FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វិភាគអន្តរជាតិ៖ តើអន្តរាគមន៍របស់សហរដ្ឋអាមេរិក នៅអ៉ីរ៉ង់អាចនឹងមានទម្រង់ដូចម្ដេច?

12-01-2026 20:43

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី១១ ខែមករា បាននិយាយថារូបលោកកំពុងពិចារណាលើជម្រើសយោធាប្រឆាំងនឹងអ៉ីរ៉ង់ បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីការបង្រ្កាប យ៉ាងបង្ហូរឈាមលើក្រុមបាតុករប្រឆាំងរដ្ឋាភិបាលពីសំណាក់កងកម្លាំងសន្តិសុខអ៉ីរ៉ង់។ នៅមុនការអត្ថាធិប្បាយរបស់លោក ត្រាំ កាសែតអាមេរិក The Wall Street Journal ​ឱ្យដឹងថាជំហានបន្ទាប់របស់អាមេរិក អាចក្នុងនោះរួមមានការជំរុញសកម្មភាពប្រឆាំងរដ្ឋាភិបាលនៅលើប្រព័ន្ធអ៉ីនធើណិត វាយប្រហារព័ត៌មានវិទ្យាប្រឆាំងនឹងទីតាំងយោធា និងទីតាំងស៊ីវិល ក៏ដូចជាដាក់ទណ្ឌកម្មបន្ថែមលើរបបដឹកនាំតេហេរ៉ង់ ព្រមទាំង ការវាយប្រហារយោធាតាមផ្លូវអាកាសជាដើម។ ក្រុមមន្ត្រីជំនិតរបស់លោក ត្រាំ គ្រោងនឹងធ្វើបទបង្ហាញខ្លីៗជូនរូបលោកនៅថ្ងៃអង្គារសប្ដាហ៍នេះអំពីជម្រើសនៃការធ្វើអន្តរាគមន៍។

កាសែតអាមេរិក Politico បានឱ្យដឹងដែរថាជម្រើសដែលអាចនឹងត្រូវបានធ្វើបទបង្ហាញទៅកាន់លោក ត្រាំ មានចាប់ពីការវាយប្រហារលើគោលដៅក្នុងប្រទេសអ៉ីរ៉ង់ រហូតដល់ការវាយប្រហារព័ត៌មានវិទ្យា។ «ប្រសិនបើ សម្រេចចិត្តថាខ្លួនចាំបាច់ត្រូវតែធ្វើសកម្មភាព...នោះសហរដ្ឋអាមេរិកមានជម្រើសជាច្រើនរួមមានការវាយប្រហារព័ត៌មានវិទ្យា ការបំផ្លិចបំផ្លាញ ការវាយប្រហារដោយដ្រូន និងមីស៊ីលចេញពីអាកាស និងសមុទ្រ»។ នេះជាការលើកឡើងរបស់លោក Matt Gertken ជាប្រធានក្រុមអ្នកយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយមកពីស្ថាប័ន BCA Research។ លោក Gertken បន្តថាសហរដ្ឋអាមេរិកក៏អាចវាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរ ឬយោធា ឬក៏អគាររដ្ឋាភិបាលដើម្បីកាត់បន្ថយសមត្ថភាពរបស់របបដឹកនាំអ៉ីរ៉ង់ និងកំញើញកុំឱ្យអ៉ីរ៉ង់ពីការធ្វើសកម្មភាពគឃ្លើន។

ភាពចលាចល បាតុកម្ម និងអំពើហិង្សាបានផ្ទុះឡើងកាលពីចុងខែធ្នូ ឆ្នាំ២០២៥ ដោយសារតែប្រជាជនអ៉ីរ៉ង់ខឹងសម្បារនឹងការឡើងថ្លៃទំនិញ និងការធ្លាក់ចុះថោកនៃរូបិយបណ្ណជាតិ។ តែឥលូវ បាតុកម្មបានប្រែក្លាយទៅជា ការប្រឆាំងរដ្ឋាភិបាល និងទាមទារឱ្យមានការផ្លាស់ប្ដូររបបដឹកនាំ។ បើតាមក្រុមអង្គការសិទ្ធិមនុស្សនៅអ៉ីរ៉ង់ ចំនួនអ្នកស្លាប់នៅក្នុងការបង្ក្រាបបាតុកម្មទូទាំងអ៉ីរ៉ង់ បានកើនឡើងយ៉ាងហោចណាស់ ៥៣៨នាក់ រីឯមនុស្សជាង ១០៦០០នាក់ត្រូវបានចាប់ឃុំខ្លួន គិតត្រឹមកាលពីថ្ងៃអាទិត្យ ទី១១ ខែមករា។ អ៉ីរ៉ងបានព្រមានសហរដ្ឋអាមេរិក និងអ៉ីស្រាអែលប្រឆាំងនឹងការធ្វើអន្តរាគមន៍ណាមួយ ខណៈប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃអាទិត្យ បានចោទប្រកាន់ត្រង់ៗថាប្រទេសទាំង២នេះជាអ្នកនៅពីក្រោយការដុតបញ្ឆេះបាតុកម្មនៅអ៉ីរ៉ង់។

