន្តធ្វើការងារក្នុងស្មារតីបុរេសកម្ម ដើម្បីសម្រេចឱ្យបាននូវ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សំដៅអភិវឌ្ឍខេត្តត្បូងឃ្មុំឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព និងបរិយាបន្ន។

ជាចុងក្រោយ លោក ប៉ែន កុសល្យ បានផ្តល់អនុសាសន៍ឱ្យអង្គសន្និបាតទាំងមូល ចូលរួមផ្តល់យោបល់ឱ្យបានផុសផុល ដើម្បីជាធាតុចូលសម្រាប់ពង្រឹងការអនុវត្តការងារឆ្នាំ២០២៦ ឱ្យកាន់តែមានតម្លាភាព និងគណនេយ្យភាព។

សូមជម្រាបថា អង្គសន្និបាតបានធ្វើកិច្ចពិភាក្សា លើប្រធានបទចំនួន៥ ដោយផ្អែកលើទិដ្ឋភាពច្បាប់ យន្តការ និងគោលការណ៍ក្របខ័ណ្ឌគតិយុត្តិ ដោយផ្សារភ្ជាប់ជាមួយនឹងការអនុវត្ត នៅតាមមន្ទីរអង្គភាព និងស្ថាប័នពាក់ព័ន្ធ ទទួលបានធាតុចូលសម្រាប់បំពេញបន្ថែម លើកខ្លឹមសាររបាយការណ៍ និងទិសដៅ រួមទាំងបញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងគោលការណ៍សំខាន់ៗ និងមានការធ្វើបទបង្ហាញ នឹងបានដាក់ជូន អង្គសន្និបាតសម្រាប់អនុវត្តបន្តនៅក្នុងឆ្នាំ២០២៦នេះ ៕