តាមលោក Gertken អ៉ីរ៉ង់នៅតែមានសមត្ថភាពអាចសងសឹកសហរដ្ឋអាមេរិក ជាពិសេសតាមរយៈការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងតំបន់។ ដូច្នេះលោកយល់ថារដ្ឋបាល លោក ត្រាំមិនគួរប្រញាប់ប្រញាល់ ផ្ដួលរំលំ ឬបំផ្លាញរបបដឹកនាំតេហេរ៉ង់នោះទេ ពោលគឺអាចរង់ចាំមើលរបបនេះធ្លាក់ចុះដុនដាបខ្លាំងរហូតដល់ពេលមួយដែលសហរដ្ឋអាមេរិកសម្លឹងឃើញថាឱកាសល្អបានមកដល់ដើម្បីធ្វើអន្តរាគមន៍ប្ដូររបបដឹកនាំនៅអ៉ីរ៉ង់។ តាម Politico លោក ត្រាំ ក៏កំពុងពិចារណាដែរលើការវាយប្រហារព័ត៌មានវិទ្យា និងធ្វើប្រតិបត្តិការសម្ងាត់។ តែលោកមិនត្រូវបានគេរំពឹងថានឹងបញ្ជូនកងទ័ពអាមេរិកទៅកាន់អ៉ីរ៉ង់នោះទេ ហើយមកទល់នឹងពេលនេះក៏មិនទាន់មាន សកម្មភាពខុសប្រក្រតីណាមួយរបស់យោធាអាមេរិកនៅឡើយដែរ។ នៅត្រង់ចំណុចនេះ ជាបញ្ហាមួយសម្រាប់លោក ត្រាំ នោះគឺសហរដ្ឋអាមេរិកមិនមានកងនាវាចម្បាំងដឹកនាំដោយនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិកឈរជើង នៅក្នុងតំបន់ឈូងសមុទ្រពែក្សដូចកាលពីខែមិថុនាទេ។ នេះមានន័យថាការធ្វើប្រតិបត្តិការយោធាណាមួយនឹងត្រូវពឹងផ្អែកលើមូលដ្ឋានទ័ពអាមេរិកនៅអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងកាតា។ ប៉ុន្តែ ប្រទេសទាំងនេះ ធ្លាប់បាន ប្រាប់លោក ត្រាំ រួចហើយថាពួកគេមិនចង់ចូលរួមក្នុងការវាយប្រហារលើអ៉ីរ៉ង់ឡើយ។ ពីព្រោះពួកគេដឹងយ៉ាងច្បាស់ថាហេដ្ឋារចនាសម្ព័ន្ធប្រេង ទីក្រុង និងសេដ្ឋកិច្ចរបស់ពួកគេអាចនឹងរងការបំផ្លិចបំផ្លាញ ក្នុងករណីសង្រ្គាមផ្ទុះឡើង។ ពួកគេធ្លាប់បានឃើញរួចហើយពីការវាយប្រហារដោយមីស៊ីលរបស់អ៉ីរ៉ង់លើមូលដ្ឋានទ័ព Al Udeid Air ក្នុងប្រទេសកាតាកាលពីខែមិថុនា ឆ្នាំ២០២៥។

លោក Danny Citrinowicz ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ម្នាក់មកពីវិទ្យាស្ថានសម្រាប់ការសិក្សាពីសន្តិសុខជាតិ (Institute for National Security Studies) បាននិយាយថា ការវាយប្រហារយោធាណាមួយរបស់ សហរដ្ឋអាមេរិកអាចនឹងងាយបង្កទៅជាជម្លោះ ហើយបញ្ហានៅត្រង់ថាតើអាមេរិកត្រូវវាយប្រហារទ្រង់ទ្រាយធំ ឬគ្រាន់តែជានិមិត្ត។ តាមអ្នកជំនាញរូបនេះ ការវាយប្រហារខ្លាំងក្លាអាចនឹងបំផ្លាញសមត្ថភាពបង្ក្រាបបាតុកររបស់ របបដឹកនាំអ៉ីរ៉ង់ តែក្នុងពេលជាមួយគ្នា វាអាចជំរុញឱ្យមានសាមគ្គីភាពគ្នានៅក្នុងរបបដឹកនាំតេហេរ៉ង់។ ម្យ៉ាងវិញទៀត ដោយសារតែគ្មានភាពជាមេដឹកនាំរបស់គណបក្សប្រឆាំង ការវាយប្រហារយោធាអាចនឹងសម្រេចបាននូវ ជោគជ័យខាងប្រតិបត្តិការ មិនមែនជាជ័យជម្នះខាងយុទ្ធសាស្ត្រនោះទេ។

ស្រដៀងគ្នានេះដែរ លោក Raz Zimmt ជានាយកកម្មវិធីអ៉ីរ៉ង់នៃវិទ្យាស្ថានសម្រាប់ការសិក្សាសន្តិសុខជាតិ បានចោទសួរជាសំណួរថាតើការធ្វើអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិក ក្នុងកាលៈទេសនេះអាចនឹងជួយពង្រឹង ចលនាបាតុកម្មប្រឆាំងរបបដឹកនាំអ៉ីរ៉ង់ ឬយ៉ាងណា? តាមអ្នកវិភាគរូបនេះ នៅម្ខាង ការវាយប្រហារយោធាលើគោលដៅជាក់លាក់ដូចជាមូលដ្ឋានរបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ឬកងកម្លាំងសនិ្តសុខ អាចនឹងជំរុញលើកទឹកចិត្ត ដល់ក្រុមបាតុករ។ តែនៅម្ខាងទៀត ការធ្វើអន្តរាគមន៍យោធារបៀបនេះរបស់សហរដ្ឋអាមេរិកអាចហុចផលប្រញ្ចាសពីនេះទៅវិញ។ លោក Zimmt យល់ថាការអន្តរាគមន៍យោធាណាមួយរបស់សហរដ្ឋអាមេរិកអាចនឹងកំញើញ ដល់ក្រុមបាតុករមួយចំនួនដែលកំពុងធ្វើការតវ៉ាតាមដងផ្លូវ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធនៃរបបដឹកនាំអ៉ីរ៉ង់មានទីតាំងនៅក្នុងតំបន់ទីប្រជុំជន។ លើសពីនេះទៅទៀត ការធ្វើអន្តរាគមន៍យោធារបស់បរទេសត្រូវបានបដិសេធ ដោយប្រជាជនអ៉ីរ៉ង់មួយផ្នែកធំ ហើយអាចនឹងបង្អាក់ដល់ការចូលរួមពីប្រជាជនអ៉ីរ៉ង់មួយចំនួនទៀតដែលប្រឆាំងនឹងការធ្វើអន្តរាគមន៍របស់បរទេសក្នុងបាតុកម្មតវ៉ា។

សម្រាប់លោក Zimmt វាជាការល្អប្រសើរ ប្រសិនបើលោក ត្រាំ រង់ចាំមើលសិនថាតើចរន្តបាតុកម្មនៅពេលនេះនឹងវិវត្តន៍ទៅមុខទៀតយ៉ាងដូចម្ដេច មុននឹងសម្រេចចិត្តធ្វើអន្តរាគមន៍។ តែទោះជាបែបនេះក្ដី ប្រសិនបើ ការបង្រ្កាបដោយបង្ហូរឈាមកាន់តែរីកធំ នោះលោកប្រហែលជាអាចនឹងត្រូវបានបង្ខំឱ្យធ្វើសកម្មភាពតាមការសម្លុតគំរាមរបស់លោកដើម្បីការពារអនុភាព និងភាពគួរឱ្យទុកចិត្តបានរបស់សហរដ្ឋអាមេរិក៕